រដ្ឋាភិបាលនិងក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (ម.ក) ហៅកាត់ថា (CIC) បានចេញមុខបដិសេធព្រមៗគ្នាថា ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនជាប់ពាក់ព័ន្ធជាមួយលោក គុយ វ៉ាត ដែលទើបត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទឆបោកប្រាក់រាប់សិបលានដុល្លារនៅក្នុងប្រតិបត្តិការជំនួញរបស់ក្រុមហ៊ុនក្នុងស្រុក។
បន្ទាប់ពីមានការចាប់ខ្លួនលោក គុយ វ៉ាត នោះ អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលកំពុងភៀសខ្លួនរស់នៅក្រៅប្រទេស បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី ២៦ សីហា ថា មានប្រភពផ្ទៃក្នុងរបស់ក្រុមហ៊ុន CIC ជាច្រើននាក់ប្រាប់រូបលោកថា ករណីឆបោកដែលកើតឡើងក្នុងក្រុមហ៊ុននោះមានជាប់ពាក់ព័ន្ធនឹងអ្នកស្រី ពេជ ចន្ទមុន្នី។
នៅក្នុងការចេញផ្សាយសេចក្តីរាយការណ៍នោះ បណ្តាញសារព័ត៌មាន The Cambodia Daily ដែលផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបន្ថែមថា អ្នកវិភាគរូបនោះក៏មិនទាន់ហ៊ានអះអាងថា ព័ត៌មានដែលលោកទទួលបានពីផ្ទៃក្នុងរបស់ក្រុមហ៊ុន CIC ជាការណ៍ពិតនោះដែរ ប៉ុន្តែលោកថា «ជាគោលការណ៍ យុត្តិធម៌ក្នុងរឿងឧក្រិដ្ឋនេះត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពលើលោក គុយ វ៉ាត និងអ្នកស្រី ពេជ ចន្ទមុន្នី»។
ក្រុមអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមហ៊ុន CIC បានប្រតិកម្មភា្លមៗទៅនឹងការអត្ថាធិប្បាយរបស់លោក គឹម សុខ និងបានច្រានចោលសេចក្តីរាយការណ៍របស់ The Cambodia Daily និងថា អ្នកស្រី ពេជ ចន្ទមុន្នី គ្មានជាប់ពាក់ព័ន្ធនឹងលោក គុយ វ៉ាត នោះទេ ព្រោះអ្នកទាំងពីរមិនធ្លាប់ស្គាល់គ្នាពីមុនមក ហើយអ្នកស្រី ពេជ ចន្ទមុន្នី ក៏មិនដែលធ្វើជាខ្នងបង្អែករបស់បុគ្គលដែលប្រព្រឹត្តអំពើខុសច្បាប់កន្លងមកនោះដែរ។
ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា លោក មាស សុភ័ណ្ឌ បានបញ្ជាក់នៅក្នុងវីដេអូឃ្លីបមួយ ដែលផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ២៨ ខែសីហាថា៖ «ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមបញ្ជាក់ផងដែរថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនដែលបានប្រើប្រាស់តួនាទីជាភរិយារបស់សម្តេចធិបតី ដើម្បីគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់នោះឡើយ»។
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីក៏បានផ្តល់សេចក្តីពន្យល់ក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀតថា ការលើកឡើងរបស់លោក គឹម សុខ គឺជាការប្រតិដ្ឋ និងជាការចោទប្រកាន់ទាំងបំពានក្នុងចេតនាអាក្រក់បំផុត ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ មកលើភរិយារបស់លោកនាយករដ្ឋមន្ត្រី។
ចំណែកក្រុមហ៊ុន CIC បានចេញលិខិតបដិសេធការលើកឡើងរបស់លោក គឹម សុខ កាលពីថ្ងៃទី ២៧ ខែសីហា ដោយបានថ្លែងថា៖ «លោកជំទាវ [ពេជ ចន្ទមុន្នី] និងលោក គុយ វ៉ាត មិនដែលស្គាល់គ្នា និងមិនដែលជួបគ្នាសូម្បីតែមួយដង»។
យ៉ាងណាក៏ដោយ លោក គឹម សុខ បង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៨ ខែសីហា ដោយវាយបកទៅអង្គភាពអ្នកនាំពាក្យនាយករដ្ឋមន្ត្រីថា៖ «ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីគួររៀនសូត្រឱ្យត្រូវវិជ្ជាជីវៈ គឺនៅពេលដែលមានការចោទប្រកាន់ពីពលរដ្ឋ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋរបស់ក្រុមមន្ត្រី ដូចជាអំពើពុករលួយ គេត្រូវធ្វើការស៊ើបអង្កេត ដោយឯករាជ្យ ហ្មត់ចត់ និងតម្លាភាព ទើបអាចលាតត្រដាងការណ៍ពិត ឱ្យជឿជាក់បាន»។
លោក គឹម សុខ ប្រាប់វីអូអេបន្ថែមនៅថ្ងៃព្រហស្បតិ៍នេះថា អ្វីដែលលោកបានលើកឡើងតាមសារព័ត៌មាន The Cambodia Daily គឺជាព័ត៌មានដែលលោកបានទទួលពីប្រភពផ្សេងៗក្នុងលក្ខខណ្ឌអនាមិក តែលោកថា ជាព័ត៌មានដែលគួរឱ្យជឿទុកចិត្តបាន ព្រោះលោកបានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងប្រភពផ្សេងៗទៀត។
អ្នកវិភាគរូបនេះក៏មិនជឿថា លោក គុយ វ៉ាត តែឯងអាចកិបកេងលុយរាប់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនបាននោះទេ ដូច្នេះអាជ្ញាធរកម្ពុជាគួរបើកការស៊ើបអង្កេតដោយឯករាជ្យនៅក្នុងរឿងអាស្រូវហិរញ្ញវត្ថុមួយនេះ។
លោកថ្លែងថា៖ «ខ្ញុំបញ្ជាក់ច្បាស់ហើយថា ខ្ញុំប្រើពាក្យការពាក់ព័ន្ធរបស់អ្នកស្រី ពេជ ចន្ទមុន្នី ប្រពន្ធនាយករដ្ឋមន្ត្រី ក្នុងក្រុមហ៊ុន CIC។ ក៏ប៉ុន្តែ ខ្ញុំមិនបានអះអាងថា អ្នកស្រី ពេជ ចន្ទមុន្នី ពិតជាបានលួចលុយរាប់លានដុល្លារជាមួយលោក គុយ វ៉ាតនោះទេ។ ហេតុអ្វីបានជាក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីជ្រួលច្របល់ម៉្លេះ?»
លោកបន្ថែមថា៖ «រឿងឧក្រិដ្ឋកម្ម ដូចជាអំពើពុករលួយកម្រិត CIC នេះជាដើម គេជម្រះដោយការស៊ើបអង្កេតឯករាជ្យ ហ្មត់ចត់ និងមានតម្លាភាព ទើបអាចជឿទុកចិត្តបាន។ ហើយបើមិនហ៊ានធ្វើការស៊ើបអង្កេត ដែលមានគុណភាពទេ សូមក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីកុំបន្ទោសអ្នកដែលមានយោបល់សង្ស័យនានាអំពីករណីនេះឱ្យសោះ»។
ការចាប់ខ្លួនលោក គុយ វ៉ាត កើតឡើង ដោយសារអ្នកបណ្តាក់ទុនជាមួយក្រុមហ៊ុន CIC បានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទៅលើអ្នកជំនួញរូបនោះ ដោយសារពួកគេបានខាតបង់លុយជាច្រើនលានដុល្លារជាមួយក្រុមហ៊ុននោះ។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់វីអូអេនាពេលថ្មីៗនេះ។
មុនការចាប់ខ្លួនលោក គុយ វ៉ាត ក្រុមហ៊ុន CIC ក៏ធ្លាប់បានអំពាវនាវឱ្យវិនិយោគិនចូលរួមក្នុងយន្តការដោះស្រាយ ពាក់ព័ន្ធលុយជាង ១០០ លានដុល្លារអាមេរិក ដោយពេលនោះ ក្រុមហ៊ុនអះអាងថា នឹងចាត់ចែងឱ្យមានការវាយតម្លៃជាក់ស្តែងលើទ្រព្យសម្បត្តិទាំងអស់ ហើយក្រុមហ៊ុននឹងពិនិត្យ វេចខ្ចប់ដើម្បីចាត់ចែងទ្រព្យសម្បត្តិទាំងអស់នេះជាគុណប្រយោជន៍ដល់វិនិយោគិនទាំងអស់។
បញ្ហាហិរញ្ញវត្ថុដែលកើតឡើងនៅក្នុងក្រុមហ៊ុន CIC នេះមានភាពតានតឹងខ្លាំងនៅដើមឆ្នាំ ២០២៤ គឺនៅពេលអ្នកដាក់លុយវិនិយោគមួយចំនួនជាមួយក្រុមហ៊ុននេះបានចេញមកទាមទារដកយកលុយវិនិយោគរបស់ពួកគេវិញ រហូតដល់មានការប្តឹងផ្តល់ និងចាប់ខ្លួន លោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន និងជាប្រធានក្រុមហ៊ុនផាកកាហ្វេ (Park Café) នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា បញ្ហាដែលបានកើតឡើងនៅក្រុមហ៊ុន CIC នេះ គឺថ្នាក់ដឹកនាំប្រទេស និងអាជ្ញាធរ គួរបើកការស៊ើបអង្កេតលើបុគ្គលដែលពាក់ព័ន្ធទាំងអស់ ដោយឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន ជាមួយការកាត់សេចក្តីប្រកបដោយតម្លាភាព និងគ្មានការជ្រៀតជ្រែកពីអ្នកមានអំណាច។
លោកប្រាប់វីអូអេថា៖ «អ្នកដឹកនាំ ឬអ្នកមានឥទ្ធិពល និងអំណាចនៅក្នុងនយោបាយ និងការដឹកនាំប្រទេសធ្វើការឈរលើគោលការណ៍យុត្តិធម៌ជាមូលដ្ឋាន ដោយមិនប្រកាន់នយោបាយ និងបក្ខពួក ហើយដោះស្រាយដោយស្មើភាពគ្នានៅចំពោះមុខច្បាប់ ដោយមិនមានការធ្វើអន្តរាគមន៍ណាមួយ ឬមិនមានការជ្រៀតជ្រែកណាមួយពីនយោបាយទៅលើបញ្ហាអយុត្តិធម៌ ដែលកើតមានចំពោះប្រជាពលរដ្ឋគ្រប់គ្នា នាពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួន តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក គុយ វ៉ាត ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលឆបោកលុយរាប់លានដុល្លារពីអ្នកវិនិយោគទុនក្នុងស្រុក និងក្រៅស្រុក ពាក់ព័ន្ធនឹងប្រតិបត្តិការជំនួញរបស់ក្រុមហ៊ុន CIC នោះ។ នេះបើតាមលោក ឆាយ ហុង អ្នកនាំពាក្យអយ្យការតុលាការក្រុងភ្នំពេញ។
បើតាមសេចក្តីរាយការណ៍របស់ Kiripost ដែលជាសារព័ត៌មានអនឡាញក្នុងស្រុកផ្តោតលើផ្នែកសេដ្ឋកិច្ច និងជំនួញ ចុះផ្សាយនាពេលថ្មីៗនេះ អ្នករងគ្រោះពីការបណ្តាក់ទុនក្នុងក្រុមហ៊ុន CIC មានប្រមាណ ៥០០ នាក់ ដែលសរុបទឹកដល់រយលានដុល្លារអាមេរិក៕
វេទិកាបញ្ចេញមតិ