កិច្ចពិភាក្សាចុងក្រោយរវាងចិន អ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន បានបង្កើតក្ដីសង្ឃឹមជាថ្មីថា គម្រោងផ្លូវរថភ្លើងប្រកបដោយមហិច្ឆតាដែលតភ្ជាប់ប្រទេសនានានៅតំបន់អាស៊ីកណ្ដាល អាចនឹងក្លាយជាការពិត។ ប៉ុន្តែ ប្រវត្តិនៃគម្រោងផ្លូវរថភ្លើងនេះ បានចាប់ផ្ដើមអស់រយៈពេលពីរទសវត្សរ៍មកហើយ និងធ្លាប់បានបង្កើតនូវរំពឹងទុកផ្សេងៗ។
បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃទី ៣០ ខែកក្កដា ខុទ្ទកាល័យប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Japarov បានថ្លែងថា រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានចង់ចុះកិច្ចព្រមព្រៀងស្ដីពីគម្រោងនេះនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលធ្វើឡើងនៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន ពីថ្ងៃទី១៥ ដល់ ១៦ ខែកញ្ញា។ លោក Wang Yi ក៏បានធ្វើទស្សនកិច្ចទៅរដ្ឋធានីតាស្កិន (Tashkent) នៃប្រទេសអ៊ូសបេគីស្ថាន កាលពីចុងខែកក្កដាដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ។
ក្រុមមន្ត្រីកៀហ្ស៊ីស៊ីស្ថានបាននិយាយថា លោក Wang បានប្រាប់ពួកគេថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងពិចារណាទៅលើការរៀបចំឱ្យបានរួចរាល់នូវកិច្ចព្រមព្រៀងនេះសម្រាប់ជំនួបកំពូលនៅខែកញ្ញា។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានថ្លែងបន្ទាប់ពីជួបជាមួយលោក Japarov ថា លក្ខខណ្ឌ និងពេលវេលាសម្រាប់ការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ប្រទេសចិន អ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន កំពុងវិវត្តទៅមុខយ៉ាងល្អប្រសើរ ហើយក្រុមអ្នកជំនាញចិនដំបូងបានទៅដល់ប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីពេលថ្មីៗនេះ ដើម្បីធ្វើការសិក្សានៅនឹងកន្លែងផ្ទាល់ ខណៈពេលដែលដំណើរការសាងសង់ផ្លូវរថភ្លើងនេះបានចាប់ផ្ដើម។ ចិនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើការជាមួយអ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ដើម្បីពន្លឿនការសិក្សាលទ្ធភាព។
កាលពី ២ ខែ មុននេះ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Japarov បានបញ្ជាក់ពីទំនុកចិត្តរបស់លោកថា ការសាងសង់នឹងចាប់ផ្ដើមនៅឆ្នាំក្រោយនេះ។
លោក Japarov បានថ្លែងកាលពីខែឧសភា យ៉ាងដូច្នេះថា៖ «ការសាងសង់ផ្លូវរថភ្លើងនេះនឹងបង្កើតការងារ។ សេដ្ឋកិច្ចរបស់យើងនឹងប្រសើរឡើង»។
ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev និយាយថា គម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់ដឹកទំនិញទៅកាន់ទីផ្សារសាកល។
លោក Mirziyoyev បានថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៧ ខែឧសភា នៅឯសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលប្រទេសរបស់លោកបានចូលរួមក្នុងនាមជាសមាជិកឃ្លាំមើល។ លោកថ្លែងថា៖ «គម្រោងផ្លូវរថភ្លើងចិន កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន ហៅកាត់ថា CKU នឹងតភ្ជាប់ពួកយើងទៅកាន់ប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបើកផ្លូវសម្រាប់ឱកាសសេដ្ឋកិច្ចថ្មីៗ។ វានឹងក្លាយជាមធ្យោបាយបន្ថែមទៅលើផ្លូវរថភ្លើងដែលមានស្រាប់ដែលតភ្ជាប់ពីភូមិភាគខាងកើតទៅខាងលិច»។
លោក Frank Maracchione នៃសាកលវិទ្យាល័យ Sheffield នៅចក្រភពអង់គ្លេស និងជាសមាជិកអង្គការ Oxus Society for Central Asian Affairs មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានវាយតម្លៃថា ការសិក្សាពីគម្រោងផ្លូវរថភ្លើង CKU គឺជាការវិវត្តឆ្ពោះទៅមុខមួយ។
លោកថ្លែងប្រាប់វីអូអេថា៖ «នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ នឹងមានការបញ្ជាក់យ៉ាងសំខាន់មួយ ថាតើគម្រោងនេះនឹងវិវត្តទៅមុខឬយ៉ាងណា។ បើតាមការសន្ទនារបស់ខ្ញុំថ្មីៗនេះនៅ អ៊ូសបេគីស្ថាន ខ្ញុំមិនបានឮការលើកឡើងណាមួយអំពីការមិនទុកចិត្តគ្នាក្នុងការអភិវឌ្ឍគម្រោងនេះទេ»។
រដ្ឋាភិបាលក្រុងតាស្កិនបានរក្សាជំហរតាំងពីដើមឆ្នាំ ២០០០ មកថា គម្រោងផ្លូវរថភ្លើង CKU នឹងបង្កើតបាននូវផ្លូវធ្វើដំណើរដ៏ឆាប់រហ័សពីប្រទេសចិនទៅកាន់ទីផ្សារនានានៅមជ្ឈិមបូព៌ា និងអឺរ៉ុប។ អ្នកវិភាគមួយចំនួនបានលើកឡើងថា រុស្ស៊ីមានការព្រួយបារម្ភអំពីគម្រោងនេះ ពីព្រោះវានឹង
បញ្ចៀសការធ្វើចរាចរឆ្លងកាត់ទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបានបង្ហាញចំណាប់អារម្មណ៍លើគម្រោងនេះ កាលពីឆ្នាំ ២០១៩ ព្រមទាំងបានផ្ដល់វិភាគទានចំនួន ៣ លានដុល្លារ ដើម្បីធ្វើការសិក្សាលទ្ធភាពទៀតផង។
ការប្រកួតប្រជែងដើម្បីផលប្រយោជន៍រៀងៗខ្លួន
ក្រុមអ្នកវិភាគនិយាយថា ឧបសគ្គផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ បានកើតឡើង ដែលអាចនៅតែជាបញ្ហាប្រឈមសម្រាប់គម្រោងផ្លូវរថភ្លើង CKU នេះ។
លោក Maracchione បានថ្លែងដូច្នេះថា៖ «ប្រទេសកៀហ្ស៊ីស៊ីស្ថានចង់ឱ្យគម្រោងផ្លូវរថភ្លើង CKU នេះឆ្លងកាត់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួន ពោលគឺមិនត្រឹមតែធ្វើឱ្យការធ្វើចរាចរមានចម្ងាយខ្លីប៉ុណ្ណោះទេ។ ប៉ុន្តែ ការចង់បានបែបនេះ វាប៉ះពាល់ដល់លទ្ធភាពផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស»។
លោកថ្លែងបន្តថា៖ «ប្រទេសកៀហ្ស៊ីស៊ីស្ថានទទួលបានផលប្រយោជន៍តិចតួចពាក់ព័ន្ធនឹងការតភ្ជាប់ផ្លូវរថភ្លើងនេះ ព្រោះប្រទេសនេះមានព្រំដែនជាប់ជាមួយចិនស្រាប់ ហើយកៀហ្ស៊ីស៊ីស្ថានក៏មានផលប៉ះពាល់តិចតួចប៉ុណ្ណោះពីកង្វះផ្លូវល្បឿនលឿនចូលមកកាន់ប្រទេសនេះ។ គម្រោងនេះក៏បង្កឲ្យមានការខឹងសម្បាពីសាធារណជនដែលមានការព្រួយបារម្ភពីឥទ្ធិពលរបស់ចិនផងដែរ។
ប្រទេសនេះមានភាពទន់ខ្សោយជាងប្រទេសដទៃទៀត និងងាយរងគ្រោះខ្លាំងទៅនឹងការគំរាមកំហែងភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី ហើយក៏អាចទទួលរងផលពីប៉ះពាល់ពីការផ្លាស់ប្ដូរគោលនយោបាយ និងការប្រឆាំងតបតផងដែរ»។
លោក Sovetbek Zikirov អ្នកឃ្លាំមើលស្ថានភាពនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន បានថ្លែងថា ការសម្រេចចិត្តលើគម្រោងផ្លូវរថភ្លើងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសចិន។
លោកថ្លែងប្រាប់វីអូអេថា៖ «ចិនគឺជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់» ហើយលោកលើកឡើងថា រដ្ឋាភិបាលក្រុងប៊ីស្កេក (Bishkek) នឹងមិនអាចទទូចចង់បានអ្វីតាមតែខ្លួនត្រូវការនោះទេ។
គេជឿថា រដ្ឋាភិបាលក្រុងប៉េកាំងមើលឃើញផ្លូវថ្មីនេះថាជាជម្រើសមួយទៀតបន្ថែមទៅលើផ្លូវដែលខ្លួនកំពុងប្រើប្រាស់ឆ្លងកាត់ប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន សម្រាប់តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវគោកឆ្ពោះទៅអឺរ៉ុប។ ផ្លូវរថភ្លើងនេះកាន់តែមានសារៈសំខាន់បើនិយាយពីសង្គ្រាមរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
លោក Maracchione បានថ្លែងដូច្នេះថា៖ «រុស្ស៊ីហាក់ដូចជាទទួលយកការប្រឹងប្រែងរបស់ចិន ដោយសារតែពេលនេះ វាជាគម្រោងមួយក្នុងចំណោមគម្រោងអាទិភាពជាច្រើនទៀតរបស់សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី EEU»។
ឱកាសសម្រាប់តំបន់អាស៊ីកណ្ដាល
លោក Erkin Abdurazzoqov ដែលជាអ្នកវិភាគ មើលឃើញគម្រោងផ្លូវរថភ្លើង CKU ថាវាបង្កើតឱកាសជាច្រើនសម្រាប់ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោកថ្លែងដោយក្ដីសង្ឃឹមយ៉ាងដូច្នេះថា៖ «ប្រសិនបើផ្លូវនេះបើកដំណើរការមែននោះ ប្រទេសរបស់យើងនឹងអាចលក់ផលិតផលស្បៀងអាហារ និងផលិតផលធ្វើពីដែក និងអាហារផ្សេងៗទៅកាន់ប្រទេសចិន។ គម្រោងនេះក៏អាចជួយនាំយកទំនិញផ្សេងទៀតពីចិនមកកាន់ទីផ្សាររបស់យើងផងដែរ ដែលធ្វើឱ្យតម្លៃទំនិញចុះថោក និងធ្វើឱ្យអ្នកប្រើប្រាស់សប្បាយចិត្ត»។
ផ្លូវរថភ្លើងនេះនឹងបង្កើតចំណូលសម្រាប់កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន តាមរយៈការផ្ទេរទំនិញ និងអាចបង្កើតឧស្សាហកម្មផលិតក្នុងស្រុកផងដែរ។
នៅប្រទេសអ៊ូសបេគីស្ថាន ផ្លូវរថភ្លើងនេះនឹងឆ្លងកាត់ជ្រលងភ្នំ Fergana ដែលមានមនុស្សរស់នៅច្រើនកុះករ។
លោក Maracchione បានថ្លែងថា គម្រោងសាងសង់ផ្លូវក្រោមដីដ៏ធំមួយចូលទៅកាន់តំបន់ជ្រលងភ្នំនេះ គឹជាគម្រោងរបស់ចិនដ៏សំខាន់បំផុតមួយរួចទៅហើយសម្រាប់ប្រទេសនេះ។
លោកថ្លែងថា៖ «ផលប្រយោជន៍ដែលទទួលបានក្នុងរយៈពេលខ្លីនោះគឺទាក់ទិននឹងការសាងសង់ផ្លូវរថភ្លើង ពីព្រោះថា ក្រុមហ៊ុននានារបស់ចិនបានជួលកម្លាំងពលកម្មក្នុងស្រុក ដោយសារតែពួកគេត្រូវគោរពច្បាប់អ៊ូសបេគីស្ថាន ខណៈដែលផលប្រយោជន៍រយៈពេលវែងគឺពាក់ព័ន្ធនឹងឱកាសធ្វើពាណិជ្ជកម្ម»។
ការបិទផ្លូវ
កាលពីដើមរដូវក្ដៅនេះ លោក Erkinbek Osoyevរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងគមនាគមន៍កៀហ្ស៊ីស៊ីស្ថានបានបង្ហាញផ្លូវរថភ្លើងដំណាក់កាលដំបូង ដែលនឹងឆ្លងកាត់តំបន់ Torugart តំបន់ Makmal និងតំបន់ Jalal-Abad។ Torugart គឺជាតំបន់ភ្នំមានរយៈកម្ពស់ខ្ពស់ឆ្លងកាត់ជួរភ្នំ Tian Shan នៅខេត្ត Naryn នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន និងតំបន់ Xinjiang របស់ចិន។ លោក Osoyev បានពន្យល់ថា ផ្លូវរថភ្លើងកៀហ្ស៊ីស៊ីស្ថាននឹងតភ្ជាប់ទៅផ្លូវរថភ្លើងចិននៅទីក្រុង Kashgar នៃតំបន់ Xinjiang បន្ទាប់មកតភ្ជាប់ទៅផ្លូវរថភ្លើង ផ្លូវថ្នល់ និងផ្លូវអាកាសនានារបស់ចិន។
កាលពីខែមិថុនា អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Shouwen បានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងចង់អនុវត្តផែនការនេះណាស់ និងកំពុងជួយកៀហ្ស៊ីស៊ីស្ថានទៅលើការជួសជុលមហាវិថីនានា។ លោក Wang និងមន្ត្រីចិនជាច្រើនទៀត បានសន្យាបង្កើនការនាំចូលទំនិញ រួមមានទាំងផលិតផលកសិកម្មរបស់កៀហ្ស៊ីស៊ីស្ថានផងដែរ។ កៀហ្ស៊ីស៊ីស្ថានថែមទាំងបានព្យាយាមបើក សាខា Alibaba សម្រាប់ប្រទេសនេះ ដែលជាប្រព័ន្ធសេដ្ឋកិច្ចអេឡិចត្រូនិក និងបច្ចេកវិទ្យាផងដែរ។
ក្រុមអ្នកជំនាញបានលើកឡើងថា បញ្ហាប្រឈមផ្នែកឡូជីស្ទិក និងការវិនិយោគមិនគ្រប់គ្រាន់ គឺជាបញ្ហាពិបាកក្នុងការធ្វើឱ្យគម្រោងនេះអាចក្លាយជាការពិត។ មន្ត្រីកៀហ្ស៊ីស៊ីស្ថានបានសារភាពថា ផ្លូវរថភ្លើងសម្រាប់ប្រទេសនេះត្រូវការចំណាយខ្ពស់ជាប្រទេសផ្សេង ពីព្រោះថាគម្រោងនេះអាចនឹងត្រូវសាងសង់ផ្លូវរូងចំនួនជិត ១០០ កន្លែង និងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ នៅទូទាំងតំបន់ដែលសម្បូរទៅដោយជួរភ្នំនៅក្នុងប្រទេស។
បន្ថែមពីលើនេះ ក៏ត្រូវមានកិច្ចព្រមព្រៀងទៅលើចន្លោះផ្លូវរថភ្លើងផងដែរ។ ចិនប្រើប្រាស់ចន្លោះផ្លូវរថភ្លើងស្តង់ដារអន្តរជាតិ ១.៤៣៥ មីលីម៉ែត្រ ខណៈដែលផ្លូវរថភ្លើងរបស់អ៊ូសបេគីស្ថាន និង
កៀហ្ស៊ីស៊ីស្ថាន មានចន្លោះធំជាងនេះ ដែលជាប្រព័ន្ធផ្លូវរថភ្លើងបន្សល់ទុកពីសម័យសហភាពសូវៀត។ ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មបានព្រមានថា ការកែសម្រួលផ្លូវរថភ្លើងដែលខុសគ្នានេះឱ្យដូចគ្នា ក៏ត្រូវការចំណាយប្រាក់ និងពេលវេលាច្រើនដែរ។
ពួកគេបានបញ្ជាក់ថា ផែនទីបង្ហាញផ្លូវចុងក្រោយនឹងត្រូវបញ្ជាក់យ៉ាងច្បាស់ពីថវិកាដែលត្រូវការ ខណៈដែលទឹកប្រាក់សម្រាប់សាងសង់ដែលគេបានប៉ាន់ស្មាន មានប្រហែល ៤.៥០០លានដុល្លារ។
ចិនបានថ្លែងកាលពីប៉ុន្មានឆ្នាំមុនថា គម្រោងផ្លូវរថភ្លើង CKU នឹងបង្កើតបានជាច្រករបៀងដឹកជញ្ជូននៅប៉ែកខាងត្បូងរវាងប្រទេសចិន និងទ្វីបអឺរ៉ុប ដោយតភ្ជាប់តំបន់អឺរ៉ុបកណ្ដាល និងខាងកើត តាមរយៈប្រទេសអ៊ីរ៉ង់ និងតួកគី៕
សេចក្ដីរាយការណ៍នេះត្រូវបានចេញផ្សាយដំបូងដោយវីអូអេអ៊ូសបេគីស្ថាន។ លោក Davron Hotam អ្នកយកព័ត៌មានរបស់វីអូអេកៀហ្ស៊ីស៊ីស្ថាន ចូលរួមចំណែកដល់សេចក្ដីរាយការណ៍នេះ។