មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារវៀតណាមម្នាក់ត្រូវបានចាប់ខ្លួនពីបទ «បញ្ចេញការសម្ងាត់រដ្ឋដោយចេតនា»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលបានដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់នគរបាលវៀតណាម នៅថ្ងៃទី ៩ ខែឧសភា។ ក្រុមអ្នកវិភាគថា ការចាប់ខ្លួននេះអាចប៉ះពាល់កិច្ចប្រឹងប្រែងរបស់វៀតណាមក្នុងការទទួលបានលក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរជាងមុន សម្រាប់នាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក។
គ្មានសេចក្តីពិស្តារអំពីការចាប់ខ្លួនមេធាវីលោក Nguyen Van Binh ក្រៅពីការប្រកាសតាមគេហទំព័ររបស់ប៉ូលិសក្នុងរដ្ឋធានីហាណូយនោះទេ តែសកម្មជនសិទ្ធិមនុស្សចោទសួរថាតើ លោកត្រូវបានឃុំខ្លួនដោយសារលោកគាំទ្រគំនិតបង្កើតសហជីពឯករាជ្យ ដែលត្រូវបានហាមដោយរដ្ឋាភិបាលកុម្មុយនីស្តឬយ៉ាងណា។
ក្រុមសកម្មជនក៏និយាយដែរថា នេះជាសញ្ញានៃការបន្តការគាបសង្កត់ ដែលពីមុនតម្រង់គោលដៅជាពិសេសលើអ្នកសរសេរកំណត់ត្រាលើអ៊ីនធឺណិត គឺសកម្មជនបរិស្ថាននិងក្រុមអង្គការសង្គមស៊ីវិល។
លោក Binh ដែលជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងការងារ ទុព្វលជន និងសង្គមកិច្ចវៀតណាម អាចប្រឈមជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ១៥ឆ្នាំ ពីបទបញ្ចេញការសម្ងាត់រដ្ឋក្រោមច្បាប់នៃប្រទេសផ្តាច់ការដែលមានបក្សតែមួយនេះ។
ប្រវត្តិរូបសង្ខេបរបស់លោក Binh នៅលើគេហទំព័ររបស់អង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍កាលពីឆ្នាំមុន (Organization for Economic Cooperation and Development) បង្ហាញថា មេធាវីវ័យ ៥១ ឆ្នាំរូបនេះ ក៏ធ្វើការឲ្យអង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិផងដែរ។
ការចាប់ខ្លួនលោកត្រូវបានរាយការណ៍មុនគេកាលពីដើមខែឧសភា ដោយអង្គការ The 88 Project ជាអង្គការពហុជាតិតូចមួយដែលតាមដាននិងលើកកម្ពស់សិទ្ធិមនុស្សនិងសេរីភាពពលរដ្ឋក្នុងប្រទេសវៀតណាម។ អង្គការនេះហៅលោក Binh ថា ជាអ្នកកែទម្រង់ម្នាក់ដែលគាំទ្រសហជីពឯករាជ្យ។
កាលពីខែកុម្ភៈ អង្គការ The 88 Project បានចេញផ្សាយអ្វីដែល អង្គការនេះពណ៌នាថា ជាសារាចរណ៍សន្តិសុខជាតិសម្ងាត់ឆ្នាំ ២០២៣ របស់បក្សកុម្មុយនីស្តកាន់អំណាចនៅប្រទេសវៀតណាម ដែលបញ្ជាឲ្យបង្ក្រាបលើក្រុមកម្មករ អង្គការសង្គមស៊ីវិល និងអង្គការបរទេសទាំងឡាយណា ដែលរដ្ឋចាត់ទុកថាជាការគំរាមដោយសន្តិសុខជាតិ។
អង្គការ The 88 Projectថា លោក Binh បានដឹកនាំកិច្ចខិតខំដើម្បីផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ ៨៧ របស់អង្គការសហប្រជាជាតិ។ បើត្រូវបានអនុម័ត អនុសញ្ញានេះនឹងធានាសិទ្ធិកម្មករក្នុងការបង្កើតសហជីពឯករាជ្យដោយមិនចាំបាច់មានការអនុញ្ញាតជាមុន។
បញ្ហាកំណែទម្រង់ការងារមានសារៈសំខាន់ចំពោះប្រទេសវៀតណាម ដើម្បីហេតុផលសេដ្ឋកិច្ច។
នៅខែកញ្ញាឆ្នាំមុន ពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើទស្សនកិច្ចនៅវៀតណាម រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងហាណូយបានបង្កើនទំនាក់ទំនងការទូតខ្ពស់បំផុតរបស់ពួកគេរហូតដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ក្រុមអ្នកវិភាគថា ការធ្វើបែបនេះឆ្លុះបញ្ចាំងពីបំណងសហរដ្ឋអាមេរិកក្នុងការយកវៀតណាមជាសម្ព័ន្ធមិត្ត ប្រឆាំងគូប្រជែងមហាអំណាចចិន។
តែវៀតណាមនៅតែស្ថិតក្នុងបញ្ជីប្រទេសចំនួន ១២ រួមទាំងចិននិងរុស្ស៊ីផង ដែលត្រូវបានសហរដ្ឋអាមេរិកចាត់ថ្នាក់ជាប្រទេសគ្មានទីផ្សារសេរី ដោយទីផ្សារកំណត់មួយភាគធំដោយរដ្ឋ។
នៅពេលដំណាលគ្នានឹងទស្សនកិច្ចរបស់លោក Biden វៀតណាមបានស្នើឲ្យក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកំណត់ថា តើវៀតណាមអាចត្រូវបានចាត់ថ្នាក់ជាផ្លូវការថាជាប្រទេសមានទីផ្សារសេរីបានដែរឬទេ។ ការណ៍នេះអាចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីវៀតណាមចូលសហរដ្ឋអាមេរិក ដែលជាទីផ្សារធំជាងគេរបស់វៀតណាម។
ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ៨ ខែឧសភា បានរៀបចំវេទិកាសាធារណៈអំពីការដំឡើងកម្រិតទំនាក់ទំនងនេះ ហើយរំពឹងថានឹងបញ្ចប់ការពិនិត្យរបស់ខ្លួននៅខែកក្កដា។
ទោះបីជាការកំណត់ឋានៈត្រូវគេសន្មត់ថា ធ្វើឡើងតាមលក្ខខណ្ឌតម្រូវខាងសេដ្ឋកិច្ចដ៏តឹងរឹងក៏ដោយ ក៏កត្តាចំហមួយអនុញ្ញាតឲ្យពិចារណាលើបញ្ហាដូចជាសិទ្ធិការងារជាដើម ដែលអាចថ្លឹងថ្លែងលើការផ្លាស់ប្តូរទៅរកឋានៈទីផ្សារសេរី។
វៀតណាមអះអាងថា ច្បាប់ការងាររបស់ខ្លួនស្របតាមបទដ្ឋានអន្តរជាតិរួមទាំងការកំណត់ប្រាក់ឈ្នួលទៅតាមការចរចាដោយសេរីរវាងកម្មករនិងនិយោជក។
តែក្រសួងការបរទេសអាមេរិកនិងក្រុមសិទ្ធិមនុស្សថា ការណ៍នេះមិនពិតទេ។
លោក John Sifton នាយកខាងតស៊ូមតិសម្រាប់តំបន់អាស៊ីនៃអង្គការ Human Rights Watch ថ្លែងនៅថ្ងៃទី ៨ ខែឧសភាថា៖ «វាមិនពិតទាំងស្រុងក្នុងការអះអាងថា កម្មករវៀតណាមអាចរៀបចំសហជីពបានឬថា ប្រាក់ឈ្នួលរបស់ពួកគេគឺជាលទ្ធផលនៃការចរចាដោយសេរីរវាងកម្មករនិងថៅកែនោះ»។
លោកបន្ថែមថា៖ «គ្មានសហជីពឯករាជ្យនៅវៀតណាមទេ ហើយក៏គ្មានក្របខណ្ឌច្បាប់សម្រាប់បង្កើតសហជីព ឬក៏មិនឲ្យកម្មករអនុវត្តសិទ្ធិការងារដែរ»។
ការបង្កើនកម្រិតទំនាក់ទំនងពាណិជ្ជកម្មក៏មានសារៈសំខាន់ជានិម្មិតរូបសម្រាប់រដ្ឋាភិបាលវៀតណាមដែរ។ នេះបើយោងតាមលោក Murray Hiebert អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Hiebert ថា មន្ត្រីវៀតណាមចាត់ទុកថា ចំណាត់ថ្នាក់ជាបន្តរបស់អាមេរិកថា វៀតណាមជា «ប្រទេសគ្មានទីផ្សារសេរីនោះគឺជាការមាក់ងាយនិងឡប់សតិ បើគិតពីសារៈសំខាន់របស់វៀតណាមចំពោះសហរដ្ឋអាមេរិកក្នុងនាមជាដៃគូពាណិជ្ជកម្មនិងវិនិយោគ»។
ស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយមិនបានឆ្លើយតបភ្លាមៗទេ ចំពោះការស្នើសុំអត្ថាធិប្បាយរបស់ AP។
ប្រែសម្រួលដោយលោក សាយ មុន្នី
វេទិកាបញ្ចេញមតិ