ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​ស៊ើប​អង្កេត​សំណុំ​រឿង​លោក គុយ វ៉ាត ចេញ​សែក​អត់​ប្រាក់


អតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) លោក គុយ វ៉ាត ត្រូវបានឃាត់ខ្លួន ពីបទឆបោកប្រាក់រាប់សិបលានដុល្លារ។ (Facebook)
អតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) លោក គុយ វ៉ាត ត្រូវបានឃាត់ខ្លួន ពីបទឆបោកប្រាក់រាប់សិបលានដុល្លារ។ (Facebook)

តុលាការ​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ គុយ​ វ៉ាត​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ផាក​កាហ្វ​ពី​បទ​ឆបោក​លុយ​រាប់​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ទុន​ក្នុង​ និង​ក្រៅ​ស្រុក​ ដោយ​ចេញ​សែក​អត់​ប្រាក់ ​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​ជំនួញ​របស់​ក្រុមហ៊ុន​ ខេមបូឌាន ​អ៊ិនវេសស្ទ័រ ​ខបភើរេសិន​ ភីអិលស៊ី ​(CIC)។​

លោក​ ឆាយ​ ហុង​ អ្នក​នាំ​ពាក្យ​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើប​សួរ​លោក​ គុយ​ វ៉ាត​ ដោយ​ចោទ​ពី​បទ​ «មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត​ យល់​ថា​ ការ​រក​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​ឆបោក​ប្រាក់​ពី​អ្នក​វិនិយោគ​ទុន​ជា​រឿង​ចាំ​បាច់​ ព្រោះ​ការ​ឆបោក​មាន​ទំហំ​ធំ​ និង​អាច​មាន​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​រង​គ្រោះ។​

លោក​បន្ត​ថា​ អាជ្ញាធរ​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​អំពើ​ឆបោក​នេះ​ ហើយ​ត្រូវ​នាំ​ខ្លួន​ពួក​គេ​ឱ្យ​មក​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់។​

លោក​ថ្លែង​ថា៖​ «បាទ​ នេះ​គឺ​ជា​សមត្ថ​កិច្ច​របស់​អាជ្ញាធរ​អ្នក​ពាក់​ព័ន្ធ​ ជា​ពិសេស​គឺ​តុលាការ​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​ពាក់​ព័ន្ធ។​ បើ​សិន​ជា​រក​ឃើញ​មាន​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ និង​ដើម្បី​យុត្តិ​ធម៌​ផង​ដែរ»។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​ដែល​បាន​បណ្តាក់​ទុន​មួយ​ចំនួន​ក្នុង​ក្រុមហ៊ុន​ CIC​ នេះ​ តែ​គ្មាន​ការ​ឆ្លើយ​តប។ ​ប៉ុន្តែ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ Kiripost ​ដែល​ជា​សារ​ព័ត៌មាន​អនឡាញ​ក្នុង​ស្រុក​ផ្តោត​លើ​ផ្នែក​សេដ្ឋកិច្ច​ និង​ជំនួញ​ អ្នក​រង​គ្រោះ​ពី​ការ​បណ្តាក់​ទុន​ក្នុង​ក្រុម​ហ៊ុន​ CIC ​មាន​ប្រមាណ​ ៥០០ ​នាក់​ ដែល​សរុប​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ។​

លោក​ គុយ​ វ៉ាត​ ដែល​ជា​អតីត​អគ្គ​នាយក​ក្រុមហ៊ុន​ CIC​ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​មាន​អ្នក​បណ្តាក់​ទុន​មួយ​ចំនួន​ក្នុង​ក្រុម​ហ៊ុន​ CIC​ បាន​ទម្លាយ​ឱ្យ​ដឹង​ពី​ការ​ខាត​បង់​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​ក្រុម​ហ៊ុន​មួយ​នេះ ​ហើយ​ក៏​មាន​អ្នក​ដាក់​ពាក្យ​បណ្តឹង​ជា​ច្រើន​ទៅ​ស្ថាប័ន​អនុវត្ត​ច្បាប់​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ឱ្យ​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នានា​របស់​ក្រុមហ៊ុន​ និង​សកម្ម​ភាព​របស់​លោក ​គុយ វ៉ាត ​ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​ជំនួញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​មួយ​រូប​ផង​នោះ។​

អ្នក​ដែល​រង​គ្រោះ​ពី​ការ​ខាត​បង់​ប្រាក់​នេះ​រួម​មាន​លោក​វេជ្ជ​បណ្ឌិត​ គួច​ ម៉េងលី​ ស្ថាបនិក​ក្រុមហ៊ុន​ Mengly J. Quach Education PLC។ ​លោក​ធ្លាប់​ថ្លែង​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ លោក​បាន​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ CIC​ រយៈ​ពេល​ ១០ ​ឆ្នាំ ​ដែល​សរុប​ជា​ទឹក​ប្រាក់​ជិត​ ៣ ​សែន​ដុល្លារ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG