ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​អាមេរិក​បង្កើន​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន ការ​នាំ​ចូល​អាមេរិក​ពី​វៀតណាម​ដែល​ពឹង​ផ្អែក​លើ​ចិន​ក៏​កើន​ឡើង​ដែរ


រូបឯកសារ៖ កម្មករោងចក្រនាំចេញស្បែកជើងកំពុងធ្វើការ​ នៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ កម្មករោងចក្រនាំចេញស្បែកជើងកំពុងធ្វើការ​ នៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

ខណៈ​សហរដ្ឋ​អាមេរិក​បង្កើន​ការ​ប្រឹងប្រែង​ដើម្បីកាត់​បន្ថយ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​ ដោយ​តំឡើង​ពន្ធ​នាំ​ចូល​នោះ អាមេរិកបានជំរុញ​ការ​នាំចូល​ដ៏​ច្រើន​ពី​ប្រទេស​វៀតណាម។​ វៀតណាម​បានពឹង​ផ្អែក​លើទំនិញ​ចិន​សម្រាប់ការនាំចេញភាគច្រើន​បំផុត​របស់​ខ្លួន។​ នេះ​បើ​តាមទិន្នន័យ​បង្ហាញ​ ហើយ​ដែល​ត្រូវ​បាន​ចេញ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ការ​ហក់​ឡើង​នៃ​ទំហំពាណិជ្ជកម្ម​រវាង​អាមេរិក​ វៀតណាម​និង​ចិន​ ​បាន​ធ្វើ​ឱ្យ​មាន​អតុល្យភាព​ពាណិជ្ជកម្ម​ជា​ខ្លាំង​ ដោយ​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​ទៅ​ បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិកក្នុង​ទំហំ​ដ៏​ខ្ពស់​មួយ​ក្នុង​ចំនួន​ទឹកប្រាក់​ជិត​ ១០៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ ​គឺមានចំនួន ​២,៥ ​ដង​ធំជាងចំនួនដែល​ខ្លួន​ធ្លាប់​មានក្នុង​ឆ្នាំ​ ២០១៨​ ​នៅ​ពេល​ដែល​រដ្ឋបាល​លោក ​Trump ​កំណត់​ការ​យកពន្ធ​នាំចូល​ដ៏​ខ្លាំង​ដំបូង​លើ​ទំនិញរបស់​ចិននៅ​ពេល​នោះ។

ប្រទេស​វៀតណាម​នៅ​ពេល​នេះ​ ជា​ប្រទេសដែល​មាន​ទំហំ​ពាណិជ្ជកម្មលើស​ខ្ពស់បំផុត​ទី​ ៤ ជាមួយអាមេរិក​ ​បន្ទាប់​ពីប្រទេស​ចិន​ មិកស៊ិក​ និង​សហភាព​អឺរ៉ុប។

ការ​កើន​ឡើង​នូវ​ទំនាក់ទំនង​ទៅវិញ​ទៅមក​ ​កើត​ចេញ​ពី​ទិន្នន័យ​ពាណិជ្ជកម្ម ​គយ​និង​ការ​វិនិយោគ​ ដែល​ត្រូវ​បាន​ពិនិត្យ​ដោយទី​ភ្នាក់ងារ​សារព័ត៌មាន ​Reuters ​និង​ត្រូវ​បាន​បញ្ជូន​មក​ពី​អង្គការ​សហប្រជាជាតិ​ សហរដ្ឋ​អាមេរិក វៀតណាម​ និង​ប្រទេស​ចិន ​ក៏​ដូច​ជា​ត្រូវ​បាន​បញ្ជាក់ដោយ​ការប៉ាន់ស្មានជា​បឋមរបស់​ធនាគារ​ពិភពលោក​ ​អ្នក​សេដ្ឋកិច្ច​និង​អ្នក​ជំនាញ​សង្វាក់​ផ្គត់ផ្គង់​ជា​ច្រើននាក់ផ្សេង​ទៀត​ផង​ដែរ។ ​

ទិន្នន័យ​នេះ​បង្ហាញ​ថា​ កំណើន​ការ​នាំចេញ​របស់​វៀតណាមត្រូវ​បាន​ជំរុញ​ខ្លាំងឡើង​ដោយ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​ដែល​នៅ​ក្បែរ​ខាង​ ដែល​ចំនួន​នៃ​ការ​នាំចូលពី​ប្រទេស​ចិនទៅ​ក្នុង​ប្រទេស​វៀតណាម​ ​មាន​ចំនួន​ដូច​គ្នា​នឹង​ចំនួន​នៃ​ការ​នាំចេញ​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដែរ​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ។ ​

ក្នុង​ការ​ប៉ាន់ស្មានជា​បឋមដែល​ត្រូវ​បានផ្តល់​ដល់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ​នោះ​ ធនាគារ​ពិភពលោក​បាន​គណនា​ពី​ការ​សមាមាត្រ​គ្នា​នៃការនាំចូលក្នុង​ចំនួន​ ៩៦ ភាគរយក្នុង​រយៈពេល​ពីរខុស​គ្នា​ គឺ​មាន​ចំនួន​សមាមាត្រ​គ្នា​នេះកើន​ឡើងពី​ចំនួន ៨៤ ភាគរយ​ ពី​មុន​ពេល​លោក​ Donald Trump ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។ ​

អ្នក​សេដ្ឋកិច្ច​នាំមុខ​ម្នាក់​នៃក្រុមហ៊ុន​ស្រាវជ្រាវ​ BMI លោក​ Darren Tay ​និយាយ​ថា៖​ «ការ​ហក់ឡើង​ខ្ពស់​នៃ​ការ​នាំ​ចូល​ទំនិញរបស់​ចិន​ទៅ​ក្នុង​ប្រទេស​វៀតណាម​ កើត​ឡើង​ជួន​ពេលជាមួយ​គ្នា​នៃ​ការ​នាំចេញរបស់​វៀតណាម​ទៅសហរដ្ឋអាមេរិក​ដែរ​នោះ​ អាចត្រូវ​បាន​មើល​ឃើញ​ដោយ​សហរដ្ឋ​អាមេរិក​ថា​ ក្រុមហ៊ុន​ចិន​ជា​ច្រើន បាន​ប្រើប្រាស់​ប្រទេស​វៀតណាម​ ​ដើម្បី​គេច​ចេញ​ពីការកំណត់​យក​ពន្ធ​បន្ថែម​លើ​ទំនិញរបស់​ខ្លួន»។

លោក​បន្ថែម​ទៀត​ថា​ ការណ៍​នេះ​អាច​នាំ​ឱ្យ​មាន​ការ​យកពន្ធ​ប្រឆាំង​នឹង​ប្រទេស​វៀតណាម​ ក្រោយ​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក។

អតុល្យភាព​ខាង​ពាណិជ្ជកម្ម​ដែល​កំពុង​កើន​ឡើង​ កើត​មាន​ឡើង​ខណៈ​ដែល​ប្រទេស​វៀតណាមកំពុង​ស្វះស្វែង​រក​ឋានៈខ្លួនជា​សេដ្ឋកិច្ច​ទីផ្សារ​ (market economy status) ក្នុង​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពីប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden បាន​ជំរុញ​លើក​កម្ពស់​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម​ ដែល​ជា​អតីត​គូ​សត្រូវរបស់​ខ្លួន។

​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ជាង​ ១១៤ ​ពាន់លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ ​ការ​នាំ​ចូល​ទំនិញពី​វៀតណាមមក​កាន់​អាមេរិក​មាន​ចំនួនច្រើន​ជាង​ ២ ​ដង​នៃ​ចំនួន​ក្នុង​ឆ្នាំ​ ២០១៨​ នៅ​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្មរវាង​អាមេរិក​និងចិន​បាន​ចាប់​ផ្តើម។​ សង្គ្រាម​ពាណិជ្ជកម្ម​នេះជំរុញ​ឱ្យ​វៀតណាមជា​កន្លែង​កាន់​តែទាក់ទាញ​ឡើង​សម្រាប់ក្រុមហ៊ុន​កម្មន្តសាល​និង​ពាណិជ្ជករនានា ដែល​ព្យាយាម​កាត់បន្ថយ​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ភាព​តានតឹងរវាង​អាមេរិក​និង​ចិន។​

​ការ​ហក់​ឡើង​នោះមាន​ចំនួនស្មើ​នឹងជាង​ពាក់​កណ្តាលនៃ​ចំនួន​ធ្លាក់​ចុះ ​១១០ ​ពាន់លាន​ដុល្លារតាំង​ពី​ឆ្នាំ​២០១៨មក នៃការនាំចូល​ប្រទេស​ចិន​ទៅ​អាមេរិក។ ​នេះ​បើ​តាមទិន្នន័យ​ពាណិជ្ជកម្ម​អាមេរិក​ដែល​បាន​បង្ហាញ​ឱ្យ​ដឹង។​ ​ ​

លោក​ Nguyen Hung អ្នក​ឯកទេស​ខាង​សង្វាក់​ផ្គត់ផ្គង់​នៃ​សាកលវិទ្យាល័យ​ RMIT ​វៀតណាម​និយាយ​ថា៖​ «វៀតណាម​ជា​អ្នក​រ៉ាប់រង​ទទួល​យកនូវ​ការ​បាត់បង់​របស់​ចិន​ជាង ​៦០ ភាគរយ‍» ​ក្នុង​ឧស្សាហកម្ម​សំខាន់ៗដូច​ជាវិស័យ​វាយនភណ្ឌ​និង​ឧបករណ៍​អេឡិចត្រូនិក​ជា​ដើម។ ប៉ុន្តែ​ការ​រួម​ចំណែក​របស់​ចិននៅ​តែ​ជា​រឿង​សំខាន់​ខ្លាំង ដូច​អ្វី​ដែលវៀតណាម​នាំចេញ​ភាគច្រើន​បំផុតទៅ​កាន់អាមេរិក​ គឺមាន​គ្រឿង​បន្លាស់​និង​គ្រឿង​បង្គំ​ផ្សេងៗទៀត​ ដែល​ធ្វើ​នៅ​ក្នុងប្រទេស​ចិន។ ​នេះ​បើ​តាមទិន្នន័យ​ ដែល​បាន​បង្ហាញ។ ​

​គ្រឿង​ផ្គុំ​នាំចូល​ក្នុង​ប្រទេស​វៀតណាមក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន​ប្រហែល ​៨០ ភាគរយ​ នៃ​តម្លៃ​គ្រឿង​អេឡិចត្រូនិក​នាំចេញ​របស់វៀតណាម ដែល​មាន​អាមេរិក​ជាទី​ផ្សារ​នាំចូល​ដ៏​សំខាន់​ពីវៀតណាម។ ​នេះ​បើ​តាម​ទិន្នន័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ទំនិញ​នាំចេញ​ ១ភាគ​៣ ​របស់​វៀតណាមបាន​នាំចូល​ពី​ប្រទេស​ចិន​ ដែក​ភាគ​ច្រើន​មាន​ដូច​ជា​គ្រឿង​អេឡិចត្រូនិកនិង​គ្រឿង​បង្គំ​ផ្សេងៗទៀត។ ​នេះ​បើ​យោងទៅ​លើ​ទិន្នន័យ​វៀតណាម​ ដែល​មិន​បាន​បង្ហាញ​សេចក្តីលម្អិត​បន្ថែម។

ទំនិញ​ពាក់កណ្តាល​សម្រេចប្រមាណ​ ៩០ ភាគរយ ដែល​ត្រូវ​បាន​នាំចូលដោយ​ឧស្សាហកម្ម​វាយនភណ្ឌ​និង​អេឡិចត្រូនិក​របស់​វៀតណាម​ក្នុង​ឆ្នាំ​ ២០២០ ​ត្រូវ​បាន​«បង្កប់​នៅ​ក្នុងការនាំចេញ» ជា​បន្តបន្ទាប់។ នេះ​បើ​តាម​អង្គការ​សម្រាប់​ការ​អភិវឌ្ឍន៍និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ដែល​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ ដោយបានកត់សម្គាល់​ថា​ វា​មាន​ចំនួន​ខ្ពស់​ជាងមួយ​ទសវត្សរ៍​មុន​ និង​ខ្ពស់​ជាង​ចំនួន​មធ្យម​ខ្លាំង​ នៅ​ក្នុង​ប្រទេសដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន។

​ខណៈ​អតិផរណា​នៅ​ខ្ពស់​នៅ​ឡើយ​ សេតវិមាននៅ​រក្សា​ភាព​ស្ងាត់ស្ងៀម លើទំហំ​ពាណិជ្ជកម្ម​លើស​ដ៏​ធំ​ខ្លាំង​របស់​វៀតណាម​ ប៉ុន្តែ​រឿង​នេះ​អាច​នឹងមាន​ការ​ផ្លាស់ប្តូរ​ បន្ទាប់​ពី​ការ​បោះឆ្នោតក្នុង​សហរដ្ឋ​អាមេរិកក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ ​នេះបើ​តាម​វិភាគ​មួយ​ចំនួន​ដែល​បាន​និយាយ។

លោក​ Nguyen Ba Hung សេដ្ឋវិទូ​ចម្បង​នៃ​បេសកកម្ម​ការទូតវៀតណាម​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និយាយ​ថា៖​ «សេណារីយ៉ូ​ដែល​អាច​ទៅ​រួច​មួយ​គឺ​ថា​ ក្រោយ​ការ​បោះឆ្នោត​នៅ​អាមេរិក​ហើយ​ អ្នកណា​ក៏​ដោយ​ ដែល​ឈ្នះ​ការបោះឆ្នោត​នេះ​ ​អាច​ផ្លាស់ប្តូរ​គោល​នយោបាយចំពោះ​វៀតណាម»។ លោក​បាន​កត់សម្គាល់ថា​ ​ទោះ​ជា​យ៉ាង​នេះ​ក្តីក៏​ការណ៍​នេះ​នឹងបង្កើន​តម្លៃ​នាំចូល​របស់​អាមេរិក​ផង​ដែរ។ ​ ​

ស្ថានទូត​សហរដ្ឋ​អាមេរិកក្នុង​រដ្ឋធានី​ហាណូយ​ ប្រទេស​វៀតណាម​ បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​លើ​អតុល្យភាពពាណិជ្ជកម្ម​នេះ​ទេ។ ​ក្រសួង​ការបរទេសនិង​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម មិន​បាន​ឆ្លើយ​តបទៅ​នឹង​សំណើសុំអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ឡើយ។ ដោយឡែក​ក្រសួង​ពាណិជ្ជកម្ម​ចិន​ ក៏​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើសុំ​ធ្វើ​អត្ថាធិប្បាយ​នេះ​ដែរ។ ​

ការ​ហក់ឡើង​នៃ​ពាណិជ្ជកម្ម​រវាងចិន ​វៀតណាម​និងអាមេរិក​ ឆ្លុះ​បញ្ចាំងពី​វិនិយោគទុន​កើន​ឡើង​នៅ​ក្នុង​ប្រទេសអាស៊ីអាគ្នេយ៍ ដែល​ជា​មជ្ឈមណ្ឌល​កម្មន្តសាល​មួយ​នេះ​ ខណៈ​ដែល​ក្រុមហ៊ុនមួយ​ចំនួន​កំពុង​ស្វះស្វែង​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ចិន។

​ក្រុមហ៊ុន​ផលិត​ទាំង​នោះជា​ច្រើនជា​របស់​ចិន បាន​បង្កើត​រោងចក្រ​ថ្មីៗ​នៅ​វៀតណាម​ខាង​ជើង​ ប៉ុន្តែ​នៅ​តែ​ពឹង​ផ្អែក​ខ្លាំងលើ​សង្វាក់​ផ្គត់ផ្គង់​ពីប្រទេសកំណើត​របស់​គេ​ដដែល៕

ប្រែសម្រួល​ដោយ លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG