ស្ថាប័ននីតិប្បញ្ញត្តិវៀតណាមបានអនុម័តយល់ព្រមទៅលើការលាលែងពីតំណែងរបស់លោក Vuong Dinh Hue ប្រធានសភា នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២ ខែឧសភានេះ។ លោក Hue គឺមន្ត្រីថ្នាក់កំពូលចុងក្រោយដែលបានចុះចេញពីតំណែង ខណៈមានការពង្រីកការបង្ក្រាបទៅលើអំពើពុករលួយពីសំណាក់បក្សកុម្មុយនីស្តវៀតណាម។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការចាកចេញរបស់លោក Hue ដែលត្រូវបានប្រកាសកាលពីចុងខែមេសា ដោយគណៈកម្មាធិការកណ្ដាលនៃបក្សកុម្មុយនីស្ត ធ្វើឱ្យប្រទេសវៀតណាមគ្មានអ្នកកាន់តំណែងអចិន្ត្រៃយ៍សម្រាប់តំណែងកំពូលចំនួនពីរ បន្ទាប់ពីលោកប្រធានាធិបតី Vo Van Thuong បានលាលែងកាលពីចុងខែមីនាកន្លងទៅ។ ការណ៍នេះធ្វើឱ្យមានចម្ងល់អំពីស្ថិរភាពនយោបាយនៅក្នុងប្រទេសនេះ ប៉ុន្តែការវិនិយោគពីបរទេសមិនទាន់ទទួលរងផលប៉ះពាល់ភ្លាមៗនោះទេ។
ទាំងលោក Hue ដែលមានអាយុ ៦៧ឆ្នាំ និងលោក Thuong ដែលមានអាយុ ៥៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីការរំលោភបំពាននានាដែលមិនច្បាស់លាស់និងចោទប្រកាន់ពីចំណុចខ្វះខាតរបស់ពួកគេ បន្ទាប់ពីករណីពុករលួយមួយចំនួនមានជំពាក់វាក់វិនជាមួយនឹងមនុស្សដែលស្និទ្ធនឹងពួកលោក ឬជាមនុស្សដែលស្ថិតក្រោមការដឹកនាំរបស់លោកតែម្ដង។ អ្នកដែលកាន់តំណែងមុនលោក Thuong ក៏បានលាលែងពីតំណែងប្រធានាធិបតីនៅពាក់កណ្ដាលអាណត្តិកាលពីឆ្នាំមុន។ រហូតមកទល់នឹងពេលនេះ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេបានធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនោះទេ។
ការលាលែងពីតំណែងទាំងនេះជាប់ពាក់ព័ន្ធទៅនឹងយុទ្ធនាការប្រឆាំងនឹងការសូកប៉ាន់ឈ្មោះថា យុទ្ធនាការ «blazing furnace» ដ៏ទូលំទូលាយ ដែលត្រូវបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៦ ដោយលោក Nguyen Phu Trong លេខាធិការបក្សកុម្មុយនីស្តដែលបច្ចុប្បន្ននេះកំពុងមានវ័យចំណាស់។
ការបង្ក្រាបនេះមានសកម្មភាពកាន់តែខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ខណៈដែលបក្សកុម្មុយនីស្តវៀតណាមកំពុងខិតកាន់តែជិតទៅរកការធ្វើសមាជ និងរុះរើតំណែងកំពូលៗនៅឆ្នាំ២០២៦ខាងមុខនេះ។
អង្គនីតិប្បញ្ញត្តិបានតែងតាំងអនុប្រធានរបស់លោក Hue គឺលោក Tran Thanh Man កាន់តំណែងជំនួសជាបណ្ដោះអាសន្ន។ នេះបើតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
លោក Man អាយុ ៥៨ឆ្នាំ ដែលជាបណ្ឌិតសេដ្ឋកិច្ច ក៏ជាមនុស្សម្នាក់នៅក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពលដែលបច្ចុប្បន្ននេះមានសមាជិកតែ១៣រូបប៉ុណ្ណោះក្នុងចំណោមសមាជិកកំពូល ១៨រូប បន្ទាប់ពីសមាជិកមួយចំនួនបានលាលែងពីសមាជិកភាពនេះដោយជាប់ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងការសូកប៉ាន់។
មានការលេចឡើងថា លោក Hue អាចជាបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអចិន្ត្រៃយ៍បក្ស ដែលជាតួនាទីដ៏មានអំណាចខ្ពស់បំផុតនៅវៀតណាម។ មុនពេលចូលបម្រើការនៅរដ្ឋសភា លោកគឺជាមនុស្សម្នាក់ក្នុងចំណោមសសរស្តម្ភទាំងបួននៃប្រទេសនេះ រួមជាមួយនឹងប្រធានបក្ស ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។
រដ្ឋសភាជាតិវៀតណាម គ្រោងនឹងរៀបចំកិច្ចប្រជុំសាមញ្ញទៀងទាត់ រយៈពេលមួយខែចាប់ពីថ្ងៃទី២០ ខែឧសភាខាងមុខនេះ ដែលក្នុងរយៈពេលនេះប្រធានាធិបតីថ្មី និងប្រធានសភាថ្មីអាចនឹងត្រូវតែងតាំងបន្ទាប់ពីគណបក្សកុម្មុយនីស្តបានចាត់តាំងពួកគេ។
វិនិយោគទុនពីបរទេសនិងអំពើពុករលួយ
វិនិយោគិនបរទេសដែលជាបង្អែកដ៏ធំរបស់វៀតណាម បានចាត់ទុកស្ថិរភាពនយោបាយថាជាកត្តាដ៏សំខាន់មួយ ប៉ុន្តែការផ្លាស់ប្តូរនេះហាក់មិនបណ្ដាលឱ្យពួកគេកែប្រែចិត្តអ្វីនោះទេ។
ការស្ទង់មតិមួយធ្វើឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុប ក្រោយការលាលែងពីតំណែងរបស់ប្រធានាធិបតីកាលពីខែមីនា បានរកឃើញថា ទំនុកចិត្តផ្នែកពាណិជ្ជកម្មនៅតែបន្តកើនឡើង។
គម្រោងវិនិយោគពីបរទេសបានធ្លាក់ចុះបន្តិចបន្តួចកាលពីខែមីនា មកនៅត្រឹម ១,៩ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិវៀតណាម។ ប៉ុន្តែគម្រោងវិនិយោគនេះបានឡើងដល់ទៅ ៣,១ពាន់លានដុល្លារនៅខែមេសា ដោយសារតែការវិនិយោគពីចិននិងហុងកុង។
ផលប៉ះពាល់ពីចលាចលផ្នែកនយោបាយមិនបង្ហាញភ្លាមៗទេ ហើយអាចនឹងពិបាកវាស់វែង។ នេះបើតាមការលើកឡើងរបស់ទីប្រឹក្សាបរទេសម្នាក់នៅប្រទេសវៀតណាម ដែលសុំមិនបញ្ចេញឈ្មោះដោយសារតែប្រធានបទនេះជាប្រធានបទរសើបនៅប្រទេសវៀតណាម។
វិនិយោគិនជារឿយៗលើកឡើងពីភាពយឺតយ៉ាវនៃដំណើរការរដ្ឋបាលនិងការធ្វើកំណែទម្រង់ ថាអាចធ្វើឱ្យមានលទ្ធផលអវិជ្ជមាន កើតចេញពីភាពច្របូកច្របល់ផ្នែកនយោបាយនិងការបង្កើនយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ប៉ុន្តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេចោទសួរអំពីការការក្ដាប់អំណាចរបស់បក្សកុម្មុនីស្តទេ។
សម្រាប់វិនិយោគិនមួយចំនួន ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺជារឿងវិជ្ជមានសម្រាប់ពាណិជ្ជកម្ម ទោះបីជាលទ្ធផលចេញពីយុទ្ធនាការនេះមានភាពមិនច្បាស់លាស់ក៏ដោយ។
នៅខេត្តមួយចំនួនក្នុងប្រទេសវៀតណាម ប្រជាពលរដ្ឋរហូតដល់ទៅ៨០ភាគរយដែលបានចូលរួមក្នុងការស្ទង់មតិនៅឆ្នាំ២០២៣ សហការធ្វើឡើងដោយអង្គការ UNDP ចេញផ្សាយកាលពីខែមីនា បាននិយាយថា ពួកគេបានផ្ដល់ប្រាក់សាគុណដើម្បីទទួលបានសេវាសុខភាពសាធារណៈ ខណៈដែល«ការសូកប៉ាន់ដើម្បីបានការងារធ្វើក្នុងវិស័យសាធារណៈនៅតែកើតឡើងជាធម្មតា»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ