ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​ព្រះវិហារ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពលរដ្ឋ​​២៩​នាក់ ពី​បទ​ឈូសឆាយ​ដី​ព្រៃ


រូបឯកសារ៖ ប្រជា​ពលរដ្ឋនិង​សមត្ថកិច្ច ប៉ះទង្គិច​ហិង្សា​ដាក់គ្នា​ត្រង់​ចំណុច​ដី​រដ្ឋ​ដែល​បាន​ឈូសឆាយ នៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (រូបភាព​ផ្តល់​ឲ្យ​ដោយ ទ្រី សុផល)
រូបឯកសារ៖ ប្រជា​ពលរដ្ឋនិង​សមត្ថកិច្ច ប៉ះទង្គិច​ហិង្សា​ដាក់គ្នា​ត្រង់​ចំណុច​ដី​រដ្ឋ​ដែល​បាន​ឈូសឆាយ នៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (រូបភាព​ផ្តល់​ឲ្យ​ដោយ ទ្រី សុផល)

ប្រជា​ពលរដ្ឋ​២៩​នាក់​ដែល​បាន​ប៉ះ​ទង្គិច​ហិង្សា​ជាមួយអាជ្ញាធរក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ​កាល​ពី​សប្តាហ៍​មុន ត្រូវ​បានតុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ប្រកាន់​«កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុម​ព័ទ្ធ​កាន់​កាប់​ដី​ព្រៃ»តាម​មាត្រា​៩៧​នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ។ នេះ​បើ​តាម​អ្នកនាំពាក្យ​តុលាការ​ខេត្ត​ព្រះវិហារ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ករណី​នេះ។

លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញា​រង និង​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ពលរដ្ឋ​ចំនួន​២៩​នាក់​ ក្នុង​ចំណោម​៣៦​នាក់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ជុំវិញ​វិវាទ​ដីធ្លី​ក្នុង​ស្រុក​គូលែន ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​«កាប់​រាន់​ព្រៃ ​ឈូស​ឆាយ​ដីព្រៃ ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ» ​កាល​ពី​ថ្ងៃ​ទី៨ ខែ​មីនា។ លោក​បន្ត​ថា​ ករណី​នេះ ​ចៅ​ក្រម​ស៊ើប​បាន​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង​នោះ​ក្នុង​ពន្ធនាគារ។

​លោក​ប្រាប់​វីអូអេ​ថា៖ ​«[ពលរដ្ឋ​ចំនួន​២៩​នាក់ ត្រូវ​បាន]​ ចោទ​ពី​បទ ​កាប់រាន់​ព្រៃ ​ឈូស​ឆាយ​ដីព្រៃ​ ​ហ៊ុម​ព័ទ្ធ​កាន់​កាប់​ដី​ព្រៃ តាម​បញ្ញត្តិ​មាត្រា​៩៧ ​កថា​ខណ្ឌ១ ចំណុច​៦ ​នៃ​ច្បាប់​ព្រៃឈើ»។

ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​អាច​ចន្លោះ​ពី​៥​ទៅ​១០​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា កង​កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់ ​បាន​ចុះ​មក​ឡោមព័ទ្ធ​ផ្ទះ​របស់​ប្រជាពលរដ្ឋ និងស្រែក​ប្រាប់​ពលរដ្ឋ​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ ក្នុង​ប្រតិបត្តិការ​នោះ ​អាជ្ញាធរបានប្រើប្រាស់គ្រាប់​បែក​ផ្សែង​និង​បាញ់​រះ​គ្រាប់​កាំភ្លើង និង​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន​៣៦​នាក់​ដែល​ចេញ​មុខ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នោះ។

លោក ណុប វុធ្ធី​ អភិបាល​រង​ខេត្ត​ព្រះវិហារ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់​ ដែល​រដ្ឋ​បាន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​សីលាដាម៉ិច ខូ អិលធីឌី (Seladamex Co., Ltd)។

លោក​បន្ត​ថា​ សមត្ថកិច្ច​ចម្រុះ​បាន​ប្រើ​គ្រាប់បែក​ផ្សែង និង​គ្រាប់​កាំភ្លើង​ចំនួន​២​គ្រាប់ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ដើម្បី​ទប់ទល់​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ​នា​ពេល​នោះ។

លោក​ ណុប​ វុធ្ធី អភិបាល​រង​ខេត្ត​ព្រះវិហារ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​នា​ថ្ងៃ​អង្គារ​នេះ ដោយ​លោក​ប្រាប់​វីអូអេ​ថា ​ករណី​នេះ​ផុត​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​សីលាដាម៉ិច ខូ អិលធីឌី​បាន​នៅ​ឡើយ​ទេ។

ជុំវិញ​ករណី​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ ស្រាវជ្រាវ ​និងដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី ​ជា​ជាង​ប្រើប្រាស់​តុលាការ។

លោក ប៉ឹក សោភ័ណ ​នាយកប្រតិបត្តិ​នៃ​អង្គការ​ពន្លកខ្មែរ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ពលរដ្ឋ​ជិត​៣០​នាក់​ក្នុង​ចំណោម​៣៦​នាក់ ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ​ចំណែកពលរដ្ឋ​ផ្សេង​ទៀត ​ត្រូវ​បាន​ដោះលែង​វិញ​ ក្រោយ​អាជ្ញាធរ​សួរ​ចម្លើយ។

លោក​កត់​សម្គាល់​ថា​ កន្លងមក ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី ​តែង​តែ​ឃើញ​មាន​ការ​រូបភាព​ហិង្សា ​ដែលសកម្មភាព​បែប​នេះ ធ្វើ​ឱ្យ​មាន​ការរិះគន់ពីសំណាក់​មហាជន និង​អន្តរជាតិ។ ដូច្នេះ​លោក​ថា​ វិវាទ​ដីធ្លី​គួរតែ​ដោះស្រាយ​ដោយ​អហិង្សា​ ឬ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ជាជាង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ គួរ​តែ​លោក​ប្រកាន់​យក​ដំណោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លី​ដោយ​អហិង្សា​ ឬ​ដោយ​ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ វា​ប្រសើរ​ជា​ជាង​ចាប់​ទោស​អូស​ដំណើរ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន​ឯង ហើយ​ប្តឹង​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង ​ទៅ​ដោយ​អាជ្ញាធរ ទៅ​ដោយ​មន្ត្រី​ទៅ​ទៀត ​អា​នោះ​មាន​ន័យ​ថា​ ហាក់​ដូចជា​ឪពុក​ម្តាយ​កំពុង​តែ​ផ្តន្ទា​ទោស​ដល់​កូន​ចៅ​ខ្លួន​ឯង​ទៅ​វិញ​ទេ»។

លោក​បន្ថែម​ថា​ ដំណើរ​រឿង​ឈាន​ដល់​ការ​ប្រើប្រាស់​ហិង្សា​និង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នេះ​ ក៏​ត្រូវ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ច្បាស់​ផង​ដែរ ​ថា​តើ​វា​ជា​កំហុស​របស់​ប្រជាពលរដ្ឋ ឬ​ពាក់ព័ន្ធអាជ្ញាធរ​មូលដ្ឋាន។

លោក​ក៏​ស្នើ​ទៅ​អាជ្ញាធរ​ក្នុង​ខេត្ត​ព្រះវិហារ​បញ្ឈប់​សកម្មភាព​តាម​ចាប់​ពលរដ្ឋ​ផ្សេង​ទៀត​ ដែល​កំពុង​ភិត​ភ័យ និង​រត់​ភៀស​ខ្លួន ​ដើម្បី​កុំ​ឱ្យ​ឃើញរូបភាព​អាក្រក់​បន្ថែម​ទៀត។

លោក​បន្ត​ថា៖ ​«មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត ​គាត់​ភ័យ​ខ្លាច បន្ទាប់​ពី​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​របស់​សមត្ថកិច្ច​ អាជ្ញាធរ​ ខ្លះ​រត់​ចោល​ផ្ទះ​សម្បែង ចោល​ប្រពន្ធ​ ចោល​កូន ចោល​ប្តី​អី​អ៊ីចឹងទៅ ហើយ​រហូត​មក​ដល់​ពេល​នេះ គាត់​ក៏​មិន​ទាន់​បាន​ជួបជុំ​ក្រុម​គ្រួសារ​គាត់​នៅ​ឡើយ​ទេ ដោយ​សារ​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​បន្ត​ចាប់​ខ្លួន​ពួក​គាត់​ ដើម្បី​យក​មក​សួរនាំ ហើយ​និង​ដាក់​ទោស​ពួក​គាត់»។

ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ទី​នោះ​ធ្លាប់​ប្រាប់​វីអូអេ​ថា​ ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ​ចោល ហើយ​ពួក​គេកំពុង​គេច​ខ្លួន ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ។ ពលរដ្ឋ​ទាំង​នោះ​ធ្លាប់​អះអាង​ទៀត​ថា​ ពួកគេ​បាន​រស់នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ​២០១២​មក ​ហើយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​ពាក់​ព័ន្ធនឹង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​សីលាដាម៉ិច​នេះ ក៏​កើត​ឡើង​អំឡុង​ឆ្នាំ​២០១២​មក​ម្ល៉េះ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​សម្រាប់​ពលរដ្ឋ​ឡើយ។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា​ ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​ប្រឈម​ខ្លាំង​ គឺ​អាជ្ញាធរ​ត្រូវ​តែ​រក​វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​ដោះ​ស្រាយ​ដោយ​សន្តិវិធី ដើម្បី​បញ្ចៀស​នូវ​អំពើ​ហិង្សា។

លោក​ប្រាប់​វីអូអេ​ថា៖ ​«ហើយ​យើង​ឃើញ​ហើយ​អាជ្ញាធរ​មូលដ្ឋាន​ គាត់​អនុវត្ត។ ប៉ុន្តែ​ដល់​ការ​រិះគន់​វា​ប៉ះពាល់​ដល់​រដ្ឋាភិបាល​។ ចំណុច​ហ្នឹង ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​គិត​គូរ​ឱ្យ​បាន​ច្បាស់​លាស់​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ ធ្វើ​ម៉េច​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ នូវ​អំពើ​ហិង្សា ឬការ​ផ្ទុះ​អាវុធ ដែល​កើត​ឡើង»។

បើ​តាម​លោក អំ សំអាត ​ក្នុង​ករណី​ដូច​ពលរដ្ឋ​លើក​ឡើង​ថា​ ពួកគេ​ភិត​ភ័យ និង​បាន​រស់​នៅ​ក្នុង​ព្រៃ​មែន​នោះ ​គឺ​អាជ្ញាធរ​ត្រូវ​អំពាវនាវ ​និង​រក​ដំណោះស្រាយ ​ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​បន្ត​ទៀត។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ ​ដែល​រួម​មាន​កង​រាជ​អាវុធហត្ថ​ ​និង​មន្ត្រី​នគរបាល​ជាច្រើន​នាក់ ​រួម​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួនបាន​ប្រមូល​ផ្តុំ​គ្នា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ​ដើម្បី​ការពារ​ដីធ្លី​ដែល​កំពុង​មាន​ជម្លោះ ដោយ​មាន​ការ​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត និង​ចាប់​ខ្លួន​ពលរដ្ឋ​មួយ​ចំនួន។

បើ​តាម​អង្គការ​លីកាដូ ក្រុមហ៊ុន​សីលាដាម៉ិ​ច​ ខូអិលធី​ឌី ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច ​កាលពី​ខែ​មីនា ឆ្នាំ​២០១១ នៅ​ក្នុង​ឃុំ​ស្រ​យង់ និង​ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ អង្គការ​លីកាដូ​បន្ថែម​ថា​ ការ​ទទួល​បាន​ដី​សម្បទាន​នេះ​ធ្វើ​ឱ្យ​កើត​មាន​នូវ​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​ទីនោះ។

ក្រុមហ៊ុន​សីលាដាម៉ិច ខូអ៊ិលធីឌី​ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៦.៣០០​ហិកតា​សម្រាប់​វិនិយោគ​ដំណាំ​កសិ-ឧស្សាហកម្ម ​ដំណាំ​កៅស៊ូ​ ដែល​ស្ថិត​ក្នុង​ឃុំ​ស្រយង់ ​អំឡុង​ឆ្នាំ​២០១១។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ស្រុក​គូលែន​ចុះថ្ងៃទី១ខែធ្នូ​ ឆ្នាំ​២០២៣។ ប៉ុន្តែ​ពលរដ្ឋ​ថា​ក្រុមហ៊ុន​មួយ​នេះ ​មិន​មាន​សកម្មភាព​អ្វី​តាំងពីអំឡុង២០១៧​មក​ម្ល៉េះ និង​ទើប​ឮ​ឈ្មោះ​សាជាថ្មី ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG