ជាមួយនឹងទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសខ្លួនទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងត្បូងនៅដើមខែមិថុនានេះ ប្រទេសចិនត្រូវបានក្រុមអ្នកជំនាញបរិយាយថា កំពុងអនុវត្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចកិច្ចព្រមព្រៀងនានានិងបន្សាបឥទ្ធិពលជាប្រពៃណីរបស់បស្ចិមប្រទេសនៅក្នុងតំបន់នោះ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការព្យាយាមសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងបានស្ដែងឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនលោក Wang Yi ទៅកាន់ប្រទេសនិងដែនកោះដូចជា កោះSolomons ហ្វ៊ីជី គិរីបាទី សាម័រ តុងហ្កា វ៉ានូទូ ប៉ាពូអាស៊ីនូវែលហ្គីណេ និងទីម័រខាងកើត។ លោកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃទី០៤ ខែមិថុនា។ ប្រទេសចិនបានចុះកតិកាសញ្ញាសន្ដិសុខជាមួយកោះ Solomons កាលពីខែមេសាកន្លងទៅ។
យ៉ាងណាក្ដីលោក Wang Yi បានខកខានសម្រេចមិនបានចុះកិច្ចព្រមព្រៀងរួមមួយគ្របដណ្ដប់ទូទាំងតំបន់ប៉ាស៊ីហ្វិកទាំងមូលជាមួយចិន តែបានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសសាមីមួយចំនួន ដូចជាប្រទេសតុងហ្កាលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងចំណោមគម្រោងជាច្រើននោះ។ លោក Wang Yi បានបំពេញទស្សនកិច្ចក្នុងប្រទេស វ៉ានូទូ កាលពីថ្ងៃទី១ ខែមិថុនា។
ទីក្រុងប៉េកាំងបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ដែលអនុញ្ញាតឱ្យនាវាចិនអាចធ្វើប្រតិបត្តិការហួសតំបន់ប្រជុំកោះពីជើងទៅត្បូង ចន្លោះប្រទេសជប៉ុននិងប្រទេសឥណ្ឌូណេស៊ី។ តំបន់ប៉ាស៊ីហ្វិកខាងត្បូងដែលជាតំបន់ត្រូពិក ស្ថិតនៅម្ខាងនៃប្រជុំកោះទាំងនោះ។
លោក Satu Limaye អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ East-West ដែលមានមូលដ្ឋាននៅទីក្រុងហូណូលូលូ រដ្ឋ Hawaii (ហាវ៉ៃ) សហរដ្ឋអាមេរិក បាននិយាយប្រាប់វីអូអេថា៖ «ការយកចិត្តទុកដាក់ដ៏សមរម្យ ការប្រើធនធានជាច្រើន និងការព្យាយាមសមបង្គួរនោះ អ្វីៗអាចនឹងរអិលធ្លាក់ចូលកណ្ដាប់ដៃរបស់ពួកគេ ដូចមានកោះ Solomons ជាតឹកតាងស្រាប់»។
លោក Limaye បានបន្តថា ចិនបានត្រៀមខ្លួនរួចរាល់ដើម្បីប្រឡូកក្នុង«ការប្រកួតប្រជែងកម្រិតមហាអំណាច»នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាមួយនឹងបណ្ដាប្រទេសបស្ចិមលោកនានាដែលមានឥទ្ធិពលនយោបាយជាប្រវត្តិសាស្ត្រតែពេលខ្លះ ធ្លាក់ចុះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងនេះ។
លោកបញ្ជាក់ថា៖ «ភ្លេចនិយាយអំពីការប្រកួតប្រជែងនឹងមកដល់។ តាមពិតការប្រកួតប្រជែងបានមកដល់ហើយគឺនៅទីនោះតែម្ដង»។
ប្រកួតប្រជែងយ៉ាងស្វិតស្វែងជាមួយបស្ចិមលោក
តំបន់ប៉ាស៊ីហ្វិកខាងត្បូងលាតសន្ធឹងពីប្រទេសអូស្ត្រាលីដល់ប្រទេសប៉េរូ។
ប្រទេសចិនក៏កំពុងស្វះស្វែងផងដែររកប្រភពផ្គត់ផ្គង់រយៈកាលវែងនៃម្ហូបអាហារសមុទ្រសម្រាប់ប្រជាជនរបស់ខ្លួនដែលមានចំនួន១.៤០០លាននាក់ ព្រមជាមួយនឹងការបង្កឧបសគ្គដល់ឥទ្ធិពលសហរដ្ឋអាមេរិកនិងអូស្រ្តាលីនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ នេះជាការលើកឡើងរបស់លោក Derek Grossman អ្នកវិភាគជាន់ខ្ពស់ក្នុងវិស័យការពារជាតិនៃសាជីវកម្មស្រាវជ្រាវ RAND Corporation ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
សេចក្ដីរាយការណ៍ព័ត៌មានរបស់បណ្ដាញផ្សព្វផ្សាយក្នុងប្រទេសហ្វ៊ីជីបានឱ្យដឹងថា កាលពីថ្ងៃចន្ទពីរសប្ដាហ៍មុនទីក្រុងប៉េកាំងបានបរាជ័យក្នុងការកៀងគរការគាំទ្រចូលរួមពីបណ្ដាប្រទេសប៉ាស៊ីហ្វិកខាងត្បូងទាំង១០ ដើម្បីសម្រេចគម្រោងកិច្ចព្រមព្រៀងរួមថ្នាក់តំបន់របស់ខ្លួនដែលគ្របដណ្ដប់លើផ្នែកសន្ដិសុខដល់វិស័យជលផល ខណៈរដ្ឋាភិបាលប្រទេសខ្លះបានសម្រេចដកខ្លួន។
ប្រធានាធិបតីរដ្ឋសហព័ន្ធមីក្រូណេស៊ីបានព្រមានបណ្ដាមេដឹកនាំជាមិត្តក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងដូចគ្នាថា កិច្ចព្រមព្រៀងរួមណាមួយជាមួយប្រទេសចិននឹងរុញឱ្យមានកំណើនភាពតានតឹងផ្នែកនយោបាយភូមិសាស្ត្រ។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនក៏បានផ្ដល់នូវការសន្យាជាកញ្ចប់ប្រយោជន៍ផ្សេងទៀតផងដែរ ខណៈលោកបំពេញទស្សនកិច្ចនៅក្នុងតំបន់។
អំឡុងពេលស្ថិតក្នុងប្រទេសហ្វ៊ីជីកាលពីសប្ដាហ៍ថ្មីៗ លោក Wang Yi ពោលថា ចិនមានឆន្ទៈក្នុងការច្របាច់បញ្ចូល គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម (BRI) របស់ខ្លួនដែលមានទំហំទឹកប្រាក់ជាង៤លានលានដុល្លារ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ប្រទេសដែនកោះប៉ាស៊ីហ្វិកខាងត្បូងប្រជុំកោះរយ:ពេល២០ឆ្នាំ ហើយនិងដាក់ចេញនូវគម្រោងសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាផងដែរ។ នេះបើយោងតាមការផ្សាយរបស់ Xinhua ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម(BRI) ត្រូវបានដាក់ឱ្យដំណើរការរយៈពេល៩ឆ្នាំមក ហើយ ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅរាប់សិបប្រទេស ប្រយោជន៍ដើម្បីបង្កើនច្រកផ្លូវពាណិជ្ជកម្មតភ្ជាប់ជាមួយប្រទេសចិន។
ស្រដៀងគ្នានេះដែរ ក្នុងប្រទេសគិរីបាទី លោក Wang Yi បានសន្យាផ្ដល់ប្រយោជន៍ដែលទាក់ទងនឹង គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម(BRI)។ នេះបើយោងតាមការផ្សាយរបស់ Xinhua កាលពីថ្ងៃទី២៧ ខែឧសភា។ Xinhua បានបន្តថា ប្រទេសចិនបានយល់ព្រមក្នុងការផ្ដល់ឱ្យ«អស់អត្ថប្រយោជន៍ពីដៃពីជើងដល់ប្រទេសគិរីបាទីលើផ្នែកធនធាននិងបង្កើតសកម្មភាពថ្មីៗលើកិច្ចការសហប្រតិបត្តិការលម្ហសមុទ្រ»។
លោក Wang Yi ក៏បានបន្តប្រកាសផ្ដល់កញ្ចប់ជំនួយស្តារស្ថានការណ៍ពីកូវីដដល់បណ្ដាប្រទេសមួយចំនួនក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងផងដែរ។ លោកលើកឡើងថា ចិននឹង«បន្តលើកកម្ពស់ការអនុវត្តកតិកាសញ្ញាក្រុងប៉ារីស»ស្ដីពីអាកាសធាតុឱ្យបានគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាព ទល់នឹងការកើនឡើងកម្ពស់ទឹកសមុទ្រ ដែលកំពុងគំរាមកំហែងដែនកោះដែលមានរយៈកម្ពស់ទាបក្នុងតំបន់អូសេអានី។
គួរបញ្ជាក់ថា ទាំងកោះ Solomons និងគិរីបាទីសុទ្ធបានផ្ដាច់ទំនាក់ទំនងការទូតផ្លូវការពីតៃវ៉ាន់ ដែលជាមិត្តស្និទ្ធស្នាលក្រៅផ្លូវការរបស់បស្ចិមលោក ហើយងាកទៅរកប្រទេសចិនវិញ។
សេចក្ដីរាយការណ៍ព័ត៌មាននានាបានឱ្យដឹងថា កប៉ាល់របស់ចិនទំនងជានឹងទទួលសិទ្ធិចេញចូលតំបន់ការពារកោះ Phoenix នៅជិតប្រទេសគិរីបាទី។
លោក Taneti Maamau ប្រធានាធិបតីគិរីបាទី បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុនថា លោកមានគម្រោងលុបចោលបម្រាមធ្វើនេសាទដែលបានដាក់បម្រាមតាំងពីឆ្នាំ២០១៥ លើដែនសមុទ្រទំហំ ៤០៨ ២៥០ គីឡូម៉ែត្រក្រឡា ទីដែលអង្គការយូណេស្កូចាត់ទុកថាជា«តំបន់ការពារធនធានសមុទ្រធំជាងគេបង្អស់នៅលើពិភពលោក»។
ចិនបាននិងកំពុងស្វះស្វែងចង់បានមូលដ្ឋានកំពង់ផែដែលមានបម្រើបម្រាស់ទ្វេមុខ(សេដ្ឋកិច្ចនិងយោធា)នៅប្រទេសវ៉ានូទូផងដែរ តែសំណើនេះត្រូវបានបដិសេធ ក្រោយពីគោលបំណងនេះបានលេចឮតាមទំព័រសារព័ត៌មាន។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវនៅ គ្រឹះស្ថាន Brookings ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន តាមរយៈការស្រាវជ្រាវមួយចេញផ្សាយឆ្នាំ២០២០។
ឥទ្ធិពលរបស់ប្រទេសចិននឹងបន្តនៅទីនោះហើយ«នឹងបន្តមានវត្តមាន»។ នេះជាការលើកឡើងរបស់ Tarcisius Kabutaulaka សាស្ត្រាចារ្យរងជំនាញសិក្សាកិច្ចការតំបន់កោះប៉ាស៊ីហ្វិកនៅឯសាកលវិទ្យាល័យ Hawaii ក្នុងទីក្រុងManoa រដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក។
លោក Kabutaulaka លើកឡើងថា នៅកោះ Solomons «មានមជ្ឈដ្ឋានមហាជនដែលពិតជាគាំទ្រចិន ហើយមតិយោបល់របស់អ្នកទាំងនោះតែងយល់ឃើញថា ទំនាក់ទំនងជាមួយបស្ចិមលោកមិនបាននាំមកនូវការផ្លាស់ប្ដូរជាដុំកំភួនណាមួយដល់ការអភិវឌ្ឍកោះ Solomons នោះទេ ម្ល៉ោះហើយចិនបានក្លាយជម្រើសពលរដ្ឋ»។
លោក Kabutaulakaបន្តថា ការសាកល្បងសព្វាវុធរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងបានអង្រួនស្មារតីសន្ដិសុខរបស់បណ្ដាជនក្នុងប្រទេសដែនកោះមួយចំនួននៅទីនោះ ដោយហេតុថាការសាកល្បងទាំងនោះតែងនាំមកនូវការរើទីលំនៅដោយបង្ខំអំឡុងសតវត្សន៍ទី២០។
ការតបតរបស់សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត
កាលពីខែមីនា ទីក្រុងវ៉ាស៊ីងតោនបានចាប់ផ្ដើមដំណើរចរចាឡើងវិញនូវកិច្ចព្រមព្រៀងជាមួយ កោះម៉ាសាល់ មីក្រូណេស៊ី និងប៉ាឡៅ។ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងនាគ្រានោះថា «ការបញ្ចប់កិច្ចចរចាទាំងអម្បាលមាណនេះជាអាទិភាពរបស់រដ្ឋការដឹកនាំសហរដ្ឋអាមេរិកបច្ចុប្បន្ន»។
អំឡុងខែមេសា អូស្រ្តាលី ជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែបានសម្ដែងក្ដីភ័យព្រួយ កិច្ចព្រមព្រៀងរវាងចិននិងកោះ Solomons នឹងបើកផ្លូវឱ្យមានការដាក់ពង្រាយកងកម្លាំងយោធារបស់ចិននៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
ចិនឯណោះវិញក៏បានទទួលអារម្មណ៍ថាកំពុងរងសម្ពាធផ្នែកនយោបាយភូមិសាស្ត្រផងដែរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានផ្សាយកាលពីថ្ងៃទី២៧ខែឧសភាថា៖ «លោក Wang Yi បានលើកឡើងថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួនកំពុងវក់នឹងការទប់ស្កាត់ការអភិវឌ្ឍរបស់ចិន»។ Xinhua បន្តទៀតថា៖ «ជាសារវ័ន្ត ពួកគេមិនចង់ឃើញជោគជ័យណាមួយនៃកម្លាំងផ្សេងក្រៅពីបស្ចិមលោក និងក៏ដូចជាការពង្រឹងឡើងនៃសាមគ្គីភាពនិងសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍឡើយ»។
ផែ្នកទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនលែងស្ថិតក្នុងស្ថានភាព«ជាប់គាំង»ទៅណាមិនឆ្ងាយដោយសារភូមិសាស្ត្រដែនកោះនៅតំបន់អាស៊ីបូព៌ាទៀតហើយ។ នេះជាការលើកឡើងរបស់លោក Sean King អនុប្រធានសាជីវកម្មប្រឹក្សាយោបល់ Park Strategies មានមូលដ្ឋាននៅបុរី New York។
លោកថ្លែងថា៖ «សម្រាប់សាធារណរដ្ឋប្រជាមានិតចិន នេះជាពេលវេលាទុំជោរហើយ ក្នុងការរំកិលខ្លួនចូលក្នុងតំបន់ប៉ាស៊ីហ្វិក ខណៈកោះ Solomons និងគិរីបាទីបានផ្លាស់ប្ដូរទំនាក់ទំនងការទូតផ្លូវការរបស់ខ្លួនចេញតៃវ៉ាន់ មករកក្រុងប៉េកាំងវិញ នៅចំពេលដែលមានដំណើរមិនទៅមុខខុសប្រក្រតីនៃការចរចារបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីបន្តសុពលភាពកិច្ចព្រមព្រៀង COFA ស្ដីពីការការពាររដ្ឋចំណុះដែលមានស្វ័យភាព ជាមួយកោះម៉ាសាល់ រដ្ឋសហព័ន្ធមីក្រូណេស៊ីនិងប៉ាឡៅ»។
លោក Satu Limaye បាននិយាយថា ក្រុមអ្នកមុខអ្នកការនៅទីក្រុងប៉េកាំងកំពុងគិតជំហានបន្ទាប់សម្រាប់រយៈពេលទៅមុខ២០ឆ្នាំទៅ៣០ឆ្នាំ។ លោកលើកឡើងថាគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិននិងទំនាក់ទំនងដែលកំពុងរងការវិវត្តទៅមុខជាមួយថ្នាក់ដឹកនាំក្នុងតំបន់ នៅទីបំផុតទៅ នឹងបំបែកឥទ្ធិពលអូស្ត្រាលី-សហរដ្ឋអាមេរិកនៅទីនោះ។ លោកបន្តថា អាហារូបករណ៍អប់រំផ្ដល់ដោយចិនសម្រាប់បណ្ដាជននៅប្រទេសដែនកោះទាំងនោះ និងការគាំទ្រណាមួយតទល់នឹងការកើនឡើងកម្ពស់ទឹកសមុទ្រនឹងបង្កើតនូវសមានចិត្តដ៏ខ្លាំងក្លាមួយទៅរកចិន បើសិនជាឥទ្ធិពលបស្ចិមលោកខកខានក្នុងការប្រដេញតាមឱ្យទាន់ទេនោះ៕
ប្រែសម្រួលដោយ អូន ឆេងប៉រ
យុទ្ធសាស្ត្រផ្ដាច់ព្រ័ត្ររបស់ចិននៅប៉ាស៊ីហ្វិកខាងត្បូង និងមូលហេតុដែលវាសំខាន់ពេលនេះ
- Ralph Jennings
ទីក្រុង San Francisco សហរដ្ឋអាមេរិក —