ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជំរុញសមាជិកសភាឲ្យព្រមព្រៀងគ្នាលើកញ្ចប់ជំនួយថ្មីមួយ សម្រាប់វិបត្តិជំងឺកូវីដ១៩។ លោក Biden បានថ្លែងកាលពីថ្ងៃច័ន្ទយ៉ាងដូច្នេះថា៖ «ពេលវេលាមានសារៈសំខាន់ខ្លំាងណាស់»។
លោក Biden បានស្នើកញ្ចប់ថវិកាចំនួន ១,៩ លានលានដុល្លារ ដែលក្នុងនោះរួមមានទាំងថវិកាសម្រាប់បង្កើនល្បឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការជួយឲ្យសាលារៀនបើកដំណើរការឡើងវិញ ជំនួយថវិកាសម្រាប់រដ្ឋបាលថ្នាក់រដ្ឋនិងថ្នាក់មូលដ្ឋាន និងថវិកាចំនួន ១.៤០០ ដុល្លារសម្រាប់ពលរដ្ឋអាមេរិកាំងម្នាក់ៗផងដែរ។
សមាជិកគណបក្សសាធារណរដ្ឋហាក់មានការស្ទាក់ស្ទើរក្នុងការឯកភាពតាមទំហំនៃកញ្ចប់ថវិកានេះ និងល្បឿននៃការចរចាលើសំណើកញ្ចប់ថវិកានេះ។
លោក Mitch McConnell មេដឹកនាំគណបក្សសំឡេងភាគតិចនៃព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បានថ្លែងកាលពីថ្ងៃច័ន្ទថា៖ «ចំណាត់ការបន្ដណាមួយគួរតែមានលក្ខណៈឆ្លាតវៃ និងចំគោលដៅ មិនមែនគ្រាន់តែជាប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនច្បាស់លាស់ ដែលអាចទៅដល់ដៃរបស់អ្នកដែលមិនត្រូវការនោះទេ»។
លោកប្រធានាធិបតី Biden បានថ្លែងប្រាប់អ្នកកាសែតថា លោកមានការស្ទាក់ស្ទើរក្នុងការ«ជ្រើសរើសដកមួយ ឬពីរចំណុចចេញ»។
លោកមើលឃើញថា ផែនការទាំងមូលមានសារៈសំខាន់ណាស់នៅក្នុងការឆ្លើយតបទៅនឹងបញ្ហាជាច្រើន ដែលបង្កឡើងដោយជំងឺកូវីដ១៩ ដែលកន្លងមកបានឆក់យកជីវិតពលរដ្ឋអស់ជាង ៤ សែន ២ ម៉ឺននាក់នៅក្នុងសហរដ្ឋអាមេរិក៕