ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់ដឹកនាំ​នឹង​អនុម័ត​ផែនការ​អភិវឌ្ឍ​៤​ឆ្នាំ​បន្ទាប់​នៃ​ទន្លេមេគង្គ​ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទំនប់​វារី​អគ្គិសនី


រូបឯកសារ៖ ទិដ្ឋភាព​ទំនប់​វារី​អគ្គិសនី​កំចាយ​នៅ​ក្នុង​ខេត្ត​កំពត ចម្ងាយ​ប្រមាណ​១៤៦​គីឡូម៉ែត្រ​ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៨។ (Reuters)
រូបឯកសារ៖ ទិដ្ឋភាព​ទំនប់​វារី​អគ្គិសនី​កំចាយ​នៅ​ក្នុង​ខេត្ត​កំពត ចម្ងាយ​ប្រមាណ​១៤៦​គីឡូម៉ែត្រ​ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៨។ (Reuters)

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​នៃ​ទន្លេ​មេគង្គ​នៅ​ដើម​ខែ​ក្រោយ​នេះ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប។

ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ នៅ​ដើម​ខែ​មេសា​នេះ ​ដែល​ជា​កិច្ច​ប្រជុំ​អនុម័ត​នូវ​ផែន​ការ​៤​ឆ្នាំ​ ខណៈ​ដែល​មាន​ការ​ព្រួយ​បារម្ភ​លើ​ទំនប់​វារី​អគ្គិសនី​ដែល​កំពុង​ត្រូវ​បាន​សាងសង់​លើ​តួ​ទន្លេ​មេគង្គ។​

នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​៣ ​ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​៤​ឆ្នាំ​ម្តង​ ហើយ​លើក​ទី១​ ​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ​កាល​ពី​ឆ្នាំ​២០១០លើក​ទី​២ ​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៤ ។​ កិច្ច​ប្រជុំ​កំពូល​ដែល​ធ្វើ​ឡើង​ក្រោម​ការ​រៀបចំ​ដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC)​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឡាវ ​នឹង​ត្រូវ​ចូល​រួម​ដោយ​ថ្នាក់​ដឹកនាំ​ពី​ប្រទេស​ទន្លេ​មេគង្គ ​រួម​មាន​ប្រទេស​ថៃ​ ឡាវ ​កម្ពុជា​ វៀតណាម​ និង​មន្រ្តី​ជាន់​ខ្ពស់​ពី​ប្រទេស​ចិន ​និង​ភូមា ឬ​មីយ៉ាន់ម៉ា ​ដែល​ជា​ដៃគូ​ពិភាក្សា។​

សេចក្តី​ប្រកាស​ព័ត៌មានរបស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​បញ្ជាក់​ថា៖

«កិច្ច​ប្រជុំ​កំពូល​ទន្លេ​មេគង្គ​ ដែល​ធ្វើ​ឡើង​៤​ឆ្នាំម្តង​នេះ​ នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ​នយោបាយ​ទាំង​អស់ ​ដើម្បី​ដោះស្រាយ​នូវ​ការ​ប្រឈម​ និង​ឱកាស​នានា​ដែល​កំពុង​កើត​ឡើង​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ។ វា​ជា​ឱកាស​មួយ​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទាំង​៤​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ដែល​ធ្វើ​ឡើង​៤​ឆ្នាំ​មុន ​និង​យល់​ព្រម​ទៅ​លើ​យុទ្ធសាស្រ្ត​សម្រាប់​អនាគត»។​

លោក តែ ណាវុធ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ ​បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​កិច្ច​ប្រជុំ​កំពូល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ ​មាន​គោល​បំណង​បី​ធំៗ​ គឺ​ទីមួយ​ ដើម្បី​រំឭក​ឡើង​វិញ​នូវការ​ប្តេជ្ញា​នៃ​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC)​ លើ​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​ ស្រប​តាម​កិច្ចព្រម​ព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ ​ ទីពីរ​ពិនិត្យ​មើល​សមិទ្ធផល​ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ធ្វើ​កាល​ពី​៤​ឆ្នាំ​កន្លង​ទៅ​ និង​ទីបី​គឺ​ការ​អនុម័ត​ផែន​ការ​៤​ឆ្នាំ​បន្ទាប់​ទៀត។​ លោក​បន្ត​ថា ​កន្លង​ទៅ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ជា​បន្ត​បន្ទាប់​នៅ​លើ​ទន្លេ​មេគង្គ ​ជាពិសេស​ការ​សាងសង់​ទំនប់​របស់​ប្រទេស​ឡាវ។

លោក ​តែ ណាវុធ​ បាន​មាន​ប្រសាសន៍​ថា៖

«បញ្ហា​ជាក់​ស្តែង​គឺ​កំណើន​ប្រជាជន ​ធ្វើ​ឲ្យ​តម្រូវ​ការ​ទឹក​កើន​ឡើង។​ យើង​មាន​គម្រោង​វារីអគ្គិសនី​ធំៗ ​នៅ​ក្នុង​ប្រទេស​ខ្លះ ​ដូចជា​ប្រទេស​ឡាវ​អី​ ប្រទេស​ចិន​នៅ​ខាង​លើ។​ អិចឹងគាត់​មាន​ការ​ប្រើប្រាស់​ថាមពល ​ហើយ​និង​បញ្ហា​គម្រោង​ធារា​សាស្រ្ត​ធំៗ​មួយ​ចំនួន ​ដែល​ប្រើប្រាស់​ទឹក។ ​អីចឹង​ហើយ​នេះ​ជា​ការ​បារម្ភ​ បញ្ហា​ប្រឈម ​ហើយ​ទន្ទឹម​នឹងក៏​មាន​ការ​ប្រែប្រួល​ផង​ដែរ​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ហ្នឹង។ អីចឹង​ប្រមុខ​រដ្ឋាភិបាល​ទាំង​បួន​ជួប​គ្នា​ដើម្បី​ពិភាក្សា ​ហើយ​ជជែក​គ្នា ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​អំពី​ការ​គ្រប់គ្រង​អាង​ទន្លេ​មេគង្គ»។​

បើ​តាម​លោក តែ ណាវុធ ​មុន​នឹង​មាន​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​នោះ​ ​នឹង​មាន​សន្និសីទ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២ ​និង​ទី​៣​ ខែ​មេសា ​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា ​បញ្ចេញ​យោបល់ ​និង​បង្ហាញ​ការ​ព្រួយ​បារម្ភ​នានា​អំពី​ទន្លេ​មេគង្គ​ ហើយ​បន្ទាប់​មក​នឹង​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​ទី​៤ ​ខែ​មេសា។

នៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​នេះ​ ប្រទេស​ទាំង​អស់​នឹង​រួម​គ្នា​ចេញ​សេចក្តី​ថ្លែង​ការណ៍​ក្រុង​សៀមរាប​ ដែលនឹង​មាន​ការ​ប្តេជ្ញា​អភិវឌ្ឍ​ទន្លេ​មេគង្គ​ប្រកប​ដោយ​«ស្មារតី​សាមគ្គីភាព​ មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ»។ ​នេះ​បើ​យោង​តាម​លោក តែ​ ណាវុធ។ ​

លោក​ តឹក វណ្ណារ៉ា ​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា ​(NGO Forum on Cambodia) មាន​ប្រសាសន៍​ថា ​សង្គមស៊ីវិល​នៅ​កម្ពុជា​រាប់​សិប​អង្គការ​នឹង​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ នៅមុន​កិច្ចប្រជុំ ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ការពារ​ទឹក​ទន្លេ​មេគង្គ និង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​

កិច្ច​ប្រជុំ​កំពូល​នេះ​ធ្វើ​ឡើង​ពីរ​បី​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ឡាន​ឆាង​លើក​ទីពីរ​ ​(LMC)​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ខែ​មករា ​ដោយ​មាន​វត្តមាន​របស់​នាយក​រដ្ឋមន្រ្តី​ចិន ​លោក​ ​លី គឺឈាំង ​(Li Keqiang)។​ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​នេះក៏​បាន​អនុម័ត​ផែនការ​៥ឆ្នាំ​នៃ​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ​ផង​ដែរ។​

ប្រទេស​ឡាវ​កំពុង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្រោម ​ក្នុង​នោះ​មាន​ទំនប់​សាយ៉ាប៊ូរី ​(Xayaburi)​ និង​ដន សាហុង​ (Don Sahong) ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ធនធាន​ទឹក ​និង​ត្រី។​ ប្រទេស​ឡាវ​ក៏​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ទៀត ​ឈ្មោះប៉ាក់ បេង​ (Pak Beng) ​ដែល​ផ្ដល់​ថាមពល​៩១២​មេហ្គាវ៉ាត់ ​និង​មាន​តម្លៃ​ប្រមាណ​២៣៧២​លាន​ដុល្លារ​អាមេរិក។ ​បច្ចុប្បន្ន​នេះ ​គម្រោង​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិគ្រោះ​យោបល់ ​តាម​យន្តការ​របស់​គណៈ​កម្មការ​ទន្លេមេគង្គ។

លោក ​ដាវង់ ផនកែវ ​(Daovong Phonekeo) ​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ភាគី​ឡាវ​សង្ឃឹមថា ប្រទេសទាំង​អស់នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​លើ​ការ​អភិវឌ្ឍ​នៅ​ទន្លេ​មេគង្គ។​

លោក​បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា៖​

«ខ្ញុំ​នឹង​រំពឹង​ថា​ យើង​នឹង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​អភិវឌ្ឍ​តួ​មេទន្លេ​មេគង្គ​បន្ត​ទៀត»។​

លោក ដាវង់ ផនកែវ ​បានថ្លែងការពារ​ថា​ មិន​មាន​ផល​ប៉ះពាល់​ពី​ទំនប់​វារី​អគ្គិសនី​ដែល​សាងសង់​ដោយ​ប្រទេស​ឡាវនោះ​ទេ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ពី​មុន​ ​គេ​និយាយ​ថា​ ប្រសិន​បើ​ទំនប់​ដន សាហុង​រាំង​ខ្ទប់​ទឹក​ ​នោះ​ចំនួនត្រី​នឹង​មាន​ការ​ធ្លាក់​ចុះ។​ ប៉ុន្តែ​ឥឡូវ​នេះ​ទំនប់​បាន​ខ្ទប់ទឹក​ជាង​២​ឆ្នាំ​ហើយ ​ប៉ុន្តែ​មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​ត្រី​នោះ​ទេ។ ​យើង​មាន​ការ​សិក្សា ​និង​មាន​ការ​រៀបចំ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន​ត្រឹមត្រូវ»។​

ប្រទេស​ឡាវ​មាន​ផែនការ​ក្លាយ​ជា​អ្នក​លក់​ថាមពល​ដ៏​ធំ​មួយ​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន។ ​បើ​តាម​មន្រ្តី​ឡាវ​ ទំនប់សាយ៉ាប៊ូរី ​(Xayaburi) ​ត្រូវ​បាន​សាងសង់បាន​ប្រហែល​៨០​ភាគរយ​ហើយ​ រីឯ​ទំនប់​ដន សាហុង​ (Don Sahong) ​សង់​បាន​ប្រមាណ​៥០​ភាគរយ។ ​មន្រ្តី​ឡាវ​បាន​បញ្ជាក់​ថា​ ទំនប់​ទាំង​ពីរ​នឹង​ត្រូវ​បញ្ចប់​ការ​សាង់សង់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩។​

អ្នកស្រី Maureen​ Harris ​នាយិកា​ទទួល​បន្ទុក​កម្មវិធី​នៅ​អាស៊ីអាគ្នេយ៍​នៃ​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers)​ បាន​ថ្លែង​ប្រាប់​ VOA ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​ថា​ ​សហគមន៍​នៅ​ក្នុង​ប្រទេស​ថៃ ​និង​ឡាវ ​ត្រូវ​បាន​រាយ​ការណ៍​ថា ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​មាន​ការ​ប៉ះពាល់​ទៅ​លើ​លំហូរ​កំណរ​ល្បាប់​ ​ប៉ះពាល់​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ប៉ះពាល់​ត្រី​នៅ​ផ្នែក​ខាង​ក្រោម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG