អាជ្ញាធរស្រុកឆែបនៃខេត្តព្រះវិហារបានហៅគណៈកម្មការសហគមន៍ព្រៃឈើសង្កែម្នាក់មកធ្វើកិច្ចសន្យាឱ្យឈប់ផ្តល់បទសម្ភាសន៍ឱ្យវិទ្យុអាស៊ីសេរី ដែលផ្សាយចេញពីសហរដ្ឋអាមេរិក។
កាលពីពេលថ្មីនេះ អ្នកការពារព្រៃឈើម្នាក់ ហៀម គឹមហុង បានប្រាប់វិទ្យុអាស៊ីសេរីនូវព័ត៌មានអំពីក្រុមហ៊ុនរ៉ែមួយដែលប្រតិបត្តិការនៅទីនោះ។ សកម្មជនព្រៃឈើរូបនោះបានទទូចសុំឱ្យរដ្ឋាភិបាលបាល ចុះត្រួតពិនិត្យដីសម្បទានក្រុមហ៊ុនរ៉ែមួយក្នុងភូមិសាស្ត្រនោះឱ្យបានច្បាស់ ព្រោះកុំឱ្យប៉ះពាល់ដីសហគមន៍ និងដំណាំពលរដ្ឋ។
នៅក្នុងកិច្ចសន្យាមួយច្បាប់ដែលវីអូអេទទួលបាន និងឃើញមានស្នាមមេដៃរបស់លោក ហៀម គឹមហុង និងហត្ថលេខារបស់លោក ឡាច ឡិះ មន្ត្រីរដ្ឋបាលស្រុកឆែប លោក ជុំ សុឡាង មេបុស្តិ៍ឃុំសង្កែ និងលោក លេវ សុផល មេឃុំសង្កែជាដើម លោក ហៀម គឹមហុង បានធ្វើកិច្ចសន្យាឈប់ផ្តល់បទសម្ភាសន៍ទៅកាន់វិទ្យុអាស៊ីសេរីបន្តទៀត និងបញ្ឈប់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ។
ក្នុងលិខិតកិច្ចសន្យាដែលសរសេរដោយដៃ ចុះថ្ងៃទី ២៧ ខែកុម្ភៈនោះ អាជ្ញាធរបានព្រមានចាត់វិធានការច្បាប់ ប្រសិនបើលោក ហៀម គឹមហុង មិនគោរពតាមកិច្ចសន្យានោះ។
លោក ហៀម គឹមហុង អាយុ ៣៨ ឆ្នាំ ជាគណៈកម្មការសហគមន៍ព្រៃឈើសង្កែ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានបំពេញការងារសហគមន៍តាំងពីឆ្នំា ២០១៧។ លោកបានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា រដ្ឋបាលស្រុក និងអាជ្ញាធរបានឱ្យលោកធ្វើកិច្ចសន្យាឈប់ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីបន្តទៀត ដែលអាជ្ញាធរថា ទីតាំងក្រុមហ៊ុនរ៉ែឈ្មោះក្រុមហ៊ុនគ្លូប៊លហ្គ្រីន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ដែលកំពុងមានបញ្ហាជាមួយពលរដ្ឋ គឺមិនស្ថិតក្នុងសហគមន៍ព្រៃឈើសង្កែនោះទេ។
លោកបន្ថែមថា អាជ្ញាធរក៏ប្រាប់លោកកុំធ្វើឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ និងការដាក់តួនាទីខុស ដែលលោកមិនមែនជាតំណាងសហគមន៍ព្រៃឈើស្រុកឆែប ខេត្តព្រះវិហារឡើយ។
បើតាមលោក ហៀម គឹមហុង ការផ្តល់បទសម្ភាសន៍របស់លោកជាមួយវិទ្យុអាស៊ីសេរី គឺលោកគ្រាន់តែទទូចសុំរដ្ឋាភិបាលជួយត្រួតពិនិត្យមើលទីតាំងសម្បទានរ៉ែរបស់ក្រុមហ៊ុនគ្លូប៊លហ្គ្រីន ដើម្បីកុំឱ្យប៉ះពាល់សហគមន៍ និងប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «គេថាយើងធ្វើឱ្យខូច ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ។ យើងចង់ឱ្យថ្នាក់ដឹកនាំចុះ មកត្រួតពិនិត្យមើលទីតាំងដែលសម្បទានរ៉ែហ្នឹង តើវាសម្បទានហ្នឹងជាដីព្រៃ ឬក៏ជាដីព្រៃលិចទឹក ឬក៏ដីស្រែចម្ការប្រជាពលរដ្ឋ»។
លោក ហៀម គឹមហុង បន្ថែមថា កិច្ចសន្យានេះធ្វើឱ្យលោកមានការព្រួយបារម្ភដែលហាក់បង្ហាញថាសិទ្ធិសេរីភាពរងការរឹតត្បិត បើទោះបីជាអាជ្ញាធរមិនបានសរសេរ ឬបញ្ជាក់ក្តី។
លោករៀបរាប់ថា៖ «វាមិនមែនជាសកម្មភាព ឬក៏ថាការគំរាមកំហែង ប៉ុន្តែថាក្នុងសកម្មភាព វាស្ថិតក្នុងការគំរាមកំហែង បិទសិទ្ធសេរីភាពរបស់ខ្ញុំមែន»។
លោក ជុំ សុឡាង មេបុស្តិ៍ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ បដិសេធសុំមិនបញ្ជាក់ជុំវិញកិច្ចសន្យានេះ ដោយឱ្យអ្នកសារព័ត៌មានវីអូអេទាក់ទងទៅសួរនាំរដ្ឋបាលស្រុកជំនួសវិញ។ ប៉ុន្តែលោកបញ្ជាក់ប្រាប់វីអូអេបន្តិចថា កិច្ចសន្យានោះពាក់ព័ន្ធនឹងលោក ហៀម គឹមហុង ផ្តល់សម្ភាសន៍ជុំវិញក្រុមហ៊ុនរ៉ែឈូសឆាយទៅលើដីសហគមន៍ ឬប៉ះពាល់ដីប្រជាពលរដ្ឋ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «គេហៅមកដោះស្រាយនោះ ហៅមកអប់រំ ណែនាំ ធ្វើកិច្ចសន្យាហ្នឹងគឺ ខាងរដ្ឋបាលស្រុក និងខាងជំនាញរដ្ឋបាលព្រៃឈើក៏បានហៅមកថាលោក ហៀម គឹមហុង បានសម្ភាសន៍ពាក់ព័ន្ធរឿងហេតុ ករណីក្រុមហ៊ុនរ៉ែបានឈូសឆាយ ទៅលើដីសហគមន៍ ប៉ះពាល់ប្រជាពលរដ្ឋ។ តែមិនដឹងថាខាងនោះគេថា ខុសឬយ៉ាងណា ខ្ញុំក៏មិនសូវដឹងដែរ ដោយសារអានេះជារឿងរបស់ជំនាញគេ និងរដ្ឋបាលស្រុក»។
លោក ឡង់ សុបិន អភិបាលស្រុកឆែប ខេត្តព្រះវិហារ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោកមិនបានដឹងរឿងកិច្ចសន្យានេះ បែបណានោះទេ។
លោកថា៖ «ខ្ញុំអត់ដឹងទេ សុំទោសអាចមកជួបខ្ញុំមក ហើយចាំខ្ញុំរុញទៅជំនាញ»។
បើតាមវិទ្យុអាស៊ីសេរីដែលបានរាយការណ៍ព័ត៌មានក្រោមចំណងជើងថា៖ «ក្រុមហ៊ុន គ្លូប៊លហ្គ្រីន កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់ពលរដ្ឋចំនួន២ខេត្ត» វិទ្យុនេះថា ក្រុមហ៊ុនគ្លូប៊លហ្គ្រីននោះជារបស់កូនប្រុសរបស់លោកឧកញ៉ា ទ្រី ភាព គឺឧកញ្ញា ទ្រី ដាលុច។ នេះបើតាមវីដេអូព័ត៌មានជាង៥នាទីរបស់វិទ្យុអាស៊ីសេរី ផ្សព្វផ្សាយលើបណ្តាញសង្គមហ្វ៊េសប៊ុកនៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ដោយឃើញលោក ហៀម គឹមហុង និងពលរដ្ឋមួយចំនួនបានផ្តល់បទសម្ភាន៍នាពេលនោះ។
វិទ្យុអាស៊ីសេរីបានដាក់តួនាទីរបស់លោក ហៀម គឹមហុង ថាជាតំណាងសហគមន៍នៅស្រុកឆែប ខេត្តព្រះវិហារ។
លោក ហៀម គឹមហុង ប្រាប់វីអូអេថា លោកមិនមែនជាតំណាងសហគមន៍នៅស្រុកឆែប ខេត្តព្រះវិហារនោះទេ ដោយលោកមានតួនាទីត្រឹមជាគណៈកម្មការសហគមន៍ព្រៃឈើសង្កែ ស្រុកឆែប ខេត្តព្រះវិហារ ហើយការផ្តល់ព័ត៌មាននានា គឺគ្រាន់តែចង់ស្វែងរកភាពយុត្តិធម៌ជូនពលរដ្ឋ និងប្រជាសហគមន៍តែប៉ុណ្ណោះ៕
វេទិកាបញ្ចេញមតិ