ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកសភា​ថៃ​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ថៃ​ជជែក​ជាមួយ​មេដឹកនាំ​កម្ពុជា​លើ​ការ​បើក​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ


រូបឯកសារ៖ ព្រះសង្ឃជាច្រើនព្រះអង្គនិមន្តទស្សនាប្រាសាទព្រះវិហារ ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីរដ្ឋាភិបាលថៃទទួលស្គាល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិថា តំបន់នៅក្បែរប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។
រូបឯកសារ៖ ព្រះសង្ឃជាច្រើនព្រះអង្គនិមន្តទស្សនាប្រាសាទព្រះវិហារ ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីរដ្ឋាភិបាលថៃទទួលស្គាល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិថា តំបន់នៅក្បែរប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។

ខណៈ​មេដឹកនាំ​កម្ពុជា​កំពុង​ត្រៀមបំពេញ​ទស្សន​កិច្ច​ទៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ ​សមាជិក​សភា​ថៃ​ម្នាក់​បាន​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ថៃ ​លោក ​សេដ្ឋា ​ថាវីស៊ីន​ (Srettha Thavisin) ​ជជែក​ជាមួយ​ភាគី​កម្ពុជា​អំពី​ការ​បើក​ច្រក​ចូល​ទស្សនា​ប្រាសាទ​ព្រះ​វិហារ​ ក្នុង​ខេត្ត​ព្រះវិហារ ​ដែល​កម្ពុជា​ និង​ថៃ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា ​កាល​ពី​ឆ្នាំ​ ២០០៨។ ​នេះ​បើ​តាម​កា​រចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​របស់​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ។​

ច្រក​ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​បិទ​កាល​ពី​ឆ្នាំ​ ២០០៨ ​ក្រោយ​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ភាគី​កម្ពុជា​និង​ថៃ​លើ​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ រហូត​ឡើង​ដល់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ)។​

បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ សមាជិក​សភា​បក្ស​ភឿ​ថៃ​មក​ពី​មណ្ឌល​ទី ៤ ​នៃ​ខេត្ត​ស៊ីសាកេត ​លោក​ ភូមីន លីធីរ៉ាប្រាសឺត​ (Phumin Leethiraprasert) ​នឹង​ជួប​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ នៅ​ថ្ងៃ​ពុធខាង​មុខ ​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​បញ្ហា​កម្ពុជា​ និង​ថៃ​ នៅ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ​ហ៊ុន ម៉ាណែត​ ដែល​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​ ៧ ខែ​កុម្ភៈ​ខាង​មុខ។​

​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ដែល​ស្រង់​សម្តី​សមាជិក​សភា​ថៃ​ម្នាក់​ សមាជិក​សភា​គណបក្ស​ភឿ​ថៃ​នឹង​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ស្នើ​សុំ​នាយក​រដ្ឋមន្រ្តី​ថៃឱ្យ​ជជែក​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​អំពី​លទ្ធភាព​នៃ​ការ​បើក​ផ្លូវ​ទេសចរណ៍​ឡើង​វិញ ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។​

សមាជិក​សភា​ថៃ​រូប​នោះ​ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា៖ ​«ការ​បើក​ឡើង​វិញ ​ឬ​អត់​នោះ​គឺ​អាស្រ័យ​លើ​ការ​ពិភាក្សា​រវាង​នាយក​រដ្ឋមន្ត្រី​ទាំ​ងពីរ។ ​ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ថា ការ​បើក​ទេសចរណ៍​ឡើង​វិញ​នៅ​ជិត​ប្រាសាទ​នឹង​បង្ហាញ​ពី​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រជាជាតិ​ទាំង​ពីរ ​ដូច្នេះ​ហើយ​ការ​បើក​ឡើង​វិញ​គឺ​ទំនង​ជា​នឹង​អាច​ទៅ​រួច»។​

អភិបាល​ខេត្ត​ព្រះវិហារ​ លោក ​គីម រិទ្ធី​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​ឱ្យ​ទាក់​ទង​ទៅ​អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះវិហារ​វិញ។​

អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះវិហារ​ លោក ​ណុប វុទ្ធី​ ប្រាប់​វីអូអេ​ថា ​ការ​សម្រេច​បើក​ច្រក​ព្រំដែន​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល។ ​ប៉ុន្តែ​លោក​ថា សព្វថ្ងៃ​នេះ​ក៏​មាន​ការ​ជំរុញ​ដើម្បី​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ដែល​នៅ​ជិត​ហ្នឹង​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«យើ​ង​កំពុង​តែ​ជំរុញ​ភាគី​ទាំង​ពីរ ​ដើម្បី​បើក​ច្រក​ហ្នឹង​ឱ្យ​ទៅ​ជា​ច្រក​អន្តរជាតិ ​ដើម្បី​បម្រើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ក៏ដូច​ជា​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​អ៊ីចឹង​ណា៎»។​

អ្នក​តាម​ដាន​នយោបាយ​អន្តរជាតិ ​លោក ​សេង វណ្ណលី​ យល់​ថា ទំនាក់​ទំនង​កម្ពុជា​និង​ថៃ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ ដោយ​សារ​តែ​គណ​បក្ស​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា។​ លោក​បន្ថែម​ថា ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​នាពេល​ខាង​មុខ​នេះ​នឹង​នាំ​មក​នូវ​ផល​វិជ្ជមាន​ច្រើន។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ជំនួប​ទ្វេភាគី​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ ​ខ្ញុំគិត​ថា បញ្ហាក្រៅ​តែ​អំពី​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិ​បត្តិការ​ផ្នែក​សេដ្ឋកិច្ច​ សង្គម ​នយោបាយ​ ក៏ដូច​ជា​ទំនាក់​ទំនង​រវាង​គណបក្ស​ប្រជាជន​ និង​គណបក្ស​ភឿថៃ​ ខ្ញុំ​គិ​ត​ថា បញ្ហា​ផ្សេង​ទៀត​ក៏​ជា​ប្រធាន​បទ​លើក​មក​ដោះ​ស្រាយ។ ​បញ្ហា​មួយ​ក្រៅ​តែ​អំពីការ​ចរចា​ការ​អភិវឌ្ឍ​តំបន់​ត្រួត​ស៊ីគ្នា​នៅ​ដែន​សមុទ្រ ​ដែល​កម្ពុជា​ និង​ថៃ​ជាប់​គ្នា​ហ្នឹង​ ខ្ញុំគិត​ថា បញ្ហា​ការ​បើក​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ ​ក៏​ជា​ប្រធាន​បទ​មួយ​សំខាន់​ដែរ»។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ បញ្ហា​ការ​បើក​ព្រំ​ដែន​នឹង​ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា​ពិចារណា​បើក​ឡើង​វិញ​ ដែល​លោក​ថា​ ការ​បើក​ឡើង​វិញ​ក៏​នឹង​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ផង​ដែរ។​

កម្ពុជា​គឺ​ជា​ប្រទេស​ទី​ ១​ ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ដែល​នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី​បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សន​កិច្ច ​ក្រោយ​លោក​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ កាល​ពី​ខែ​សីហា​ ឆ្នាំ​ ២០២៣។ ​នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​ ២០២៣ ​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ សេដ្ឋ​កិច្ច​ សន្តិសុខ​ និង​ទំនាក់​ទំនង​ប្រជាជន​ លើក​កម្ពស់​ការ​វិនិយោគ​ ពាណិជ្ជ​កម្ម​ ទេសចរណ៍​ ជាពិសេស​នោះ​ការ​បង្ក្រាប​បទ​ល្មើស​តាម​អនឡាញ​ ឬ​ហៅ​ថា​ Scam ​និង​បន្ត​ការ​បោស​សម្អាត​មីន​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​

ខណៈ​នឹង​មាន​ការ​ជជែក​គ្នា​រវាង​នាយក​រដ្ឋ​មន្ត្រី​ថៃ ​និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នាពេល​ខាង​មុខ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​មាន​ការ​ធានា​សុវត្ថិភាព​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ​ពី​សំណាក់​ភាគី​ថៃ ​ជា​ពិសេស​ធានា​សន្តិសុខ​របស់​ពលករ។​

​លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ថ្លែង​ប្រាប់​វីអូអេថា រដ្ឋាភិបាល​ថៃ​ក៏​ត្រូវ​គោរព​តាម​គោល​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន​ផង​ដែរ ​ខណៈ​សកម្មជន​នយោបាយ​មួយ​ចំនួន​កំពុង​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ ​គេច​ពី​ការ​ចាប់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖ ​«អ៊ីចឹង​ថៃ​ត្រូវ​តែ​ធានា ​និង​គោរព​តាម​គោល​ការណ៍​នៃ​ជន​ភៀស​ខ្លួន​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ ហើយ​ត្រូវ​ធានា​អំពី​សន្តិសុខ​ និង​សុវត្ថិ​ភាព​ចំពោះ​ជន​ភៀស​ខ្លួន​ទាំង​ឡាយ​ណា ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ»។​

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ប៉ែន​ បូណា ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ពាក់ព័ន្ធ​នឹង​សំណើ​របស់​សមាជិក​សភា​ថៃ​លើ​ការ​បើក​ច្រក​ចូល​ប្រាសាទ​ព្រះ​វិហារ​ឡើយ។​ ប៉ុន្តែ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​ច្បាស់​លាស់​ដើម្បី​ការពារ​ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ និង​ថា ​រដ្ឋាភិបាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​របស់​ពួក​គេ។​

លោក​ថ្លែង​ថា៖​ «ហើយ​សូម្បី​តែ​បង​ប្អូន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ប្រទេស​គេ​ក៏​ដោយ​ រាជ​រដ្ឋាភិបាល​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ការពារ ​ដូច​ជា​ជាក់​ស្តែង​នៅ​សហ​រដ្ឋ​អាមេរិក​នៅ​ពេល​ដែល​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ប្រព្រឹត្ត​ខុស​ច្បាប់​សហ​រដ្ឋ​អាមេរិក​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​គេ​ចាប់​ផ្តន្ទាទោស។​ អ៊ីចឹង​គេ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ ​ក៏​រាជ​រដ្ឋាភិបាល​យើង​ទទួល​យក»។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​កន្លង​ទៅ ​សកម្ម​ជន​នយោបាយ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ ​ដោយ​ព្រួយ​បារម្ភ​អំ​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញក្រោម​រូបភាព​ផ្សេងៗ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ផ្តន្ទាទោស​ និង​ដាក់​ពន្ធនាគារ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG