ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​វៀតណាម​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​នេះ​​​មាន​ការកើន​ឡើង​ខ្ពស់


ទិដ្ឋភាព​ទូទៅ​នៃ​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ (រូបភាព​ថត​​ពី Vietnamese Government Portal)
ទិដ្ឋភាព​ទូទៅ​នៃ​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ (រូបភាព​ថត​​ពី Vietnamese Government Portal)

សេដ្ឋកិច្ច​របស់​វៀតណាមក្នុង​ត្រីមាស​ទី១ឆ្នាំ២០២២នេះ បាន​កើន​ឡើង​ប្រមាណជាង៥%។​ នេះ​បើតាម​ការឲ្យ​ដឹង​របស់​រដ្ឋាភិបាល​វៀតណាមនៅ​ថ្ងៃអង្គារ​នេះ​ដោយសារ​តែ​ការនាំចេញ​ទៅ​ក្រៅ​ប្រទេសរបស់​វៀតណាម មាន​ការកើន​ឡើង ខណៈ​ដែល​ប្រទេស​មួយ​នេះ​កំពុង​ងើប​ចេញ​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ បើទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មន្ត្រី​វៀតណាម បាន​ព្រមាន​ពី​ឧបសគ្គ​មួយ​ចំនួន​ផង​ដែរ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋ​កុម្មុយនីស្ត​នេះ បានជោគជ័យ​ខាង​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេសក្នុង​ទ្វីប​អាស៊ី​ ដោយ​ក្នុង​ឆ្នាំ២០១៩មាន​កំណើន​សេដ្ឋកិច្ច៧%។

ក៏ប៉ុន្តែ កំណើន​នេះ បាន​ធ្លាក់ចុះមក​ត្រឹម​ប្រមាណ២,៩%ប៉ុណ្ណោះ​ក្នុង​ឆ្នាំ២០២០ ដោយសារតែ​ជំងឺ​កូវីដ១៩ដែល​បាន​បិទប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ហើយ​កំណើន​សេដ្ឋកិច្ច​ក៏​បាន​បន្ត​ធ្លាក់ចុះ​ក្នុង​ឆ្នាំ២០២១មក​នៅ​ត្រឹម២,៦%ដែល​នេះ​ជា​តួលេខ​ធ្លាក់ចុះ​ដ៏​ខ្លាំង​បំផុត​មួយនៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ចាប់តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍៨០មក។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម បាន​ឲ្យ​ដឹង​ថា តួលេខ​ផលិតផលក្នុង​ស្រុក​សរុប​របស់​ខ្លួន​មាន​កំណើន​ប្រមាណ៥,០៣%នៅ​ឆ្នាំ​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ ប្រាក់​ចំណូល​មកពី​ការនាំទំនិញ​ចេញ​របស់​វៀតណាម​ក្នុង​ត្រី​មាស​ទី១នៅ​ឆ្នាំ​នេះ មាន​ប្រមាណ៨៨,៥៨ពាន់លាន​ដុល្លារ​គឺមាន​ចំនួន​កើន​ឡើង​ប្រមាណ១២,៩%។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​ស្ថិតិ​សរុប​របស់​វៀតណាម។

បើ​ទោះបី​ជាយ៉ាង​នេះក្តី ក៏​ធនាគារពិភព​លោក បាន​បញ្ជាក់​ក្នុង​របាយការណ៍មួយនៅ​ក្នុង​ខែ​មីនា​នេះ​ស្តី​ពី​វៀតណាម​ថា «ស្របពេល​ដែល​សេដ្ឋកិច្ច​វៀតណាម កំពុងបន្ត​បង្ហាញ​ពី​ភាពរឹង មាំ​និង​ការងើប​ឡើង​វិញ​នោះ ប្រទេស​នេះកំពុង​ប្រឈម​នឹង​ឧបសគ្គ​មួយ​ចំនួន​ផង​ដែរ ស្រប​ពេល​ដែល​ការឆ្លងរាតត្បាតនៃ​ជំងឹ​កូវីដ១៩ប្រភេទ​ថ្មី​អូមីក្រុង កំពុង​កើត​មានឡើង​នៅ​ទូទាំង​ប្រទេស​ហើយ​ជម្លោះ​អ៊ុយក្រែន​និង​រស្ស៊ី កំពុង​បង្កើន​នូវ​ភាព​មិនច្បាស់​លាស់​មួយ សម្រាប់​ការងើប​ឡើង​វិញ​នៃសេដ្ឋកិច្ច​ពិភព​លោក»៕

XS
SM
MD
LG