កិច្ចប្រជុំកំពូលលើកទី៣ នៃគណៈកម្មការទន្លេមេគង្គនឹងត្រូវរៀបចំឡើងនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែមេសា នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ នៅមុនការមកដល់នៃកិច្ចប្រជុំកំពូល តំណាងសហគមន៍រស់នៅជុំវិញទន្លេមេគង្គ និងបឹងទន្លេសាបបានឲ្យដឹងពីការប្រែប្រួលនៃសកម្មភាពនេសាទ និងការធ្លាក់ចុះគុណភាពត្រី ចាប់តាំងពីមានការពង្រីកនៃទំនប់វារីអគ្គិសនីនៅលើតួមេទន្លេមេគង្គ និងដៃទន្លេដ៏ធំមួយនេះ។ តំណាងសហគមន៍នេសាទ ទទូចសុំរដ្ឋាភិបាលដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ធ្វើការពិចារណាឲ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នានាទៅលើទន្លេមេគង្គ នៅមុនពេលផ្តល់សេចក្តីយល់ព្រម ឲ្យមានការអភិវឌ្ឍន៍ទំនប់ថ្មីបន្ថែមទៀត ទៅថ្ងៃអនាគត។
គ្រាមិនទាន់មានការពង្រីកការសាងសង់ទំនប់វារីអគ្គិសនី នៅលើតួមេនៃទន្លេមេគង្គ ក៏ដូចជាផ្នែកខ្លះនៃដៃទន្លេនេះ ប្រជានេសាទរស់នៅជុំវិញបឹងទន្លេសាប មានពេលសម្រាកសម្រាប់ការនេសាទត្រី ដើម្បីធ្វើជាអាហារ និងការលក់ដូរ។ ក៏ប៉ុន្តែ ការអភិវឌ្ឍទំនប់វារីអគិ្គសនីដែលចេះតែរីកធំ បានផ្លាស់ប្តូរ របៀបនេសាទត្រីរបស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដែលរស់នៅជុំវិញបឹងទន្លេសាប។
លោក ឡុង សូចែត តំណាងនៃបណ្តាញសហគមន៍នេសាទ បឹងទន្លេសាប ខេត្តពោធិ៍សាត់ថ្លែងថា៖
«កាលពីត្រីសម្បូរណ៍គេទៅនេសាទ ក្នុងមួយអាទិត្យហ្នឹង គេទៅនេសាទ តែពីរថ្ងៃ ឬបីថ្ងៃទេ។ ឧបមាគេចេញពីផ្ទះទៅ គេៗអត់មកវិញទេ គេទៅពីរថ្ងៃ បីថ្ងៃមកវិញ គេមកសម្រាកពីរបីថ្ងៃអ៊ីចឹងទៅ បានគេទៅទៀត។ ប៉ុន្តែដល់ធនធានថយចុះ គេអត់ធ្វើអ៊ីចឹងទេ ទៅជាប្រចាំ បានសេចក្តីថា រកពេលរកវេលា បើកាលណាអត់ទៅ គាត់មិនអាចដោះស្រាយជីវភាពបានទេ»។
លោក បានថ្លែងបន្តថា ផលប៉ះពាល់ដែលចេញពីទំនប់ មិនត្រឹមតែមានទៅលើរយៈពេលនៃការនេសាទនោះទេ តែគុណភាពត្រីក៏បានធ្លាក់ចុះ ហើយពលរដ្ឋក៏ត្រូវបង្កើនការប្រើប្រាស់ឧបរកណ៍ដើម្បីការនេសាទប្រចាំថ្ងៃ។ ការបង្កើនឧបករណ៍នេសាទនេះហើយ ដែលបានធ្វើឲ្យប្រជានេសាទមួយចំនួន ធ្លាក់ខ្លួនក្លាយជាកូនបំណុល។
«ហើយបើខ្ញុំប្រៀបធៀបទៅវិញ មើលទៅជីវភាពថា ប្រាក់ចំណូលបានមិនខុសគ្នាប៉ុន្មានទេ ប៉ុន្តែប្រជានេសាទ ជំពាក់បំណុលគេច្រើនវិញ មកពីអី? បង្កើនឧបករណ៍។ ពីមុនៗ ប្រើឧបករណ៍តិចទេ គេចាប់ត្រីបាន អាចដោះស្រាយជីវភាពបាន ប៉ុន្តែឥឡូវដើម្បីដោះស្រាយជីវភាពបាន គេត្រូវបង្កើនឧបករណ៍។ ឧទាហរណ៍ជាក់ស្តែង ពីមុនរាយមងត្រឹមដប់ដៃ ឥឡូវឡើងដល់២០ ៣០ដៃ មានខ្លះរហូត រាយមងប្រហែល១គីឡូដី ចម្ងាយរាប់រយដៃ ពីរបីរយដៃ ក៏មានដែរ មានអ្នកប្រភេទខ្លះ។ ពីដើម គេអុំទូករាយមង ប៉ុន្តែឥឡូវគេបើកកាណូតរាយ បញ្ឆេះម៉ាស៊ីន បើករាយ យើងឃើញសកម្មភាពហ្នឹងវាផ្លាស់ប្តូរទេ?»។
ការពណ៌នារបស់លោក ឡុង សូចេត តំណាងសហគមន៍នៅតាមបឹងទន្លេសាប បានធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានមួយដែលបានប្រមូលផ្តុំតំណាងសហគមន៍ផ្សេងទៀតមកពីខេត្តដែលស្ថិតជាប់ទន្លេមេគង្គ និងបឹងទន្លេសាប។ ក្រុមតំណាងសហគមន៍នេសាទ បានសម្តែងក្តីបារម្ភកាន់តែខ្លាំងផងដែរ ចំពោះវឌ្ឍនភាពនៃទំនប់វារីអគ្គិសនី ក្នុងប្រទេសដែលពឹងផ្អែកលើធនធានទឹករបស់ទន្លេមេគង្គ។
ការសម្តែងក្តីបារម្ភរបស់ពួកគាត់ បានកើតមានឡើងមុនប៉ុន្មានថ្ងៃតែប៉ុណ្ណោះនៃកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គដែលនឹងមានមេដឹកនាំប្រទេសចំនួនបួនចូលរួម។
អ្នកស្រី ជិន សុគន្ធរ សមាជិកសហគមន៍នេសាទ ស្រុកសំបូរ ខេត្តក្រចេះ មានរឿងផ្សេងពីលោក ឡុង សូចែត តែមានក្តីបារម្ភដូចគ្នាចំពោះផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីមកលើធនធានធម្មជាតិក្នុងទន្លេមេគង្គ ដែលមិនអាចខ្វះបានសម្រាប់ប្រជាជនរស់នៅជុំវិញទន្លេនេះ។
គម្រោងទំនប់វារីអគ្គិសនី សំបូរ នៅខេត្តក្រចេះ ជារឿងចាស់សម្រាប់រដ្ឋាភិបាល តែអាចជាការផ្លាស់ប្តូរថ្មីនៃជីវិតរស់នៅរបស់អ្នកស្រី ជិន សុគន្ធរ និងប្រជានេសាទឯទៀត។
អ្នកស្រីនិយាយថា ប្រសិនបើទំនប់ដែលត្រូវបានចុះបញ្ជីក្នុងផែនការមេរបស់គណៈកម្មការទន្លេមេគង្គតាំងពីទសវត្សរិ៍ឆ្នាំ១៩៩០នេះ ត្រូវបានអនុវត្តន៍ ដោយមិនបានសិក្សាឲ្យបានច្បាស់លាស់នោះទេ នោះប្រជាពលរដ្ឋដែលរស់នៅជាន់គ្នាក្នុងតំបន់គម្រោងនេះ នឹងមានវាសនាដូចពលរដ្ឋនៅក្នុងតំបន់វិនិយោគទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង។
អ្នកស្រីរៀបរាប់ក្នុងសន្និសីទព័ត៌មាន ដែលបានរៀបចំឡើងនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ៣០ ខែមីនា ដោយអង្គការក្រៅរដ្ឋាភិបាលមួយយ៉ាងដូច្នេះ៖
«យើងឃាត់ រាជរដ្ឋាភិបាលត្រូវធ្វើហើយ តែធ្វើយ៉ាងណា ធ្វើឲ្យ កុំឲ្យវាប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងស្រុង ទាំងស្រុង ឧទាហរណ៍ថា ទន្លេនៅ ទន្លេមេគង្គចឹង វាមានទន្លេតូច ទន្លេធំចឹង ចឹងធ្វើយ៉ាងណាបិទទៅទន្លេតូចតាចអីកុំឲ្យវាលេចលង់បាត់បង់ដល់ប្រជាពលរដ្ឋ ធ្វើឲ្យការលំបាក។ អ៊ីចឹង ធ្វើយ៉ាងណា អាទន្លេតូចតាច ខាងកើតៗហ្នឹងធ្វើទៅ កុំឲ្យធ្វើទន្លេមេ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជន របស់ប្រជាពលរដ្ឋដល់ត្រី ដែលៗ សម្រាប់ចិញ្ចឹម ដល់ប្រជាពលរដ្ឋចឹង បើសិនជាថា អ៊ីចឹងទេគឺដូចតែគ្នាហ្នឹង បើផលប៉ះពាល់ចឹង គឺមានថាមានកង្វល់ ហើយមានក្តីព្រួយបារម្ភ មានអី ដូចតែគ្នាអ៊ីចឹង»។
ការព្រួយបារម្ភរបស់តំណាងសហគមន៍នេសាទទាំងពីរ ត្រូវបានលើកមកបញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានអំពាវនាវដល់រដ្ឋាភិបាលនៃតំបន់ទន្លេមេគង្គក្រោម និងគណៈកម្មាធិការទន្លេមេគង្គឲ្យគោរព និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលជីវភាពរស់នៅរបស់ពូកគាត់បាន និងរងការប៉ះពាល់ដោយសារការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ព្រមទាំងសូមឲ្យការពារប្រព័ន្ធអេកូឡូស៊ី៏ទន្លេនេះផងដែរ។
សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ ដែលនឹងផ្ញើជូនរដ្ឋាភិបាលប្រទេសចំនួនបួនដែលនឹងចូលរួមកិច្ចប្រជុំកំពូលើកទី៣ នៃគណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ពីការចង់បាននានារបស់ក្រុមអង្គការសង្គមស៊ីវិល ជុំវិញការអភិវឌ្ឍន៍ថាមពលតាមទំនប់វារីអគ្គិសនី និងគម្រោងធំមួយគឺ គម្រោងទំនប់វារីអគ្គិសនីសំបូរ។ សេចក្តីថ្លែងការណ៍បានសរសេរក្នុងន័យដើមថា៖
«ការរៀបចំផែនការអភិវឌ្ឍន៍ថាមពលជាតិ គួរតែតម្រូវឲ្យមានការចូលរួមជាសាធារណៈ ទាំងបុរស និងស្រ្តី គ្រប់វ័យ ជាពិសេសសហគមន៍រងគ្រោះ នៅក្នុងដំណើរការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ ដើម្បីធានាថាផែនការនោះ ពុំបង្កផលប៉ះពាល់អវិជ្ជមានណាមួយមកលើបរិស្ថាន ធនធានធម្មជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ យើងទទួលស្គាល់ពីតម្រូវការអគ្គិសនី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងប្រទេសយើង និងក្នុងតំបន់នេះ ទោះជាយ៉ាងណាក៏ដោយ ផែនការទាំងនោះ គួរចាត់ជាអាទិភាពនូវការបំពេញតម្រូវការថាមពលរបស់ប្រជាពលរដ្ឋមូលដ្ឋាន មិនមែនការផលិតអតិរេកអគ្គិសនីសម្រាប់នាំចេញទៅក្រៅប្រទេសឡើយ។ ផែនការទាំងនោះ គួរតែរៀបចំឡើងសម្រាប់ការបញ្ចូលទៅតាមដំណាក់កាល នូវថាមពលកកើតឡើងវិញ (ថាមពលព្រះអាទិត្យ និងថាមពលខ្យល់) និងវិធានការគ្រប់គ្រងប្រសិទ្ធភាពថាមពល»។
សេចក្តីថ្លែងការណ៍ដដែលបានសរសេរបន្តថា៖
«រាជរដ្ឋាភិបាលកម្ពុជា គួរបើកចំហរព័ត៌មានពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធដែលទាក់ទងនឹងសំណើគម្រោងទំនប់នៅសំបូរក្នុងខេត្តក្រចេះ។ រដ្ឋាភិបាលគួរធានាថា សមាជិកសហគមន៍រងគ្រោះ និងអ្នកពាក់ព័ន្ធដទៃទៀត អាចចូលរួមប្រកបដោយប្រសិទ្ធភាព និងពេញលេញ នៅក្នុងការពិគ្រោះយោបល់ និងដំណើរការធ្វើសេចក្តីសម្រេច»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា NGO Forum ថ្លែងថា ប្រទេសផ្សេងទៀត ក៏នឹងផ្តល់យោបល់ ទាក់ទិនស្ថានភាពប្រែប្រួលនៃធាតុដើមរបស់ទន្លេមេគង្គ ក៏ដូចជាអាងទន្លេមេគង្គ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គនៅខេត្តសៀមរាប។ លោកមានប្រសាសន៍ថា៖
«ដោយឡែក ទាក់ទងអង្គការសង្គមស៊ីវិលមួយៗ នៅក្នុងប្រទេសមួយៗ គាត់ក៏មានទាក់ទង ការសំណូមពរផ្សេងៗគ្នា ទៅកាន់កិច្ចប្រជុំកំពូលហ្នឹងដែរ ជុំវិញទាក់ទងការគ្រប់គ្រងធនធានទឹក ការធានានិរន្តរភាព ទាក់ទងបរិស្ថាន អេកូឡូស៊ី ជីវភាពរស់នៅ ហើយនិងប្រព័ន្ធកសិកម្ម រួមនឹងទាក់ទងលំហូរនៃទន្លេ ដែលជាផ្នែកមួយនៃការធានានូវនិរន្តរភាព ជីវភាពរស់នៅ ជីវិតប្រជាជន ៦៥លាន នាក់ ដែលពឹង អាស្រ័យផលផ្ទាល់ពីទន្លេមេគង្គ ហើយ៣០០លាននាក់ ដែលពឹងផ្អែក ទាក់ទងប្រយោជន៍ពីធនធានអាងទន្លេងមេគង្គ»។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងប្រាប់ VOA កាលពីពេលថ្មីៗនេះថា កិច្ចប្រជុំកំពូល នៃគណៈកម្មការទន្លេមេគង្គ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានគោលបំណងបីធំៗ គឺទីមួយ ដើម្បីរំឭកឡើងវិញនូវការប្តេជ្ញានៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (MRC) លើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ស្របតាមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ទីពីរពិនិត្យមើលសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គបានធ្វើកាលពី៤ឆ្នាំកន្លងទៅ និងទីបីគឺការអនុម័តផែនការ៤ឆ្នាំបន្ទាប់ទៀត។
លោកបន្តថា កន្លងទៅមានការព្រួយបារម្ភអំពីការសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់នៅលើទន្លេមេគង្គ ជាពិសេសការសាងសង់ទំនប់របស់ប្រទេសឡាវ។
លោក តែ ណាវុធអះអាងបន្ថែមថា មុននឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលដែលធ្វើឡើងនៅថ្ងៃទី៥ខែមេសានោះ នឹងមានសន្និសីទអន្តរជាតិនៅថ្ងៃទី២ និងទី៣ ខែមេសា ដែលអនុញ្ញាតឲ្យភាគីពាក់ព័ន្ធពិភាក្សា បញ្ចេញយោបល់ និងបង្ហាញការព្រួយបារម្ភនានាអំពីទន្លេមេគង្គ ហើយបន្ទាប់មកនឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅថ្ងៃទី៤ ខែមេសា។
អ្នកស្រី លុយ រស្មី នាយិកាប្រតិបត្តិ សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ បានថ្លែងនៅក្នុងសន្និសីទព័ត៌មានរបស់ក្រុមតំណាងពលរដ្ឋរស់នៅសហគមន៍ជាប់នឹងទន្លេមេគង្គ កាលពីសប្តាហ៍ថា ការធ្វើសេចក្តីសម្រេចអំពីគម្រោងថាមពលវារីអគ្គិសនី មិនគួរធ្វើឡើង ដាច់ដោយឡែកទៅតាមករណីគម្រោងនីមួយៗដាច់ពីគ្នា ដោយមិនគិតអំពីផលប៉ះពាល់រួម និងនៅទូទាំងអាងទន្លេនោះឡើយ។ អ្នកស្រីបានបន្តថា រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់មេគង្គ គួរមានជំហររូមមួយ ក្នុងការប្រើប្រាស់អភិក្រមប្រព័ន្ធអេកូឡូស៊ី។ អ្នកស្រីថ្លែងយ៉ាងដូច្នេះ៖
«ចំណុចសំខាន់មួយទៀតនោះគឺ រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់មេគង្គហ្នឹង គួរតែអនុម័តច្បាប់ និងការប្តេជ្ញា ប្រើប្រាស់អភិក្រមប្រព័ន្ធអេកូឡូស៊ី សម្រាប់ការគ្រប់គ្រងជលផល ដើម្បីថែរក្សាធនធានធម្មជាតិ ឲ្យមាននិរន្តរភាព និងការពារទីជម្រក និងកន្លែងពងកូនសំខាន់ៗផងដែរ»។
អ្នកស្រីថ្លែងបន្ថែមថា រដ្ឋាភិបាលគួរពិចារណាវិធានការគ្រប់គ្រងលើតម្រូវការ និងប្រសិទ្ធភាពថាមពល នៅក្នុងផែនការអភិវឌ្ឍន៍ថាមពលរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល និងតំណាងពលរដ្ឋរស់ក្នុងសហគមន៍ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ បានឲ្យដឹងបន្ថែមទៀតថា ព័ត៌មានអំពីគម្រោងទំនប់ថាមពលវារីអគ្គិសនី ដែលរួមទាំង ជាភាសាជាតិ គួរតែបានចាត់ចែងឲ្យមាន នៅក្នុងមជ្ឈដ្ឋានសាធារណៈ ឬក្នុងគេហទំព័រ របស់គណៈកម្មការទន្លេមេគង្គ ដើម្បីធានាថា សាធារណជនអាចទទួលបានព័ត៌មាននេះ។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា លំហសម្រាប់សហគមន៍រងគ្រោះ និងអង្គការសង្គមស៊ីវិលនៅក្នុងការពិគ្រោះយោបល់ គួរត្រូវបានពង្រីកជាពិសេសសម្រាប់អ្នកដែលធ្វើការផ្ទាល់ជាមួយសហគមន៍រងគ្រោះដោយសារទំនប់ និងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគាត់ ដើម្បីធ្វើកិច្ចការនេះ និងផ្តល់យោបល់លើសំណើគម្រោងទាំងនោះ។
ពាក់ព័ន្ធនឹងផលប៉ះពាល់ដែលអាចនឹងបង្កឡើងដោយទំនប់វារីអគ្គិសនីសំបូរនោះ សេចក្តីថ្លែងការណ៍រួមដដែលបាន លើកឡើងថា សំណើទំនប់សំបូរនឹងបង្កការប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនចំនួន ១៩ ០៣៤នាក់។ ប្រជាពលរដ្ឋទាំងនេះ នឹងត្រូវផ្លាស់ទីលំនៅ ទៅកន្លែងផ្សេង ដោយសារទីលំនៅបច្ចុប្បន្នរបស់ពួកគេ និងធនធានធម្មជាតិ នឹងត្រូវលិចលង់ជាអចិន្ត្រៃយ៍នៅក្នុងអាងដែលកើតឡើងដោយសារទំនប់នេះ។ ការសិក្សាវិទ្យាសាស្ត្រមួយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៅឆ្នាំ២០១២ បានប៉ាន់ប្រមាណថា ទិន្នផលត្រី និងវារីសត្វនានាដទៃទៀត នឹងថយចុះ១៦ភាគរយ – ៣០ភាគរយ ឬ ៩៨.០០០ – ១៨២.០០០ តោនប្រសិនបើសំណើទំនប់ត្រូវសាងសង់មែននោះ៕