គេឃើញមានភាពតានតឹងខាងវោហាសាស្ត្រផ្សេងៗនៅក្នុងតំបន់ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេពាក់ព័ន្ធនឹងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឲ្យការទាមទារភាគច្រើនរបស់ប្រទេសចិននៅក្នុងតំបន់ជម្លោះនោះមិនមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់។
ប៉ុន្តែសកម្មភាពផ្នែកការទូតមួយកំពុងតែត្រូវបានធ្វើឡើងដើម្បីជំរុញឲ្យមាននូវបទដ្ឋាននៃការអនុវត្តដែលទទួលយកបាន នៅក្នុងដែនទឹកដែលមានជម្លោះនោះ។ នេះនឹងក្លាយជាចំនុចស្នូលសម្រាប់ការពិភាក្សាមួយនៅពេលដែលរដ្ឋមន្រ្តីការបរទេសក្នុងតំបន់ទាំងអស់ជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំអាស៊ាន ក្នុងសប្តាហ៍នេះ នៅក្នុងប្រទេសឡាវ។
លោកស្រី Colin Willett ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា៖ «សមុទ្រចិនខាងត្បូងគឺជាបញ្ហានយោបាយ និងសន្តិសុខចម្បងមួយនៅក្នុងតំបន់ ហើយដោយសារតែអញ្ចឹងហើយបានជាបញ្ហានេះត្រូវលើកយកមកពិភាក្សាយ៉ាងទូលំទូលាយនៅពេលដែលយើងមានកិច្ចប្រជុំពហុភាគីទាំងនេះ»។
អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ប្រទេសសមាជិកអាស៊ានបានពិភាក្សាគ្នាអំពីការបង្កើតក្រមប្រតិបត្តិដែលតម្រូវឲ្យគោរពតាមសម្រាប់បញ្ហានៅក្នុងសមុទ្រចិនខាងត្បូងនេះ ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ជម្លោះនោះ។
ក្រុមអ្នកវិភាគនិយាយថា ករណីនេះគឺមិនអាចធ្វើទៅរួចនោះទេ ទោះបីជាបន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិក៏ដោយ។
លោក Gregory Poling ប្រធានគម្រោងគំនិតផ្តួចផ្តើមតម្លាភាពកិច្ចការសមុទ្រទទួលបន្ទុកទ្វីបអាស៊ីរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (Center for Strategic and International Studies) ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គំនិតដែលថារដ្ឋាភិបាលក្រុងប៉េកាំងនឹងឯកភាពទទួលយកក្រមប្រតិបត្តិដែលនឹងដាក់កំហិតដល់សកម្មភាពរបស់ប្រទេសចិននោះ គឺមិនអាចទៅរួចនោះទេ នាពេលឥឡូវនេះ»។
លោក Poling និងអ្នកវិភាគផ្សេងទៀតបានព្រមានថាសហរដ្ឋអាមេរិក និងប្រទេសចិននឹងនៅតែបន្តប្រកួតប្រជែងគ្នាដដែល។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទទូចចង់ឲ្យមានដំណោះស្រាយតាមផ្លូវច្បាប់ ហើយយោធាសហរដ្ឋអាមេរិកកំពុងធ្វើការល្បាតត្រួតពិនិត្យមើលសេរីភាពនៃការធ្វើចរាចរតាមផ្លូវទឹក ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងប្តេជ្ញាប្រឆាំងនឹងការឈ្លានពានណាមួយនៅក្នុងដែនទឹកដែលខ្លួនបានអះអាងថាខ្លួនជាម្ចាស់កម្មសិទ្ធិផ្តាច់មុខនោះ៕