ក្រុមហ៊ុនផលិតរថយន្តវៀតណាមមួយ បានប្រកាសពីគម្រោងរបស់ខ្លួន ក្នុងការបង្កើតរោងចក្រមួយក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិកដើម្បីផលិតរថយន្តប្រើថាមពលអគ្គីសនី ដោយសន្យាថា នឹងផ្តល់ការងារឲ្យមនុស្សប្រមាណ៧.៥០០នាក់។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ក្រុមហ៊ុនវៀតណាមឈ្មោះ VinFast នឹងសាងសង់រោងចក្រផលិតរថយន្តជាលើកដំបូងរបស់ខ្លូន នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងស្រុក Chatham ភាគនិរតីនៃទីក្រុង Raleigh ក្នុងរដ្ឋ North Carolina ដោយរំពឹងថា នឹងចាប់ផ្តើមដំណើរការផលិតរថយន្តរបស់ខ្លួននៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ។ ក្រុមហ៊ុននេះ រំពឹងថា នឹងជួលកម្មករ ៧.៥០០នាក់ ត្រឹមឆ្នាំ២០២៧ និងផ្តល់ប្រាក់ខែជាមធ្យមប្រមាណ ៥១.០០០ដុល្លារក្នុងមួយឆ្នាំ។
ក្រុមហ៊ុននេះ កំពុងសាងសង់រោងចក្រនៅលើផ្ទៃដីទំហំជិត១ពាន់ហិកតា ដែលមានចម្ងាយប្រមាណ៣០នាទីតាមរថយន្ត នៅផ្នែកនិរតីនៃទីក្រុង Raleigh របស់រដ្ឋ North Carolina ហើយខ្លួនរំពឹងថា នឹងបោះទុនវិនិយោគប្រមាណ ៤ពាន់ លានដុល្លារ ក្នុងការសាងសង់រោងចក្រនេះ។ រោងចក្រផលិតរថយន្តនេះ មានគម្រោងផលិតរថយន្តដែលប្រើថាមពលអគ្គីសនីប្រមាណ១៥០.០០០គ្រឿង ក្នុងមួយឆ្នាំ។
រដ្ឋ North Carolina បានយល់ព្រមផ្តល់ការអនុគ្រោះពន្ធរាប់រយលានដុល្លារលើគម្រោងនេះ។ ក្រុមមន្ត្រីរដ្ឋនិយាយថា ក្រុមហ៊ុនវៀតណាមមួយនេះ បានដើររកទីតាំងក្នុងរដ្ឋចំនួន១២ ហើយនៅទីបំផុតពិចារណាទីតាំងពីរ មួយនៅក្នុងរដ្ឋ North Carolina និងមួយទៀតនៅក្នុងទីក្រុង Savannah រដ្ឋ Georgia៕