ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាសហគមន៍៖ បទល្មើសព្រៃឈើនៅតំបន់អភិរក្សព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅតែកើនឡើង


ទិដ្ឋភាព​នៃ​ដើមឈើ​ដេល​ត្រូវបាន​ឈ្មួញ​លួច​ចូល​កាប់​នៅ​ដែនជម្រកសត្វព្រៃព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ។ (Facebook/សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)
ទិដ្ឋភាព​នៃ​ដើមឈើ​ដេល​ត្រូវបាន​ឈ្មួញ​លួច​ចូល​កាប់​នៅ​ដែនជម្រកសត្វព្រៃព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ។ (Facebook/សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ក្នុង​ខេត្ត​ព្រះ​វិហារ​អះអាង​ថា​ ពួកគេ​នៅ​តែ​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ​កើត​ឡើង​នៅ​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ​ ក្នុង​ឃុំ​ព្រះ​មេរុ ​ស្រុក​ត្បែង​មានជ័យ ​ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​បាត់​បង់​ព្រៃ​ឈើ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​បទ​ល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ឆ្នាំ ​២០២៣​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ​ របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ព្រះ​មេរុ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ទី​ ១០​ ខែ​មករា​ ឆ្នាំ​ ២០២៤ ​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​ ២០២៣ ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​បាន​ចុះ​ល្បាត​ព្រៃ​ចំនួន​ ៥ ​ដង ​ហើយ​បាន​រក​ឃើញ​ថា​ មាន​បទ​ល្មើស​ព្រៃ​ឈើ​ ដូច​ជា​គល់​ឈើ​ដែល​បាន​កាប់​ផ្តួល ​អារ​ជ្រៀក​ចំនួន​ ៣៦៦ ​គល់ ​ក្ដារ​បន្ទះ​ចំនួន​ ៣៤២ ​បន្ទះ ​ឈើ​តាប់​ចំនួន​ ៣,២ ​ម៉ែត្រ​គូប ​ឈើ​ប្រភេទ​សសរ​ចំនួន​ ២៧​ ដើម ​ព្រម​ទាំង​មាន​បទ​ល្មើស​សត្វ​ព្រៃ​ផង​ដែរ។​ ប្រជា​សហគមន៍​ក៏​បាន​រិះគន់​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ផង​ដែរ។​

ប្រជា​សហគមន៍​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖​ «ប្រសិន​បើ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ពិត​ជា​មាន​ឆន្ទៈ​ការពារ​ពិត​មែន​ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ ឃុំ​ព្រះមេរុ ​យើង​ធានា​ជូន​ទៅ​ទីតាំង​ដែល​កំពុង​មាន​សកម្មភាព​កាប់​បំផ្លាញ​នោះ»។​

លោក ​ស៊ុត សាវន ​សមាជិក​នៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ ប្រាប់​វីអូអេ​ថា​ ករណី​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ដែន​ជម្រក​ព្រៃ​ព្រះ​រការ ​នៅ​តែ​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ​ហើយ​មាន​ចំនួន​ច្រើន​ផង​ដែរ។ ​លោក​កត់​សម្គាល់​ថា​ មិន​មាន​ការ​រារាំង​ ឬ​ការ​ចុះ​ធ្វើ​អន្តរាគមន៍​បង្រ្កាប​ពី​អាជ្ញាធរ​ក្នុង​តំបន់​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ វា​នៅ​តែ​មាន​រហូត។​ វា​អត់​បាត់​បង់​ អត់​ផ្អាក​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ»។​

លោក​បញ្ជាក់​ដែរ​ថា​ លោក​មិន​បាន​ដឹង​ថា​ ក្រុមហ៊ុន​ណា​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​កាប់​ព្រៃ​ឈើ​នោះ​ទេ​ ហើយ​អ្នក​ដែល​បាន​កាប់​ដើម​ឈើ​នោះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ជួល​ឱ្យ​មក​កាប់​តែ​ប៉ុណ្ណោះ។​

លោក ​ស៊ុត សាវន ​ក៏​បាន​បង្ហាញ​ពី​ផល​ប៉ះ​ពាល់ ​និង​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​យ៉ាង​ច្រើន ​ដោយ​លោក​ថា​ ការ​បាត់​បង់​នេះ​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​អន់​ថយ ​និង​ធ្វើ​ឱ្យ​វប្បធម៌ និង​ប្រពៃណី​របស់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​បាត់បង់​បន្តិច​ម្តងៗ។​

លោក​ថ្លែង​ថា៖​ «ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ គឺ​ប្រសិន​បើ​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ព្រៃឈើ​ គឺ​មាន​ន័យ​ថា​ ព្រួយ​បារម្ភ​ទៅ​លើ​ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​គាត់​ ដែល​មាន​ជំនឿ​សាសនា​អី​ផ្សេងៗ​ទៅ​លើ​ដើម​ឈើ​ ហើយ​គាត់​ធ្លាប់​រក​អនុផល​ពី​ព្រៃឈើ​ហ្នឹង។ ​កាល​ណា​ដែល​បាត់​បង់​ព្រៃ​ឈើ​ហ្នឹង​ គឺ​មាន​ន័យ​ថា​ បាត់​បង់​នូវ​មុខ​របរ​របស់​ពួក​គាត់​ដែល​គាត់​មិន​អាច​រក​ប្រាក់​ចំណូល​ពី​អនុផល​ព្រៃ​ឈើ​បាន​ទេ»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ផៃ ប៊ុនឈឿន ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន និង​លោក ​សុង ចន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​នៅ​ឡើយ​ទេ។​

លោក​ ហេង គឹមហុង​ ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) ​ប្រាប់​វីអូអេ​ថា​ បើ​ទោះ​បី​ជា​មាន​ការ​ប្តេជ្ញា​ពី​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ក្តី ​ប៉ុន្តែ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ ​លោក​គិត​ថា​ រដ្ឋាភិបាល​គួរ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​មន្រ្តី​នៅ​តាម​មូលដ្ឋាន ​និង​ស្វែង​រក​ឫស​គល់​នៃ​មេខ្លោង​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា ​បញ្ហា​មិន​មែន​គ្រាន់​តែ​ជា​ចេតនា​របស់​ក្រុម​ជន​ល្មើស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ធនធាន​ធម្មជាតិ​ទេ ​[ប៉ុន្តែ​វា​គួប​ផ្សំ]​កម្សោយ​ ឬ​ក៏​បញ្ហា​នៅ​ខាង​ក្នុង​មន្រ្តី​មូលដ្ឋាន​ដែល​កំពុង​ប្រត្តិបត្តិការ​ការពារ​នៅ​ក្នុង​ដែន​តំបន់​ការពារ​ហ្នឹង​ ក៏​ប្រហែល​អាច​មាន​បញ្ហា​ដែរ។ ​ដូច្នេះ​ខ្ញុំ​ទទូច​ហើយ​ទទូច​ទៀត​ថា ​រដ្ឋាភិបាល​ពិនិត្យ​ទៅ​លើ​មន្ត្រី​របស់​ខ្លួន​ ពិនិត្យ​ទៅ​លើ​ក្រប​ខណ្ឌ​គោល​នយោបាយ ពិនិត្យ​ទៅ​លើ​ក្រប​ខណ្ឌ​វិជ្ជាជីវៈ​របស់​មន្ត្រី​របស់​ខ្លួន​ថា​ តើ​មាន​បញ្ហា​នៅ​ក្នុង​គោល​នយោបាយ ឬ​ក៏​មន្រ្តី»។

បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី ​៩ ខែ​ឧសភា ឆ្នាំ​ ២០១៦ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ ​ដែល​មាន​ទំហំ​ជាង​ ៩ ​ម៉ឺន​ហិកតា ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​តំបន់​ដែល​ត្រូវ​គ្រប់គ្រង ​ការពារ ​និង​អភិរក្ស​ជីវៈ​ចម្រុះ ​និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់។​

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​ក៏​ស្នើ​សុំ​ដល់​ក្រសួង ​និង​មន្ទីរ​បរិស្ថាន​ចូល​រួម​ធ្វើ​កិច្ច​អន្តរាគមន៍​ និង​ដាក់​ទោស​ទៅ​ក្រុម ​ឬ​បុគ្គល​ដែល​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ។ ​ពួក​គេ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ពួក​គេ​មាន​គោល​បំណង​ក្នុង​ការ​ថែ​រក្សា​ព្រៃ​ឈើ​ដែល​ជា​ជីវិត ​វប្បធម៌ ​និង​ប្រពៃណី​សម្រាប់​ជន​ជាតិ​ភាគ​តិច​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG