ខណៈសំណុំរឿងព្រហ្មទណ្ឌទៅលើអ្នកស្រី ឡេង ចាន់ណា អតីតអគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធី វើលដ៍ (Brilliant City World) និងបក្ខពួក ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនមួយនេះជាគម្រោងឆបោកជាប្រព័ន្ធ តាមរូបមន្ត Ponzi Scheme ឬហៅថា គម្រោងបោកប្រាស់បន្តគ្នា។ ស្របពេលគ្នានេះ លោកក៏បានចាត់តាំងលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលឱ្យរៀបចំការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ។
លោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ជុំវិញករណីគម្រោងរបស់ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ដោយនិយាយថា៖ «សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ លោកបានចាត់ឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់លោកចុះស្រាវជ្រាវ និងរិះរកដំណោះស្រាយលើករណីនេះ ប៉ុន្តែដំណោះស្រាយ និងការសម្របសម្រួលរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនាពេលនោះ ពុំអាចទៅរួច។
ក្នុងសំណុំរឿងនេះ លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនឹងបន្តតាមដាន ដោយយកចិត្តទុកដាក់។
កាលពីខែមីនា ឆ្នាំ ២០២៤ អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកមួយចំនួន និងបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ តុលាការបានចោទប្រកាន់អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកពីបទ«ឆបោកមានស្ថានទម្ងន់ទោស» «មិនបំពេញកាតព្វកិច្ចឧបករណ៍អាចជួញដូរបាន» និង«សម្អាតប្រាក់»។ ពួកគេត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប។
អ្នកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សំណុំរឿងរបស់អ្នកស្រី ឡេង ចាន់ណាកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។
បើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ត្រូវបានចុះបញ្ជីកាលពីខែឧសភា ឆ្នាំ ២០២១។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា ប្រាប់វីអូអេថា ក្រសួងពាណិជ្ជកម្មត្រៀមចូលរួមសហការតាមតួនាទី និងភារកិច្ចកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី វើលដ៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការិយាល័យលក់របស់ខ្លួន ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។ កាលនោះ អ្នកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុនមួយនេះ បានបង្ហោះរូបភាព និងសារថ្លែងអំណរគុណ លោក ទៀ សីហា អតីតអភិបាលខេត្តសៀមរាប និងបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលមានវត្តមានក្នុងពិធីសម្ពោធនោះ។ នេះបើតាមការបង្ហោះសារ និងរូបភាពលើទំព័រហ្វេសប៊ុកឈ្មោះ «ឧកញ៉ា ឡេង ចាន់ណា - Oknha Leng Channa» កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២។
ក្រុមហ៊ុនមួយនេះមានបុត្រសម្ព័ន្ធចំនួន ៤ រួមមាន Borey Brilliant City (លក់បុរី) Brilliant Skincare (លក់ផលិតផលថែរក្សាសម្រស់) Brilliant Café (លក់កាហ្វេ) និង Brilliant Construction (ក្រុមហ៊ុនសាងសង់)។ នេះបើតាមព័ត៌មានដែលបង្ហោះលើហ្វេសប៊ុករបស់អ្នកស្រី ឡេង ចាន់ណា។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ទៀ សីហា និងលោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាបបាននៅឡើយទេ។
អ្នកតាមដានចាត់ទុកករណីនេះជាមេរៀនមួយដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់លើវិធានការបង្ការ និងប្រព័ន្ធតាមដាន ដើម្បីកុំឱ្យមានករណីនេះ កើតឡើងបន្តទៀត។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់វីអូអេថា៖ «អ៊ីចឹងប្រព័ន្ធនៃការតាមដាន និងការអនុញ្ញាត គឺជាមេរៀន២ដំណាក់កាល [គឺ]ដំណាក់កាលទី១ ការត្រួតពិនិត្យលើសមាសភាព ទៅលើឥរិយាបទរបស់បុគ្គល។ តើបុគ្គលហ្នឹងជាបុគ្គលស្អាតស្អំ ជាអ្នករកស៊ីត្រឹមត្រូវដែរឬទេ? ហើយទី២ ត្រូវពិនិត្យមើលថា ពេលអនុវត្តការងារ មើលទៅផែនការទីផ្សារ ឬរបៀបកៀងគរមនុស្សឱ្យចូលរួមក្នុងការវិនិយោគមួយចំនួនរបស់ក្រុមហ៊ុនបែបនេះ អាជ្ញាធររដ្ឋ គួរតែយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ចៀសវាងកុំឱ្យចុងក្រោយ វាកើតជារឿង ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច មានន័យថា ពលរដ្ឋក៏ខាតបង់ លុយពលរដ្ឋក៏បាត់ ហើយអ្នកដែលទៅរវល់រឿងហ្នឹងគឺអាជ្ញាធរទៅវិញ»។
លោកចង់ឃើញ ការបង្កើតយន្តការសម្របសម្រួល និងការដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងការបន្ធូរបន្ថយការប្រាក់ធនាគារដល់ពលរដ្ឋរងគ្រោះ ដើម្បីកុំឱ្យធ្លាក់ក្នុងបំណុលធនាគារ។ លោកក៏ស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់ និងចាត់វិធានការលើក្រុមហ៊ុនផ្សេងៗទៀត ដើម្បីការពារផលប្រយោជន៍ពលរដ្ឋ និងកុំឱ្យពលរដ្ឋរងគ្រោះបន្ថែមទៀត។ លោកបន្ថែមថា ពលរដ្ឋក៏ត្រូវចេះតាមដានព័ត៌មាននានាផងដែរ ដើម្បីកុំឱ្យចាញ់បោកក្រុមហ៊ុនដទៃទៀត។
អ្នករងគ្រោះដោយសារក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ធ្លាប់ប្រាប់វីអូអេថា ពួកគេជួបប្រឈមបញ្ហាសេដ្ឋកិច្ចខ្លាំង ដោយអ្នកខ្លះដាក់លុយជាមួយក្រុមហ៊ុននេះរាប់ម៉ឺនដុល្លារ និងខ្លះបានខ្ចីលុយពីធនាគារ ដើម្បីយកមករកស៊ីជាមួយក្រុមហ៊ុននេះ ដោយសារក្រុមហ៊ុនធានាផ្តល់ការប្រាក់ខ្ពស់ចន្លោះ ៣% ទៅ ៥%ក្នុ ងមួយខែ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើតាមការសន្យានោះឡើយ។ ពួកគេក៏បានស្នើតុលាការខេត្តសៀមរាបលក់ឡាយឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលសាលាដំបូងខេត្តសៀមរាបបានបង្កក ដើម្បីយកលុយទាំងនោះឱ្យពលរដ្ឋរងគ្រោះដោះបន្ទុកធនាគារ៕
វេទិកាបញ្ចេញមតិ