ក្រុមហ៊ុន Ford ក្នុងប្រទេសវៀតណាមបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ខ្លួននឹងប្រើប្រាស់ទឹកប្រាក់វិនិយោគនោះដើម្បីទិញម៉ាស៊ីនមួយចំនួនដូចជា រូបយន្តដែលមានភ្ជាប់អ៊ីនធឺណិតជាដើម ក៏ដូចជាដើម្បីបន្ថែមកន្លែងលាបពណ៌រថយន្តនៅក្នុងរោងចក្ររបស់ខ្លួននៅក្រៅក្រុងហាណូយ និងពង្រីកកម្លាំងពលកម្មឱ្យបានជិតពីរដង រហូតដល់មានចំនួនប្រមាណ ១ ពាន់នាក់។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះគឺជាប្រទេសដែលមានប្រជាជនប្រើប្រាស់ម៉ូតូច្រើនជាងគេបំផុតមួយនៅលើពិភពលោក ប៉ុន្តែរថយន្តកាន់តែមានភាពពេញនិយមឡើង ដោយសារតែពលរដ្ឋវៀតណាមកាន់តែច្រើនមានថវិកាទិញរថយន្តទាំងនោះមកប្រើប្រាស់ជាលក្ខណៈឯកជន ឬសម្រាប់រត់តាក់ស៊ីឱ្យក្រុមហ៊ុន Grab។ ក្រុមហ៊ុន Grab ជាក្រុមហ៊ុនតាក់ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្រដៀងនឹងក្រុមហ៊ុនតាក់ស៊ី Uber ដែរ។
ក្នុងប្រទេសដែលមានប្រជាជនជាង ៩០ លាននាក់មួយនេះ បើគិតត្រឹមខែធ្នូឆ្នាំមុន ការលក់រថយន្តមានចំនួនរហូតដល់ ៣ សែន ២ ម៉ឺន ២ ពាន់ ៣២២ គ្រឿង ដែលជាការកើនឡើងចំនួន ១២ ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៨។ នេះបើយោងតាមការបញ្ជាក់របស់សមាគមរោងចក្រផលិតរថយន្តវៀតណាម។
លោក Pham Van Dung ដែលជាអគ្គនាយកក្រុមហ៊ុន Ford វៀតណាមបាននិយាយថា៖ «ការវិនិយោគថ្មីនៅក្នុងផលិតកម្មក្នុងប្រទេសវៀតណាមនឹងជួយយើងឱ្យរីកចម្រើនកាន់តែខ្លាំងជាងមុន»។ លោកបានបន្ថែមថា៖ «យើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនបរទេសទីមួយដែលវិនិយោគនៅក្នុងប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩៥ មក»។
ក្រុមហ៊ុនផលិតរថយន្តអាមេរិកាំងមួយនេះបានធ្វើការវិនិយោគនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលុបចោលបម្រាមពាណិជ្ជកម្មលើប្រទេសនេះ។
ក្រុមហ៊ុន Ford វៀតណាមបាននិយាយថា ខ្លួននឹងដាក់ការវិនិយោគរបស់ខ្លួនក្នុងរយៈពេលពីរឆ្នាំ និងបង្កើនសមត្ថភាពជិត ៣ ដង ដែលអាចផលិតរថយន្តចំនួន ៤ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងខេត្ត Hai Duong នៅភាគខាងជើងនៃប្រទេសវៀតណាម។
ការកើនឡើងនៃចំនួនរថយន្តនៅលើដងផ្លូវធ្វើឱ្យមនុស្សជាច្រើនមានការបារម្ភអំពីការកើនឡើងនៃការបំពុលខ្យល់អាកាស និងការកកស្ទះចរាចរណ៍។ មានមនុស្សជិត ១០ លាននាក់រួចទៅហើយរស់នៅក្នុងទីក្រុងហូជីមិញ ដែលនៅទីនោះការកកស្ទះចរាចរណ៍ច្បាស់ជាមិនអាចគេចផុតនោះទេ នៅពេលពលរដ្ឋវៀតណាមធ្វើដំណើរទៅស្រុកកំណើត ក្នុងពេលចូលឆ្នាំ។
ទោះជាយ៉ាងនេះក្ដី អាជ្ញាធរចង់ឱ្យប្រទេសវៀតណាមពង្រីកអាជីវកម្មផលិតរថយន្តក្នុងស្រុករបស់ខ្លួន។ ក្រុមហ៊ុនរថយន្តភាគច្រើននាំចូលរថយន្តទាំងមូលពីប្រទេសថៃ ឬឥណ្ឌូណេស៊ី ឬគ្រឿងបន្លាស់រថយន្តដើម្បីធ្វើការដំឡើងរថយន្តនៅក្នុងប្រទេសវៀតណាម។ ការនាំចូលបានកើនឡើង ចាប់តាំងពីពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០ ប្រទេសឯកភាពលុបចោលពន្ធនាំចូលលើរថយន្តនៅក្នុងឆ្នាំ ២០១៨។
ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសវៀតណាម បានផលិតរថយន្តវៀតណាម ដែលមានឈ្មោះថា Vinfast ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដូចជា BMW និង Bosch។ លោក Pham Nhat Vuong ដែលជាអ្នកមានបំផុតនៅក្នុងប្រទេសវៀតណាម និងជាស្ថាបនិករបស់ក្រុមហ៊ុន Vingroup ថ្មីៗនេះបាននិយាយថា លោកនឹងធ្វើការវិនិយោគទឹកប្រាក់ផ្ទាល់ខ្លួនរបស់លោកចំនួន ២ ពាន់លានដុល្លារដើម្បីធានាថា រថយន្ត Vinfast ទទួលបានជោគជ័យ។
ក្រុមហ៊ុននេះត្រូវធ្វើការងារជាច្រើនដើម្បីដណ្ដើមយកទីផ្សាររថយន្តក្នុងស្រុក ដែលគ្របដណ្តប់ដោយក្រុមហ៊ុនរថយន្តបរទេស។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Saigon Securities Inc SSI ដែលជាក្រុមហ៊ុនវិនិយោគឈ្មួញកណ្ដាល។
ក្រុមហ៊ុន Saigon Securities Inc SSI បានបញ្ជាក់នៅក្នុងការវិភាគលើទីផ្សាររថយន្តថា៖ «បើនិយាយពីក្រុមហ៊ុនរថយន្តដែលស្ថិតក្រោមសមាគមរោងចក្រផលិតរថយន្តវៀតណាម ក្រុមហ៊ុន Ford និងក្រុមហ៊ុន Honda កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដើម្បីដណ្ដើមយកតំណែងលេខមួយ»។
ក្រុមហ៊ុន Honda ក៏ធ្វើការផលិតរថយន្តផងដែរ ប៉ុន្តែក្រុមហ៊ុននេះមានភាពល្បីល្បាញដោយសារម៉ូតូរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ ពលរដ្ឋវៀតណាមហៅម៉ូតូរបស់ពួកគេថាជាម៉ូតូ «Hondas» មិនថាម៉ូតូនោះម៉ាកអ្វីនោះទេ។
ចំណែកឯក្រុមហ៊ុន Ford វៀតណាមវិញ ក្រុមហ៊ុននេះផ្ដោតខ្លាំងលើរថយន្តធម្មតា រថយន្តដឹកទំនិញ រថយន្តប្រភេទ sports utility និងរថយន្តដឹកមនុស្ស ៧ កៅអី នៅពេលដែលប្រជាជនដែលមានប្រាក់ចំណូលសមរម្យនៅក្នុងប្រទេសវៀតណាមមានចំនួនកាន់តែច្រើនទៅៗ។
ក្រុមហ៊ុនផលិតរថយន្តមួយនេះនិយាយថា ការវិនិយោគថ្មីរបស់ខ្លួនក៏នឹងជួយបង្កើនសមត្ថភាពកន្លែងតម្រឹម និងសម្រេច រៀបចំឡើងវិញនូវកន្លែងស្តុកទំនិញរបស់ខ្លួន និងបង្កើននូវប្រសិទ្ធភាព និងប្រតិបត្តិការដែលមិនប៉ះពាល់ដល់បរិស្ថាន៕