ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ Blinken ថា អាមេរិក​​នឹង​គាំទ្រ​ប្រទេស​​អាស៊ីអាគ្នេយ៍​ទប់ទល់​នឹង​​​គំនាប​របស់​ចិន


រដ្ឋមន្ត្រី​ការបរទេស​​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែងនៅក្នុងពិធីស្វាគមន៍រូបលោក នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែងនៅក្នុងពិធីស្វាគមន៍រូបលោក នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេសថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាល​ពី​ថ្ងៃ​ពុធ និយាយ​ថា​អាមេរិក​ច្រាន​ចោល​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហួស​ពី​អ្វី​ដែល​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ហើយ​និង​រួបរួម​ជាមួយ​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​តតាំង​នឹងការ​ដាក់​សម្ពាធ​របស់​ចិន​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Blinken បាន​កត់​សម្គាល់​ដូច្នេះ​នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​លោក Teodoro Locsin រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន។​

លោក​ Blinken ក៏​បាន​សង្កត់​ធ្ងន់ពី​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង​ការពារ​គ្នា​យូរអង្វែង​រវាង​សម្ព័ន្ធមិត្តទាំង​ពីរ​ ហើយ​និង​ការ​អនុវត្ត​ច្បាស់លាស់នូវ​កិច្ច​ព្រមព្រៀង​នេះ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ត្រូវ​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការ​បរទេស​អាមេរិក បាន​បញ្ជាក់​ថា៖ «លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​សន្យា​សាមគ្គី​ជាមួយ​ប្រទេស​ទាមទារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន»។

ការ​ធានា​អះអាង​របស់​លោក Blinken កើត​មាន​ឡើង​ បន្ទាប់​ពី​លោក Locsin បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ហ្វីលីពីន​បានធ្វើ​ការ​តវ៉ា​ខាង​ការទូត​អំពី​ការ​អនុម័ត​ច្បាប់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដែល​អនុញ្ញាត​ឲ្យ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ខ្លួន​ បាញ់​ប្រហារ​កប៉ាល់​បរទេស​ ដោយហ្វីលីពីន​ពណ៌នាវិធានការ​នេះ​ថា «ជា​ការគំរាម​កំហែង​ធ្វើ​សង្គ្រាម»។

សហរដ្ឋ​អាមេរិកកន្លង​មក​បាន​ចោទប្រកាន់​ចិន​ពី​ការឆ្លៀត​ប្រយោជន៍​ពី​ការរំខាន​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ដើម្បីពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង​ ហើយសហរដ្ឋ​អាមេរិក​បាន​បញ្ជូន​កង​នាវា​ផ្ទុក​យន្តហោះ​កាត់​តាម​ផ្លូវ​ទឹក​ ដើម្បីលើក​តម្កើង​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា «សេរីភាព​នៃ​នាវាចរណ៍​សមុទ្រ»៕

XS
SM
MD
LG