ថ្នាក់ដឹកនាំកំពូលនៃប្រទេសនៅតាមដងទន្លេមេគង្គ នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់នូវការប្តេជ្ញាចិត្តសាជាថ្មីទៅលើការអភិវឌ្ឍទន្លេមេគង្គប្រកបដោយចីរភាពខណៈមេដឹកនាំប្រទេសវៀតណាមបានលើកឡើងចំៗអំពីការព្រួយបារម្ភពីទំនប់វារីអគ្គិសនីលើដងទន្លេនិងផលប៉ះពាល់ដែលកំពុងកើតឡើងលើប្រជាជនវៀតណាម។
ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែមេសា នៅក្នុងខេត្តសៀមរាប ដែលជាកិច្ចប្រជុំអនុម័តផែនការ៤ឆ្នាំ ខណៈដែលមានការព្រួយបារម្ភលើទំនប់វារីអគ្គិសនីដែលកំពុងត្រូវបានសាងសង់លើតួទន្លេមេគង្គ។
នេះជាកិច្ចប្រជុំលើកទី៣ ដែលធ្វើឡើងជារៀងរាល់៤ឆ្នាំម្តង។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមការរៀបចំដោយគណៈកម្មការទន្លេមេគង្គ (MRC) ដែលមានមូលដ្ឋាននៅប្រទេសឡាវ និងត្រូវចូលរួមដោយថ្នាក់ដឹកនាំពីប្រទេសទន្លេមេគង្គ រួមមានប្រទេសថៃ ឡាវ កម្ពុជា វៀតណាម និងមន្រ្តីជាន់ខ្ពស់ពីប្រទេសចិន និងភូមា ឬមីយ៉ាន់ម៉ា ដែលជាដៃគូពិភាក្សា។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រុងសៀមរាបដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ថ្នាក់ដឹកនាំប្រទេសជាសមាជិកទាំងអស់បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញានយោបាយខ្ពស់បំផុតក្នុងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥។ ប្រទេសទាំងនោះ ក៏បានលើកឡើងអំពីការប្រឈមរបស់ទន្លេមេគង្គ ក្នុងនោះមានការអភិវឌ្ឍនានានៅលើទឹក គ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងផលប៉ះពាល់ដែលកើតឡើងដោយការប្រែប្រួលអាកាសធាតុ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «កត់សម្គាល់ថា ខណៈដែលការអភិវឌ្ឍនៃទន្លេមេគង្គ មានសារៈសំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៃប្រទេសទាំងអស់វាក៏បង្កើតនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សេដ្ឋកិច្ចសង្គម រួមទាំងផលប៉ះពាល់ឆ្លងដែន ដែលត្រូវតែដោះស្រាយរួមគ្នា»។
មេដឹកនាំនៃប្រទេសទាំងនោះ ក៏បានទទួលស្គាល់បញ្ហាប្រឈមនានានៅទន្លេមេគង្គ ដោយសារកំណើនប្រជាជន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើននៃតម្រូវការផ្នែកសន្តិសុខទឹក ស្បៀង និងថាមពល នៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ។
ប្រទេសទាំងអស់ក៏បានឯកភាពលើរូបមន្តបង់វិភាគទានថវិកាបន្ថែមរបស់ប្រទេសជាសមាជិក ដើម្បីឈានដល់គោលដៅនៃភាពជាម្ចាស់ការផ្នែកហិរញ្ញវត្ថុទាំងស្រុង ដោយគណៈកម្មការទន្លេមេគង្គ(MRC)នៅឆ្នាំ២០៣០។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យប្រទេសជាសមាជិក បន្តផ្តល់អាទិភាពដោះស្រាយបញ្ហាចម្បងៗដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃអាងទន្លេមេគង្គ រួមមានការគ្រប់គ្រងបរិស្ថាន និងកាកសំណល់ ការដោះស្រាយផលប៉ះពាល់ដល់បរិស្ថាន ដែលកើតចេញពីបម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ និងការបំពុលទឹកទន្លេ និងការគ្រប់គ្រងគម្រោងនានា ដែលពាក់ព័ន្ធនឹងចីរភាពអាងទន្លេមេគង្គ និងជីវចម្រុះ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ទាំងអស់នេះបង្ហាញពីភាពចាំបាច់ ដែលត្រូវរួមគ្នាគិតគូដោះស្រាយ ដោយឈរលើស្មារតីមេគង្គនិងកិច្ចសហប្រតិបត្តិការល្អនៅក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងចំៗអំពីការស្ថាបនាទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដែលនេះខុសពីការថ្លែងរបស់មេដឹកនាំផ្សេងៗ។ លោកបានបញ្ជាក់ថា«ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានកំពុងតែរេចរឹលកាន់តែធ្ងន់ធ្ងរ» ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។
នាយករដ្ឋមន្រ្តីវៀតណាមបានថ្លែងថា ៖ «ភាពអវិជ្ជមានទាំងអស់នោះ គឺជាប្រភពនៃទន្លេមេគង្គ ដែលមានភាពរេចរឹល អំពីបរិមាណនិងគុណភាព កំពុងប្រឈមមុខនឹងការរេចរឹលយ៉ាងធ្ងន់ធ្ងរ។ សញ្ញាអវិជ្ជមានទាំងអស់នោះ កំពុងលេចឡើងយ៉ាងច្បាស់ជាងពេលណាៗទាំងអស់…»។
នាយករដ្ឋមន្រ្តីវៀតណាមបានឲ្យដឹងទៀតថា ភាពអវិជ្ជមានទាំងនេះ បានប៉ះពាល់ទៅលើដីសណ្តនៅវៀតណាម ការបាក់ច្រាំងទន្លេ ច្រាំងសមុទ្រ និងដីជាដើម ដែលលោកថា កំពុងតែគំរាមកំហែងដល់ប្រជាជនវៀតណាមជាង២០លាននាក់។
លោក Nguyen Xuan Phuc ក៏បានជំរុញឲ្យមានការប្រើប្រាស់ទឹក ដោយសន្សំសំចៃ និងពិនិត្យមើលនិន្នាការនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាព្រះអាទិត្យ និងខ្យល់ជាដើម។
លោកមានប្រសាសន៍ថា៖ «តាមរយៈនេះ ខ្ញុំសូមស្នើMRC(គណៈកម្មការទន្លេមេគង្គ)របស់យើង ប្រមូលផ្តុំ ក្នុងការប្រើប្រាស់ប្រកបដោយសមភាព សមស្រប និងចរីភាព ប្រភពធនធានទឹកមេគង្គ និងប្រភពធនធានពាក់ព័ន្ធទាំងឡាយ»។
នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith ក៏បានថ្លែងពីការប្តេជ្ញាក្នុងការដោះស្រាយផលប៉ះពាល់លើទន្លេមេគង្គ ខណៈប្រទេសឡាវកំពុងស្ថាបនាទំនប់វារីអគ្គិសនីចំនួនពីរនៅលើតួមេទន្លេមេគង្គ ដែលត្រូវបានមើលឃើញថា បង្កផលប៉ះពាល់ដល់ត្រី និងជីវចម្រុះក្នុងទឹក។ តែនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសឡាវនឹងបន្តធ្វើតាមការសន្យារបស់ខ្លួន តែ ដោយមិនបានប្រាប់លម្អិតនោះទេ។
លោកបានថ្លែងថា ៖ «តទៅនេះ ខ្ញុំបាទសូមអះអាងថា ប្រទេសឡាវនឹងបន្តយកចិត្តទុកដាក់ពាក្យសន្យាផ្សេងៗដែលបានផ្តល់ដល់បណ្តាប្រទេសជាសមាជិកកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត និងចីរភាពបំផុត»។
នាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-ocha បានលើកឡើងពីការប្តេជ្ញារបស់ប្រទេសថៃក្នុងការការពារទឹកទន្លេ តែមិនបានលើកឡើងអំពីការស្ថាបនាទំនប់វារីអគ្គិសនីនោះទេ។
ប្រទេសឡាវកំពុងសាងសង់ទំនប់វារីអគ្គិសនីមួយចំនួននៅលើតួមេទន្លេមេគង្គក្រោម ក្នុងនោះមានទំនប់សាយ៉ាប៊ូរី (Xayaburi) និងដន សាហុង (Don Sahong) ដែលនាំឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើធនធានទឹក និងត្រី។ ប្រទេសឡាវក៏មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយទៀត ឈ្មោះប៉ាក់ បេង (Pak Beng) ដែលផ្ដល់ថាមពល៩១២មេហ្គាវ៉ាត់ និងមានតម្លៃប្រមាណ២.៣៧២លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ គម្រោងមួយនេះកំពុងស្ថិតនៅក្នុងដំណាក់កាលពិគ្រោះយោបល់ តាមយន្តការរបស់គណៈកម្មការទន្លេមេគង្គ។
លោក ដាវង់ ផនកែវ (Daovong Phonekeo) លេខាអចិន្ត្រៃយ៍នៃក្រសួងថាមពលនិងរ៉ែរបស់ប្រទេសឡាវ បានថ្លែងប្រាប់ VOAថា ភាគីឡាវសង្ឃឹមថា ប្រទេសទាំងអស់នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការអភិវឌ្ឍនៅទន្លេមេគង្គ។
លោកបានថ្លែងតាមទូរស័ព្ទថា៖
«ខ្ញុំនឹងរំពឹងថា យើងនឹងបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍតួមេទន្លេមេគង្គបន្តទៀត»។
លោក ដាវង់ ផនកែវ បានថ្លែងការពារថា មិនមានផលប៉ះពាល់ពីទំនប់វារីអគ្គិសនីដែលសាងសង់ដោយប្រទេសឡាវនោះទេ។ លោកមានប្រសាសន៍ថា៖
«ពីមុន គេនិយាយថា ប្រសិនបើទំនប់ដន សាហុងរាំងខ្ទប់ទឹក នោះចំនួនត្រីនឹងមានការធ្លាក់ចុះ។ ប៉ុន្តែឥឡូវនេះទំនប់បានខ្ទប់ទឹកជាង២ឆ្នាំហើយ ប៉ុន្តែមិនមានអ្វីកើតឡើងចំពោះត្រីនោះទេ។ យើងមានការសិក្សា និងមានការរៀបចំការកាត់បន្ថយផលប៉ះពាល់បានត្រឹមត្រូវ»។
ប្រទេសឡាវមានផែនការក្លាយជាអ្នកលក់ថាមពលដ៏ធំមួយនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។ បើតាមមន្រ្តីឡាវ ទំនប់សាយ៉ាប៊ូរី (Xayaburi) ត្រូវបានសាងសង់បានប្រហែល៨០ភាគរយហើយ រីឯទំនប់ដន សាហុង (Don Sahong) សង់បានប្រមាណ៥០ភាគរយ។ មន្រ្តីឡាវបានបញ្ជាក់ថា ទំនប់ទាំងពីរនឹងត្រូវបញ្ចប់ការសាង់សង់នៅពាក់កណ្តាលឆ្នាំ២០១៩។
លោក Brian Eyler នាយកកម្មវិធីទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក ខណៈលោកចូលរួមកិច្ចប្រជុំកំពូលនៅខេត្តសៀមរាបថា លោកជំរុញឲ្យប្រទេសនៅតាមដងទន្លេមេគង្គ ពិចារណាបង្កើតនូវថាមពល ក្រៅពីទំនប់វារីអគ្គិសនី។
លោកមានប្រសាសន៍ថា ៖ «ដើម្បីទទួលបានជោគជ័យក្នុងការធ្វើកិច្ចការនេះឲ្យបានល្អបំផុត យើងអាចទាញយកប្រយោជន៍ពីការកែច្នៃថ្មីនៅក្នុងប្រភពថាមពលកកើតឡើងវិញដែលមិនមែនទំនប់វារីអគ្គិសនី ដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងជីវសាស្រ្តចម្រុះ ហើយគិតឡើងវិញថាតើថាមពលកកើតឡើងវិញនេះ អាចបំពេញ និងប្រកួតជាមួយការបង្កើតថាមពលទំនប់វារីអគ្គិសនី»។
កិច្ចប្រជុំកំពូលនេះធ្វើឡើងពីរបីខែប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរ (LMC) ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ កាលពីខែមករា ដោយមានវត្តមានរបស់នាយករដ្ឋមន្រ្តីចិន លោក លី គឺឈាំង (Li Keqiang)។ ថ្នាក់ដឹកនាំនៃប្រទេសទាំងនេះក៏បានអនុម័តផែនការ៥ឆ្នាំនៃការអភិវឌ្ឍទន្លេមេគង្គផងដែរ៕