ជនរងគ្រោះ និងអ្នកឃ្លាំមើលសង្គមជំរុញឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងទៅលើបុគ្គលទាំងឡាយណាដែលបោកប្រាស់ប្រជាពលរដ្ឋ ហើយផ្តល់សំណងដល់ជនរងគ្រោះវិញឲ្យបានសមរម្យ។
ថ្មីៗនេះ មានការចាប់ខ្លួនអ្នកដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទ«ឆបោក» ជាប្រព័ន្ធជាបន្តបន្ទាប់។ ហើយកាលពីសប្តាហ៍មុន លោក ដួង តារា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអតីតជំនួយការរបស់លោក ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ត្រូវបានចាប់ខ្លួនពីបទ «ឆបោក»។
លោក យ៉ុង ហេង និស្សិតកំពុងបន្តសិក្សានៅសហរដ្ឋអាមេរិកដែលអះអាងថា ជាជនរងគ្រោះនៃក្រុមបក្សពួកលោក ដួង តារា ប្រាប់វីអូអេថា លោកចាញ់បោកប្រាក់ចំនួនប្រមាណ៤ម៉ឺន៦ពាន់ដុល្លារអាមេរិកទៅបុគ្គលឈ្មោះ ដួង អក្ខរា ដែលជាមនុស្សស្និទ្ធនឹងលោកដួង តារា ខណៈលោកទទូចឱ្យមានវិធានឆាប់ៗទៅលើបុគ្គលទាំងនោះ ហើយផ្តល់សំណងដល់លោកវិញ។
លោកថ្លែងថា៖ «ខ្ញុំសូមឱ្យសាលាឧទ្ធរណ៍ជួយពន្លឿននីតិវិធីហ្នឹងឱ្យបានលឿន ហើយបើកសវនាការដោយសុក្រឹត្យ ហើយព្យាយាមបន្តស្រាវជ្រាវឱ្យបានល្អិតល្អន់ទៅលើក្រុមឆបោកជាប្រព័ន្ធហ្នឹង ព្រោះមិនមែនមានតែខ្ញុំម្នាក់ទេ នៅមានយុវជន នៅមានរាស្ត្រសាមញ្ញស្លូតត្រង់ដទៃៗទៀត ដែលទទួលរងនូវការឈឺចាប់ ទទួលរងនូវការរងគ្រោះ ចាញ់បោកដោយសារអំពើឆបោកជាប្រព័ន្ធជាទម្រង់ហ្នឹង តាមរូបភាពផ្សេងៗ អាចជារូបភាពការរំលោភដីធ្លី ទន្រ្ទានដីធ្លី»។
បើតាមលោក យ៉ុង ហេង ការបោសសំអាតអំពើពុករលួយគួរតែជាគោលនយោបាយអាទិភាពសម្រាប់អ្នកដឹកនាំឈាមថ្មី ដែលលោកថា នៅពេលណាដែលប្រទេសជាតិស្អាតស្អំ នោះអ្នកវិនិយោគបរទេសនឹងហ៊ានចូលមកក្នុងស្រុកខ្មែរ។
នៅក្នុងលិខិតឆ្លើយតបមួយដែលវីអូអេទទួលបាន លោក ដួង អក្ខរា បានបដិសេធចំពោះការចោទប្រកាន់នានាពាក់ព័ន្ធនឹងអំពើឆបោកនេះ។ លោកបញ្ជាក់ថាលោក«មិនបានប្រព្រឹត្តអំពើអសីលធម៌ ឆបោក ដូចការចោទប្រកាន់របស់លោក ហេង យ៉ុង» ឡើយ។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងលោក សួស វិទ្យារ៉ាន់ធី ព្រមទាំងតំណាងអយ្យការសាលាដំបូង លោក ប្លង់ សុផល ពាក់ព័ន្ធនឹងចំណាត់ការលើលោក ដួង តារា ជុំវិញសំណុំរឿងឆបោកនេះ ប៉ុន្តែពួកគេមិនឆ្លើយតប និង ទូរស័ព្ទគ្មានអ្នកទទួល។
បើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកដែលស្រង់សម្តីរបស់លោក ប្លង់ សុផល តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ដួង តារា ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ សម្តែងការសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលដើម្បីបញ្ចប់វប្បធម៌នៃការបោកប្រាស់ដែលកំពុងកើតមាននៅកម្ពុជា។ លោកថា អ្នកប្រព្រឹត្តអំពើឆបោកភាគច្រើនជាអ្នកមានចំណេះដឹង និងជិតស្និទ្ធនឹងអ្នកមានអំណាច។
លោកបញ្ជាក់ថា៖ «វាបង្កើននូវវប្បធម៌ពុករលួយដែលយកឈ្មោះថ្នាក់ដឹកនាំទៅយកលុយ យកកាក់ បោកលុយបោកកាក់តាមរយៈបុណ្យស័ក្តិអីជាដើម។ អាហ្នឹងជាវប្បធម៌មិនល្អ ហើយបើសិនជាមន្ត្រីដែលបានតួនាទីដោយសារការសូកប៉ាន់អ៊ីចឹង អាហ្នឹងហើយជាវប្បធម៌មួយដែលធ្វើឱ្យប្រទេសជាតិមិនរីកចម្រើន ហើយវាអាចមានអំពើពុករលួយ ហើយអាការបម្រើសេវាសាធារណៈក៏មិនបានល្អដែរ»។
ចំណែកអ្នកសិក្សាពីការវិវត្តសង្គមលោក មាស នីក៏ប្រាប់វីអូអេដែរថា ករណីនេះមិនមែនជាលើកទីមួយទេ ដែលកើតឡើងក្នុងចំណោមអ្នកមានអំណាច ហើយយកអំណាចទៅបោកប្រាស់ប្រជាពលរដ្ឋ។
អ្នកវិភាគរូបនេះសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ហើយជំរុញឱ្យបន្តតាមរកអ្នកពាក់ព័ន្ធផ្សេងទៀត។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំគាំទ្រវិធានការហ្នឹង ហើយចង់ឱ្យរដ្ឋាភិបាលធ្វើម៉េចឱ្យបានក្តៅជាងនេះទៀត ហើយឱ្យមានជាប់រហូត ហើយរឿងសំខាន់បំផុតដែលពលរដ្ឋចង់បានគឺដំណោះស្រាយទៅលើសំណងនានាដែលអាចធ្វើទៅបាន កុំឱ្យគ្រាន់តែចាប់មនុស្សទៅដាក់គុក។ អ្នករងគ្រោះចង់បានគឺសំណងសមស្រប សំណងសមរម្យ»។
កាលពីខែមីនា ឆ្នាំ ២០២៤ អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកមួយចំនួនបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ តុលាការបានចោទប្រកាន់អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកពីបទ «ឆបោកមានស្ថានទម្ងន់ទោស» «មិនបំពេញកាតព្វកិច្ចឧបករណ៍អាចជួញដូរបាន» និង«សម្អាតប្រាក់»។
កាលពីខែសីហា អាជ្ញាធរបានចាប់ខ្លួនអតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) លោក គុយ វ៉ាត ពីបទឆបោកប្រាក់រាប់សិបលានដុល្លារ ក្រោយមានការដាក់ពាក្យបណ្តឹងជាច្រើនទៅកាន់តុលាការពីសំណាក់ជនរងគ្រោះ៕
កំណត់និពន្ធ៖ អត្ថបទនេះ ត្រូវបានកែសម្រួល ក្រោយវីអូអេទទួលបានការឆ្លើយតបពី លោក ដួង អក្ខរា។
វេទិកាបញ្ចេញមតិ