ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស ​G-7 ​ចង់​ប្រមូល​ប្រាក់​៦០០​ពាន់​លានដុល្លារ​ទប់ទល់​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន


រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ថ្លែងនៅក្នុងពិធីផ្លូវការមួយរបស់រដ្ឋាភិបាលចិនដើម្បីផ្តល់កិត្តិយសដល់ភាគីពាក់ព័ន្ធដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅវិមានរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ថ្លែងនៅក្នុងពិធីផ្លូវការមួយរបស់រដ្ឋាភិបាលចិនដើម្បីផ្តល់កិត្តិយសដល់ភាគីពាក់ព័ន្ធដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅវិមានរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។

មេ​ដឹកនាំ​ប្រទេស​ទាំង​៧​មាន​ឧស្សាហកម្ម​ជឿនលឿន​ G-7 ​កាលពី​ថ្ងៃ​អាទិត្យ​បាន​សន្យា​ថា​ នឹង​ផ្តល់​ប្រាក់​ចំនួន ​៦០០​ ពាន់​លាន​ដុល្លារ​ជា​មូលនិធិ​ឯកជន​និង​សាធារណៈ​ក្នុង​រយៈ​ពេល ៥​ ឆ្នាំ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ត្រូវការ​ចាំបាច់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​និង​ប្រឆាំង​នឹង​គម្រោង​ក្រវាត់​ ពាណិជ្ជកម្ម​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់​រាប់​លាន​លាន​ដុល្លារ។​ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters។​

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​និង​មេ​ដឹកនាំ​ប្រទេស​ G-7​ ផ្សេង​ទៀត​បាន​បើក​ដំណើរការ​ឡើង​វិញ​នូវ​គម្រោង​ឈ្មោះ​«ភាព​ជាដៃ​គូ​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ការ​វិនិយោគ​សកល»​ នៅ​ឯជំនួប​ប្រចាំ​ឆ្នាំ​នៅ​ឆ្នាំ​នេះ​នៅ​សារ​មន្ទីរជាតិ​ Schloss Elmau ​ភាគខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់។​

លោក​ Biden ​បាន​និយាយ​ថា ​សហ​រដ្ឋ​អាមេរិក​នឹង​កៀងគរ​ថវិកា​ចំនួន ​២០០​ ពាន់​លាន​ដុល្លារ​ជា​ជំនួយ​ ដែល​ជា​មូលនិធិ​សហព័ន្ធ ​និង​ការ​វិនិយោគ​ឯកជន​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ដើម្បី​គាំទ្រ​គម្រោង​នានា​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បណ្តាល​មកពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​កែ​លម្អ​សុខភាព​សកលសមធម៌​យេនឌ័រ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល។​

លោក ​Biden ​បាន​និយាយ​ថា​ «ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់។ ​នេះ​មិន​មែន​ជា​ជំនួយ ​ឬ​ថវិកា​សប្បុរស​ធម៌​ទេ។​ វា​គឺ​ជាការ​វិនិយោគ​ដែល​នឹង​ផ្តល់​ផល​ចំណេញ​សម្រាប់​មនុស្ស​គ្រប់គ្នា»។​លោក​បន្ថែម​ថា ​វា​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​នានា​ «មើល​ឃើញ​អត្ថ​ប្រយោជន៍​ជាក់​ស្តែង​នៃ​ការ​ចាប់​ដៃគូ​ជាមួយ​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ»។​

លោក ​Biden ​បាន​និយាយ​ថា ​ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​បាន​ពី​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​ ស្ថាប័ន​ហិរញ្ញ​វត្ថុ​អភិវឌ្ឍន៍ ​មូលនិធិ​ទ្រព្យ​សម្បត្តិ​អធិបតេយ្យ ​និង​ស្ថាប័ន​ផ្សេងៗ​ទៀត។​

អ្នកស្រី​ Ursula von der Leyen ​ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​បាន​ប្រាប់​ការ​ជួប​ជុំ​នេះ​ថា​ អឺរ៉ុប​នឹង​ប្រមូល​ថវិកា​៣០០​ពាន់​លាន​អឺរ៉ូ​សម្រាប់​គំនិត​ផ្តួច​ផ្តើម​ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ​ ដើម្បី​បង្កើត​ជម្រើស​ប្រកប​ដោយ​និរន្តរ​ភាព​ផ្សេង​ពី​គម្រោង​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ​ដែល​ប្រធានាធិបតី​ចិន​លោក​ Xi Jinping​ បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ ២០១៣។

មេ​ដឹកនាំ​ប្រទេស​អ៊ីតាលី ​កាណាដា ​និង​ជប៉ុន​ក៏បាន​និយាយ​អំពី​ផែនការ​របស់​ពួកគេ​ផង​ដែរ​ ដែល​មួយ​ចំនួនបាន​ប្រកាស​ដាច់​ដោយ​ឡែក​ពី​គ្នា។ ​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron ​និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ Boris Johnson ​មិនមាន​វត្តមាន​ទេ ​ប៉ុន្តែ​ប្រទេស​ទាំងពីរ​នេះ​ក៏ចូល​រួម​ផង​ដែរ។

XS
SM
MD
LG