កាលពីខែមីនា ឆ្នាំ២០១៦ ក្នុងពេលដែលលោកដឹកនាំកិច្ចប្រជុំមេដឹកនាំជាលើកទីមួយនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (LMC) លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានពោលពាក្យស្លោកប្រជាប្រិយមួយឃ្លានៅតំបន់អាស៊ីអាគ្នេយ៍ថា៖ «នៅពេលខ្យល់ដង្ហើមតិចៗទាំងពួងពូនគ្នាជាតែមួយ វានឹងមានកម្លាំងស្មើខ្យល់ព្យុះទីហ្វុង»។
លោក Li Keqiang បានថ្លែងនៅគ្រានោះទៅកាន់មេដឹកនាំនៃប្រទេស ដែលដងទន្លេមេគង្គហូរកាត់។ ការថ្លែងនោះបង្កប់ និងបង្ហាញនូវគំនិតផ្ដួចផ្ដើមនៃនយោបាយការបរទេសចិនប៉េកាំងមកលើតំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងជាមួយនឹងគោលដៅផ្សារភ្ជាប់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។
បើទោះជាមុននេះមិនសូវមានឈ្មោះបោះសំឡេងដូចគម្រោងការធំផ្សេងទៀតរបស់ចិនគឺ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) យ៉ាងណាក្ដី កិច្ចសហប្រតិបត្តិការមេគង្គឡានឆាងត្រូវបានណែនាំផ្ដួចផ្ដើមគំនិតចេញពីទីក្រុងប៉េកាំង កាលពីអំឡុងឆ្នាំ២០១៤ មុននឹងសម្រេចចេញជារូបរាងនៅឆ្នាំ២០១៥។
ជាផ្លូវការ កិច្ចសហប្រតិបត្តិការមេគង្គឡានឆាងកំណត់ខ្លួនឯងថាជា«យន្តការប្រភេទថ្មីមួយនៃកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់» ក្នុងគោលដៅឆ្ពោះទៅរក«ការកសាងសហគមន៍មួយដែលមានអនាគតរួមក្នុងចំណោមបណ្ដាប្រទេសមេគង្គឡានឆាង»។
កិច្ចប្រជុំស្រដៀងគ្នានេះរបស់មេដឹកនាំរដ្ឋាភិបាលបណ្ដាប្រទេសមេគង្គឡានឆាងបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃពុធ ដែលកម្ពុជានិងចិនបន្តធ្វើជាសហប្រធាននៃកិច្ចប្រជុំ និងមានការពិភាក្សា និងអនុម័តគម្រោងការប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាលើកឡើងនូវរបៀបវារៈមួយចំនួន រួមមានការគ្រប់គ្រងដងទន្លេ និងការចាត់ចែងរៀបចំប្រព័ន្ធធារាសាស្ត្រអាស្រ័យនឹងដងទន្លេមេគង្គផងដែរ។
មានប្រភពពីតំបន់ខ្ពង់រាបទីបេ ប្រទេសចិន ទន្លេមេគង្គដែលស្គាល់ថា ឈ្មោះ«ឡានឆាង»តាមសូរសៀងចិន ហូរកាត់ធ្លាក់ពីប្រទេសចិនពុះជ្រែកបណ្ដាប្រទេសទាំងប្រាំនៃតំបន់អាស៊ីអាគ្នេយ៍ និងផ្ដល់ជាប្រភពប្រូតេអ៊ីនអាហារ និងប្រភពទឹកដល់ប្រជាជនប្រមាណ៣០០លាននាក់ ដែលមានក្រុមជាតិពន្ធុជាង១០០។ នេះបើយោងតាមមូលនិធិសត្វព្រៃពិភពលោក (WWF)។
រាល់វិធានការនានា ដែលធ្វើនិយ័តកម្មគ្រប់គ្រងផ្ទៃទន្លេ ដូចជាការកសាងទំនប់វារីអគ្គិសនីជាដើម មានផលប៉ះពាល់ជាសារវន្តដល់សេដ្ឋកិច្ច និងជីវិតនៅតាមបណ្ដោយដងទន្លេ។
លោក Milton Osborne ប្រវត្តិវិទូជំនាញកិច្ចការអាស៊ីអាគ្នេយ៍ បាននិយាយថា លោកមើលឃើញថា កិច្ចសហប្រតិបត្តិការមេគង្គឡានឆាងជាគម្រោងការរបស់ចិនក្នុងការដណ្ដើមការគ្រប់គ្រងរាល់កិច្ចការនានា ទាក់ទងនឹងទន្លេមេគង្គ។
អ្នកជំនាញជាតិអូស្ត្រាលីរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមទាំងស្រុងថា៖
«តាមរយៈការណ៍នេះ ចិនអាចស្វះស្វែងរកភាពស្របច្បាប់ដល់រាល់សកម្មភាពរបស់ខ្លួនក្នុងការកសាងទំនប់វារីអគ្គិសនីនៅក្នុងបន្ទាត់ព្រំដែនរបស់ខ្លួន បូករួមនឹងការណ៍ពិតជាក់ស្ដែងដែលថា ក្រុមហ៊ុនឯកជនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងរដ្ឋចិន មានការជាប់ពាក់ព័ន្ធនឹងការកសាងទំនប់វារីអគ្គិសនីនៅតាមដងទន្លេខ្សែទឹកខាងក្រោម»។
ប្រទេសកម្ពុជា ឡាវ ភូមា ឬមីយ៉ាន់ម៉ា ថៃ និងវៀតណាម ជាសមាជិកនៃអង្គការថ្នាក់អនុតំបន់មួយទៀតគឺ គណៈកម្មការទន្លេមេគង្គ (MRC) ដែលបង្កើតឡើងនៅឆ្នាំ១៩៩៥ ហើយដែលប្រទេសចិនបដិសេធមិនព្រមចូលរួម។ លោក Milton Osborne បាននិយាយថា ការបង្កើតនូវក្របខណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ឆ្លុះបញ្ចាំងពីភាពអសកម្ម និងកង្វះសិទ្ធិអំណាចរបស់គណៈកម្មការទន្លេមេគង្គ (MRC) ហើយលោកមិនមានសុទិដ្ឋិនិយមនោះទេថា គំនិតផ្ដួចផ្ដើមនេះអាចនឹងជួយធានានិរន្តរភាពនៃប្រព័ន្ធបរិស្ថានជីវចម្រុះក្នុងអាងទន្លេមេគង្គ។
លោក Elliot Brennan អ្នកស្រាវជ្រាវឯករាជ្យលើកិច្ចការអាស៊ីអាគ្នេយ៍ បានប្រាប់កាសែត South China Morning Post កាលពីពេលថ្មីៗនេះថា តាមរយៈ កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង បើសិនជាប្រទេសចិនទទួលបានជោគជ័យក្នុងការគ្រប់គ្រងតំបន់មេគង្គ នោះវានឹងផ្ដល់មូលដ្ឋាន និងលទ្ធភាពដល់ប្រទេសកុម្មុយនីស្តមួយនេះបន្សាយឥទ្ធិពលរបស់ខ្លួនដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលតែម្ដង។
VOA មិនអាចស្នើសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យស្ថានទូតចិននៅភ្នំពេញបានទេនៅសប្តាហ៍នេះ។
ប្រទេសចិនបានប្រកាសសារចុះសារឡើងថា កិច្ចសហប្រតិបត្តិការមេគង្គឡានឆាងកំពុងរំកិលបោះជំហានទៅមុខគួរឱ្យកត់សម្គាល់តាំងពីពេលវាត្រូវបានបង្កើតឡើងកាលពីពីរឆ្នាំមុន ហើយខ្លួនប្ដេជ្ញាអនុវត្តគំនិតផ្ដួចផ្ដើមនេះជាមួយនឹង «គោលនយោបាយការទូតអ្នកជិតខាង» ក្នុងបរិបទមេគង្គឡានឆាង។
នៅក្នុងពេលប៉ុន្មានសប្ដាហ៍នេះ ចិន និងបណ្ដារដ្ឋសមាជិកមេគង្គឡានឆាង ដូចជា កម្ពុជា និងឡាវបានប្រញាប់ប្រញាល់បង្ហើយកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានរបស់ចិនដល់គម្រោងនានាក្នុងប្រទេសទាំងពីរ។ ហើយគិតមកត្រឹមខែធ្នូ ឆ្នាំ២០១៧នេះ លេខាធិការដ្ឋានថ្នាក់ជាតិ ដែលទទួលបន្ទុកកិច្ចការមេគង្គឡានឆាង ត្រូវបានបង្កើតរួចរាល់នៅបណ្ដាប្រទេសជា សមាជិកទាំង៦។ កាលពីខែកញ្ញា វិទ្យាស្ថានស្រាវជ្រាវមកពីបណ្ដាប្រទេសទាំង៦ ដែលភាគច្រើន មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋ បានរួមគ្នាបង្កើត មជ្ឈមណ្ឌលសកល ដើម្បីសិក្សាតំបន់មេគង្គ (GCMS) ដើម្បីផ្ដល់ជាប្រឹក្សាដល់រដ្ឋសមាជិកមេគង្គឡានឆាងលើវិស័យអាទិភាពនានា។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានសរសេរលិខិតមួយនិយាយអំពីកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង និងដែលត្រូវបានចុះផ្សាយ ដោយកាសែតជាភាសាអង់គ្លេស The Khmer Times ខណៈដែលលោកត្រូវមកចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលលើកទីពីរ និងពេលលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅក្នុងសប្ដាហ៍នេះ។
ក្នុងលិខិតនោះ លោក Li Keqiang បានសរសេររៀបរាប់ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«នៅក្នុងបរិបទសកលនៃការរីកឡើងប្រតិកម្មទប់ទល់នឹងចរន្តសកលភាវូបនីយកម្ម និងគោលគំនិតគាំពារនិយម បូករួមនឹងកង្វះកិច្ចសហប្រតិបត្តិការនៅអាស៊ីចុងបូព៌ា កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ក្នុងនាមជាធាតុផ្សំមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ គឺមិនគ្រាន់តែបង្រួមគន្លាតនៃការអភិវឌ្ឍនៅក្នុងសមាហរណកម្មអាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ពង្រឹងផងដែរ នូវកិច្ចសហប្រតិបត្តិការបណ្ដាប្រទេសនៅអឌ្ឍគោលខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មសេដ្ឋកិច្ចមួយដែលបើកទូលាយ មានការបូកបញ្ចូល និងមានតុល្យភាព»។
លោក ប៉ូ សូវីនដា អ្នកវិភាគកិច្ចការទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ East China Normal University ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បាននិយាយថា ក្នុងនាមជាប្រទេសនៅប៉ែកខាងលើដែលជាប្រភពនៃទន្លេមេគង្គ ប្រទេសចិនទំនងជានឹងកំពុងយកកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គជាគំរូសម្រាប់ការធ្វើស្ថាប័នូបនីយកម្មពហុភាគីរបស់ខ្លួន និងបង្ហាញប្រាប់ពិភពលោកថា ខ្លួនមិនស្រវាស្រទេញចាប់យកអនុត្តរភាពអំណាចក្នុងតំបន់ឡើយ។
«កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ ផ្ដល់លទ្ធភាពដល់សមាជិករបស់ខ្លួនក្នុងការដាក់ប្រទេសចិនឱ្យស្ថិតក្នុងបរិបទនៃសហប្រតិបត្តិការតាមបែបស្ថាប័នូបនីយកម្ម ដែលអាចកាត់បន្ថយលទ្ធភាពដែលចិនអាចចាប់យកសកម្មភាពជាឯកតោភាគីណាមួយ ហើយនេះក៏អាចលើកទឹកចិត្តឱ្យមាន«ការតាំងចិត្តដែលអនុវត្តដោយខ្លួនឯង» របស់ចិន ចំពោះកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ ដែលស្របគ្នានឹងការទន្ទេញជាប់មាត់របស់ខ្លួនអំពី «ការអភិវឌ្ឍដោយសន្តិភាព»។
អ្នកស្រាវជ្រាវជនជាតិកម្ពុជារូបនេះក៏បានបន្តដែរថា៖
«ទន្លេដែលមានសក្ដានុពលនៃជម្លោះមួយនេះនឹងបែរត្រឡប់មកផ្ដល់ជាប្រតិកម្មប្រឆាំងនឹងចិនវិញ បើសិនជាប្រទេសមួយនេះគ្រប់គ្រងខ្សែទឹកមិនត្រឹមត្រូវតាមរយៈការសម្រេចចិត្តដោយឯកតោភាគីនៅខណៈណាមួយ ដែលមានចរិតដើរបញ្ច្រាសពីវោហារសាស្ត្ររបស់ខ្លួនអំពី «ការអភិវឌ្ឍប្រកបដោយសន្តិភាព»។
ដោយដកតែប្រទេសចិន និងវៀតណាមចេញ បណ្ដាប្រទេសមេគង្គឡានឆាង ដែលនៅសល់ទាំងប៉ុន្មានមិនមានការជាប់ជំពាក់វាក់វិនក្នុងជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងនោះទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បាននិយាយថា ប្រទេសចិនជាអ្នកផ្ដល់ហិរញ្ញប្បទានទាំងអស់ក្នុងការអនុវត្តគម្រោងនានាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង តែអំណាចនៃការសម្រេចចិត្តត្រូវធ្វើឡើងក្នុងរូបមន្តឯកច្ឆ័ន្ធកុងសង់ស៊ីស ដែលត្រូវមានការឯកភាពពីរដ្ឋសមាជិកទាំងអស់។
«ព្រោះអង្គការនេះភាគច្រើនសំដៅទៅលើសន្តិសុខ ការអភិវឌ្ឍដោយចិរភាព និងសុខុមាលភាពរបស់ប្រជាជន នេះជាចំណុចបីសំខាន់ ... ហើយតើកម្ពុជាបានអំពីក្នុងហ្នុង គឺថា យើងវិនិយោគលើវិស័យការតភ្ជាប់ផ្លូវថ្នល់ ប្រឡាយទឹក ប្រភពស្កាត់ទឹក ហើយនឹងធានាការប្រើប្រាស់ថាមពលចំណាយតិច ហើយគេមកបណ្ដាក់ទុនឱ្យមានការងារធ្វើច្រើន»។
ប្រទេសចិនកំពុងដើរតួនាទីសំខាន់ក្នុងនាមតួអង្គដ៏មានឥទ្ធិពលក្នុងបរិបទនៃជម្លោះជាច្រើននៅតាមបណ្ដារដ្ឋជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង។ ខណៈដែលខ្លួនកំពុងក្លាយជា ប្រទេសផ្ដល់ហិរញ្ញប្បទានធំជាងគេនៅប្រទេសឡាវ ចិនបានផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជា ខណៈដែលមានការបង្ក្រាបនយោបាយដ៏កម្រោលនាប៉ុន្មានខែចុងក្រោយនេះ។
ដោយខ្លួនជាប្រទេសនៅផ្នែកខាងលើនៃទន្លេមេគង្គ ប្រទេសចិនដែលជាម្ចាស់ទំនប់វារីអគ្គិសនីបែរជា ទទួលបានការអរគុណពីប្រទេសនៅផ្នែកខាងក្រោម នៅពេលខ្លួនបានបើកទ្វារទឹកជួយស្រោចស្រង់គ្រោះរាំងស្ងួតនៅតំបន់ឥណ្ឌូចិនកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ៕