នៅពេលការសាងសង់ទំនប់វារីអគ្គិសនីមានកំណើនក្នុងប្រទេសចិន ទាំងចិននិងឡាវ កំពុងសម្លឹងមើលទីផ្សារលក់ថាមពលអគ្គិសនីដែលសល់លើសលុបទៅកាន់ប្រទេសជិតខាងខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមអ្នកវិភាគក្នុងរដ្ឋធានី វ៉ាស៊ីនតោន និយាយថា តម្លៃថាមពលអគ្គិសនីថោកអាចនឹងជួយជំរុញការអភិវឌ្ឍន៍ក្នុងប្រទេសនានាដូចជាប្រទេសកម្ពុជា។
លោក Brian Eyler នាយកកម្មវិធីទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងប្រាប់ VOA ផ្នែកខេមរភាសាថា ការផ្គត់ផ្គង់អគ្គិសនីដែលសំបូរហូរហៀរ ហើយមានតម្លៃថោកអាចនឹងបង្អាក់គម្រោងការរបស់ឡាវក្នុងការក្លាយខ្លួនជាប្រទេសផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍។
«បើតាមស្ថានការណ៍សំខាន់នេះ ទំហំអគ្គិសនីដែលអាចចេញពីការកសាងវារីអគ្គិសនីឡាវ គឺជាបំណែកតូចមួយនៃតម្រូវការជាក់ស្តែងដែលប្រទេសនានាដូចជាថៃ ឡាវ កម្ពុជា ហើយនឹងវៀតណាមត្រូវការ»។
ថាមពលអគ្គិសនីចេញពីខេត្ត យូណាន(Yunnan) ប្រទេសចិនដែលគេឃើញថាកើតឡើង ដោយសារការកសាងទំនប់វារីអគ្គិសនីជាច្រើនក្នុងឆ្នាំថ្មីៗនេះ អាចប្រើប្រាស់លើសតម្រូវការក្នុងតំបន់ជិតឆ្ងាយនៃទន្លេមេគង្គ និងដៃទន្លេនោះ នឹងមានតម្លៃប្រហែល៣សែនដុល្លារ ឬក្រោម៤០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ការណ៍នេះមានន័យថា តម្លៃភ្លើងដែលទៅដល់ប្រទេសកម្ពុជា ច្បាស់ជានឹងនៅតែថោកជាងតម្លៃភ្លើងដែលត្រូវទិញពីទំនប់វារីអគ្គិសនីរបស់ឡាវ ដូចជាទំនប់សាយ៉ាបូរីនិងដន សាហុង។
«ដោយសារតែរដ្ឋាភិបាលចូលចិត្តប្រើមធ្យោបាយតាមប្រព័ន្ធគ្រប់គ្រងបែបប្រមូលផ្តុំ គេឃើញមានកន្លែងផ្ទុកចរន្តអគ្គិសនីដ៏ធំនៅតែក្នុងតំបន់ទីក្រុង។ តែសមត្ថភាពនៃការផលិតស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងតំបន់ភ្នំ។ ដូច្នេះបើលោកអ្នកគិតអំពីវារីអគ្គិសនី គឺគ្រាន់តែមានគំនិតសាងសង់ប្រព័ន្ធផ្ទេរ និងចែកចាយភ្លើងដល់ទីកន្លែងដាច់ស្រយាលឆ្ងាយៗ ហើយភ្ជាប់ប្រព័ន្ធទាំងនោះទៅនឹងទីប្រជុំជនក្នុងទីក្រុងតែប៉ុណ្ណោះ»។
លោកបានបន្តថា ពិភពលោកនឹងមិនជ្រើសរើសផ្លូវដូច្នោះទៀតទេ។ លោកបានបន្ថែមថា៖
«តែពិភពលោកនេះមិនមែនដើរទៅតាមផ្លូវនោះទេ។ ពិភពលោកដើរឆ្ពោះទៅរកប្រព័ន្ធបែងចែក ដែលថាមពលអគ្គិសនីនឹងហូរទៅកាន់ទិសដៅជាច្រើនកន្លែងទាំងអស់នៅជុំវិញខ្លួនយើង។ ដូច្នេះតំបន់ទីក្រុងអាចផលិតអគ្គិសនីផងដែរតាមរយៈប្រព័ន្ធព្រះអាទិត្យដើម្បីចែកចាយ តាមរយៈទីតាំងមានខ្យល់ស្ថិតនៅជិតទីក្រុង។ វាពិតជាមិនតម្រូវឲ្យមានតម្រូវការបន្តតាមវិធីជាប្រព័ន្ធប្រមូលផ្តុំទៀតទេ»។
លោក Brian Eyler បានបន្ថែមថា បើយ៉ាងនោះមែន ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីខេត្ត យូណាន ផ្តល់ឲ្យរដ្ឋាភិបាលតំបន់អាស៊ីអាគ្នេយ៍នូវច្រកនៃឱកាសដើម្បីប្តូរទៅចាប់យកថាមពលដែលអាចប្រើប្រាស់ឡើងវិញបាន ជាពិសេសគឺពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងថាមពលឥន្ទនៈជីវសាស្ត្រ ដែលអាចផ្តល់ដំណោះស្រាយរយៈពេលវែងចំពោះការខ្វះខាតថាមពល។
មកដល់ពេលនេះ មានទំនប់វារីអគ្គិសនីចំនួន៣០ ត្រូវសាងសង់ក្នុងប្រទេសឡាវ ហើយមានចំនួន៧សាងសង់ក្នុងប្រទេសកម្ពុជា ដែលផ្តល់ថវិកាសំខាន់បំផុតពីក្រុមហ៊ុនរដ្ឋប្រទេសចិន។
លោកស្រី Courtney Weatherby អ្នកវិភាគស្រាវជ្រាវនៃមជ្ឈមណ្ឌល StimsonCenter បានថ្លែងប្រាប់ VOA ខេមរភាសាថា ប្រទេសកម្ពុជាមានជម្រើសក្នុងការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ។
«ខ្ញុំគិតថា វាជារឿងអាចទៅរួច ហើយវាមានអ្នកជំនាញបច្ចេកទេសនេះ អាចជួយបាន ហើយនឹងសហគមន៍អន្តរជាតិផងដែរ ដើម្បីជួយរកច្រកផ្លូវផ្សេងដែលអាចនឹងត្រូវតាមតម្រូវការសម្រាប់ប្រទេសឡាវ កម្ពុជា ហើយនឹងវៀតណាម ដើម្បីបង្កើតប្រាក់ចំណូលជាតិពីវិស័យអគ្គិសនី ហើយអាចការពារស្ថានភាពបរិស្ថានសង្គមបានប្រសើរ ដែលមានដ៏សំបូរបែបនៅជុំវិញទន្លេមេគង្គបច្ចុប្បន្ន ដែលរឿងនេះ ចាំបាច់ត្រូវចាប់ផ្តើមពិភាក្សាគ្នាភ្លាមៗអំពីប្រធានបទនេះ ជំនួសឲ្យការដែលធ្វើតាមការងារដដែលៗ»។
តម្លៃបច្ចេកវិទ្យាដើម្បីសាងសង់ប្រព័ន្ធស្រូបថាមពលព្រះអាទិត្យ ដែលគេស្គាល់នៅប្រទេសកម្ពុជាថាជាប្រព័ន្ធ សូឡានោះ បានធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ដែលក្រុមអ្នកជំនាញថា ការណ៍នេះគឺជាចង្អុលបង្ហាញថានឹងមានប្រាក់ចំណេញច្រើន ក្នុងរយៈពេលវែងតទៅទៀតសម្រាប់ការវិនិយោគលើថាមពលព្រះអាទិត្យ។
យ៉ាងណាក៏នៅមានប្រទេសជាច្រើននៅតែប្រឆាំងនឹងការផ្លាស់ប្តូរ ហើយមើលឃើញថា វិនិយោគផ្នែកថាមពលអគ្គិសនីដើរដោយប្រព័ន្ធព្រះអាទិត្យ មានភាពប្រថុយប្រថាន ដោយសារតែវាអាចទទួលបានផលចំណេញតិចតួចត្រឡប់មកវិញនៅឡើយ។
ជាមួយគ្នានេះដែរ ការសាងសង់ទំនប់អគ្គិសនីធំៗរាប់សិបតាមប្រព័ន្ធទន្លេមេគង្គក្លាយជារឿងចម្រូងចម្រាសក្នុងតំបន់ចំពោះផលប៉ះពាល់ដល់បរិស្ថានសង្គម។
លោកស្រី Courtney Weatherby បានបញ្ជាក់ថា៖
«ការប្រឈមដ៏ធំជាងគេពេលនេះ និងមកដល់កម្រិតនេះ គឺយើងកំពុងចាប់ផ្តើមមើលឃើញផលប៉ះពាល់ទាំងនោះ។ ហើយការប្រឈមដ៏ធំជាងគេចំពោះដំណើរការទៅមុខទៀតនោះ គឺការធានាថាគម្រោងទៅអនាគតទាំងឡាយត្រូវធ្វើដោយមានការសម្របសម្រួលគ្នាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ធ្វើដូច្នេះគេអាចកាត់បន្ថយនិងបង្រួមផលប៉ះពាល់យ៉ាងច្រើនតាមដែលអាចធ្វើបាន ពីព្រោះការបង្កើតគម្រោងនានាអាចកើតឡើងមែន តែវាអាចកើតឡើងតាមវិធីខ្ជីខ្ជាដែល គម្រោងនានាត្រូវគេមើលទៅលើការកាត់បន្ថយបញ្ហារៀងៗខ្លួន តែគ្មានការសម្របសម្រួលគ្នា ហើយបើដូច្នោះជាលទ្ធផលនៅទីបញ្ចប់ អាចនឹងក្លាយទៅជាមហន្តរាយសម្រាប់ប្រទេសនៅខ្សែទឹកខាងក្រោម»។
នៅក្នុងកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន ប្រទេសចិនបានជំរុញឲ្យមានការបង្កើតគម្រោងរយៈពេល៥ឆ្នាំសម្រាប់ទន្លេមេគង្គ ក្នុងពេលជួបប្រជុំជាមួយប្រទេសនៅខ្សែទឹកខាងក្រោម។ លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាង បានថ្លែងក្រោយពីកិច្ចប្រជុំថា កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងនេះមិនមែនគ្រាន់តែស្ថិតនៅលើបបូរមាត់ទេ។ លោក លី បានបញ្ជាក់ថា៖
«សហប្រតិបត្តិការមេគង្គ ឡានឆាង មិនមែនជាកន្លែងនិយាយតែបបូរមាត់នោះទេ គឺយើងនិយាយលើគោលការណ៍សំខាន់នៅក្នុងកិច្ចប្រជុំនេះ យើងត្រូវគោរពគ្នាទៅវិញទៅមក ចាត់ទុកគ្នាទៅវិញទៅមក ដោយស្មើភាព ដើម្បីការអភិវឌ្ឍរួម»។
គម្រោងការជាក់ស្តែងនេះមានលក្ខណៈទំលំទូលាយ ដោយគ្របដណ្តប់លើគ្រប់វិស័យនៃការគ្រប់គ្រង ដែលពិបាកនឹងចាប់យកចំណុចគោលបំណងជាក់លាក់ហើយក៏គ្មានជំហានច្បាស់លាស់ដែលឃើញថាអាចដោះស្រាយការគម្រាមកំហែង បង្កើតដោយមនុស្សដែលកំពុងកើនយ៉ាងខ្លាំងចំពោះប្រព័ន្ធទន្លេមេគង្គដែរ៕