មិនមែនជាការបញ្ជូននាវាចម្បាំងផ្ទុកយន្តហោះប្រតិកម្មហើយក៏មិនមែនជាការបញ្ជូនកងនាវាពិឃាដនោះដែរតែគឺជាលំហូរវិនិយោគចេញចូលនិងការបើកចំហជំនួញសេរីឆ្លងព្រំដែនចូលទៅទីផ្សារអាមេរិកទៅវិញទេដែលនឹងជួយកាន់ខ្នងរងមុខទីក្រុងវ៉ាស៊ីនតោនក្នុងការប្រជែងយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញការភូមិសាស្ត្រនយោបាយនៅក្នុងតំបន់នេះ។
អ្នកជំនាញបានពណ៌នាយ៉ាងដូច្នេះនៅកិច្ចពិភាក្សាតាមអនឡាញមួយរៀបចំដោយវិទ្យាស្ថាន Quincy ដើម្បីការសិក្សារដ្ឋសាស្ត្រប្រកបដោយទំនួលខុសត្រូវ ដែលបានជជែកអំពីប្រធានបទ«មិនមែនជាកូនអុក៖អាស៊ីអាគ្នេយ៍ក្នុងពិភពនៃកំណើនភាពតានតឹងរវាងមហាអំណាច»កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម៉ោងនៅប្រទេសកម្ពុជា។
សាស្ត្រាចារ្យ Kishore Mahbubani អតីតអ្នកការទូតចាស់វស្សារបស់សិង្ហបុរី ដែលស្ថិតក្នុងចំណោមវាគ្មិនចំនួនបីនាក់ក្នុងកិច្ចពិភាក្សាខាងលើ បានលើកឡើងថាអាស៊ីអាគ្នេយ៍ពិតជាត្រូវការអាមេរិកដោយខ្វះមិនបាន។
លោកថ្លែងថា៖ «យើងបានសង្កត់ធ្ងន់ថាតំបន់របស់យើងចង់ឃើញវត្តមានដ៏រឹងមាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះតែតំបន់យើងក៏ចង់ឃើញវត្តមានដ៏រឹងមាំមួយរបស់សហរដ្ឋអាមេរិកដែលមានការយល់ដឹងអំពីតំបន់យើងដែរ»។
អ្នកជំនាញរូបនេះបានស្នើថាសហរដ្ឋអាមេរិកគួរវិលត្រឡប់មកចូលរួមជាមួយនឹងកិច្ចព្រមព្រៀងទូលំទូលាយនិងជឿនលឿនទៅមុខនៃភាពជាដៃគូជុំវិញមហាសាគរប៉ាស៊ីហ្វិក (CPTPP) ដែលផ្ដួចផ្ដើមគំនិតដោយរដ្ឋការលោក Barrack Obama តែអាមេរិកបានដកខ្លួនចេញវិញក្នុងជំនាន់រដ្ឋការលោក Donald Trump។ រំពេចនោះអ្នកសម្របសម្រួលបាននិយាយកាត់ថា លទ្ធភាពនៃការវិលចូលCPTPPវិញនោះមិនស្ថិតនៅលើតុនៃការពិចារណានោះទេក្នុងបរិបទនៃនយោបាយផ្ទៃក្នុងគាំពារនិយមរបស់រដ្ឋាភិបាលនៃរដ្ឋធានីវ៉ាស៊ីនតោន។
សាស្ត្រាចារ្យ KishoreMahbubani បានតបវិញថា៖ «អ្វីដែលមិនស្ថិតនៅលើតុក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីគឺជាអ្វីដែលត្រូវតែនៅលើតុក្នុងតំបន់អាស៊ីបូព៌ាបើសិនជាអាមេរិកនៅតែចង់បន្តមានវត្តមានក្នុងល្បែងយុទ្ធសាស្ត្រនៅទីនេះ»។
អ្នកជំនាញរូបនេះបន្តថាបើអាមេរិកមិនជឿចូរបន្តបញ្ជូននាវាដឹកយន្តហោះឬនាវាមុជទឹកទៀតចុះក្នុង១០ឬ២០ឆ្នាំទៀតអាមេរិកខ្លួនឯងនឹងឃើញឥទ្ធិពលចិនកាន់តែខ្លាំងឡើងតាមរយៈសេដ្ឋកិច្ចហើយអាមេរិកនឹងមិនពេញចិត្តលទ្ធផលនៅពេលនោះទេ។
អតីតអ្នកការទូតនិងជាអតីតបេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ីបណ្ឌិត Dino Patti Djalal បានលើកឡើងថាទោះបីសហរដ្ឋអាមេរិកជាប្រភពវិនិយោគធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយលោកអង្កេតឃើញថា ចិនហាក់មានប្រៀបជាងសហរដ្ឋអាមេរិកខាងជំនួញឆ្លងព្រំដែននិងការផ្ដល់ហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធ។
លោកថ្លែងថា៖ «ដូច្នេះវាជាអ្វីដែលច្បាស់ណាស់ថាចិនកំពុងធ្វើបានល្អជាងសហរដ្ឋអាមេរិកហើយយើងចង់បាននូវការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចកាន់តែធំធេងជាងនេះរវាងតំបន់របស់យើងនិងសហរដ្ឋអាមេរិក»។
បណ្ឌិត Dino Patti Djalal ក៏បានស្រង់សម្ដីលោករដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken ថ្លែងលើកោះជ្វាប្រទេសឥណ្ឌូណេស៊ីកាលពីខែធ្នូកន្លងទៅដែរអំពីអ្វីដែលត្រូវបានបរិយាយថាជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកហើយថាលោកនិងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងតំបន់រំពឹងរង់ចាំការលេចរូបរាងជាក់ស្ដែងនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចអាមេរិកដែលគេគ្រប់គ្នាប្រាថ្នាចង់បាននេះ។
អ្នកស្រី Elina Noor នាយិកាផ្នែកស្រាវជ្រាវកិច្ចការនយោបាយសន្តិសុខនៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (Asia Society Policy Institute) បានថ្លែងក្នុងកិច្ចពិភាក្សាខាងលើដោយឯកភាពថាអាមេរិកចាំបាច់ត្រូវតែវិលត្រឡប់ចូលក្នុង CPTPP។
តែអ្នកស្រីបង្ហាញក្ដីបារម្ភថា៖ «ខ្ញុំគិតថាសហរដ្ឋអាមេរិកគួរតែខិតខំត្រឡប់មកកាន់តុ[ចរចាCPTPP]វិញតែមិនមែនមកបង្កើតល្បែងថ្មីនោះទេ។ ខ្លឹមសារ CPTPP បានស្ថិតមានវត្តមានរួចជាស្រេចហើយ។ ច្បាប់ទម្លាប់ក៏ត្រូវបានគូសបង្ហាញហើយដែរ។ ប្រសិនបើអាមេរិកចង់ត្រឡប់មកកាន់ CPTPP វិញនោះខ្ញុំគិតថាក្ដីកង្វល់ក្នុងចំណោមមនុស្សមួយចំនួនដែលអាចថាក្នុងចំនួនច្រើនផងក៏ថាបានក្នុងចំណោមសមាជិក CPTPPនោះគឺជាមួយសំណួរថាតើអាមេរិកនឹងចូលមកផ្លាស់ប្ដូរអ្វីដែលគេព្រមព្រៀងគ្នាហើយនិងព្យាយាមផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងឡើងវិញឬយ៉ាងណា»។
ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋការលោកប្រធានាធិបតីTrump កាលពីឆ្នាំ២០១៧នោះ CPTPP នៅសល់រដ្ឋហត្ថលេខីចំនួន១១រួមមាន អូស្ត្រាលី ព្រុយណេកាណាដាឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិកនូវែលសេឡង់ ប៉េរូ សិង្ហបុរីវៀតណាម ដែលឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃទី០៨ ខែមីនាឆ្នាំ២០១៨កន្លងទៅ៕