ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​បារម្ភ​ពី​សកម្មភាព​របស់​ចិន ក្រោយ​សាលក្រម​របស់​តុលាការ​អន្តរជាតិ​អំពី​សមុទ្រ​ចិន​ខាង​ត្បូង


លោក Michael J.Green អនុ​ប្រធាន​ជាន់​ខ្ពស់​សម្រាប់​ទ្វីប​អាស៊ី នៃ​​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​​​និង​ស្រាវជ្រាវ​អន្តរជាតិ​​ នៃ​រដ្ឋ​ធានី​វ៉ាស៊ិនតោន​ សហរដ្ឋ​អាមេរិក​ និង​លោក ពូ សុធារៈ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​​បន្ទាប់​ពី​សាលដីការ​តុលាការ​អន្តរជាតិ​ នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​កក្ដដា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)
លោក Michael J.Green អនុ​ប្រធាន​ជាន់​ខ្ពស់​សម្រាប់​ទ្វីប​អាស៊ី នៃ​​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​​​និង​ស្រាវជ្រាវ​អន្តរជាតិ​​ នៃ​រដ្ឋ​ធានី​វ៉ាស៊ិនតោន​ សហរដ្ឋ​អាមេរិក​ និង​លោក ពូ សុធារៈ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​​បន្ទាប់​ពី​សាលដីការ​តុលាការ​អន្តរជាតិ​ នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​កក្ដដា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​ Michael J. Green​ អនុ​ប្រធាន​មជ្ឈមណ្ឌល​អាស៊ី​សម្រាប់​ការ​សិក្សា​ផ្នែក​យុទ្ធសាស្ត្រ​​អន្តរជាតិ​ និង​ជា​សាស្រ្តាចារ្យ​រង​នៅ​ឯ​​សាកល​វិទ្យាល័យ​ Georgetown​ ស្ថិត​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ថ្លែងថា​ ប្រទេស​ចិន​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​​ Xi Jinping ​ដែល​ជា​អ្នក​ជាតិ​និយម​ នឹង​មិន​ព្រម​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​នេះ​ ដោយ​ងាយៗ​នោះ​ទេ។

មួយ​សប្តាហ៍​ក្រោយ​ពី​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​បាន​កាត់​សេចក្តី​គាំទ្រ​បណ្តឹង​របស់​ហ្វីលីពីន​ប្រឆាំង​ការ​កាន់កាប់​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​បាន​សន្និដ្ឋាន​ដោយ​ប្រយ័ត្ន​ប្រយែង​អំពី​ជំហរ​របស់​ចិន ​ក្រោយ​ការ​ប្រកាស​សាល​ដីកា​ដ៏​ចម្រូង​ចម្រាស​នេះ។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រទេស​ចិន​មិន​ព្រម​ទទួល​យក​សាលដីកា​ ដែល​ចេញ​ដោយ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នោះ​ទេ​ ហើយ​ថា​ មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​អាច​នឹង​ធ្វើ​សកម្មភាព​អ្វី​មួយ​ ឆ្លើយ​តប​ទៅ​នឹង​សុច្ចរិត​ភាព​នៃការ​កាត់​សេចក្តី​របស់​តុលាការ​អន្តរជាតិ​នេះ។​

លោក​ Michael J. Green​ អនុ​ប្រធាន​មជ្ឈមណ្ឌល​អាស៊ី​សម្រាប់​ការ​សិក្សា​ផ្នែក​យុទ្ធសាស្ត្រអន្តរជាតិ​ និង​ជា​សាស្រ្តាចារ្យ​រង​នៅ​ឯសាកល​វិទ្យាល័យ​ Georgetown​ ស្ថិត​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ទៅកាន់​អ្នក​ចូល​រួម​ស្តាប់សេចក្តី​ពន្យល់​របស់​លោក​អំពី​ជំហាន​ បន្ទាប់​របស់​ចិន​ក្រោយពី​ការ​ចេញ​សាល​ដីកា​នោះ។ ​លោក​និយាយ​ថា​ ប្រទេស​ចិន​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Xi Jinping ​ដែល​ជា​អ្នក​ជាតិ​និយម​ នឹង​មិន​ព្រម​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​នេះ​ ដោយ​ងាយៗ​នោះ​ទេ។​

លោក Michael J.Green អនុ​ប្រធាន​ជាន់​ខ្ពស់​សម្រាប់​ទ្វីប​អាស៊ី នៃមជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​និង​ស្រាវជ្រាវ​អន្តរជាតិ នៃ​រដ្ឋ​ធានី​វ៉ាស៊ិនតោន​ សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​សមុទ្រ​ចិន​ខាង​ត្បូងបន្ទាប់​ពី​សាលដីការ​តុលាការ​អន្តរជាតិ​ នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​កក្ដដា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)
លោក Michael J.Green អនុ​ប្រធាន​ជាន់​ខ្ពស់​សម្រាប់​ទ្វីប​អាស៊ី នៃមជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​និង​ស្រាវជ្រាវ​អន្តរជាតិ នៃ​រដ្ឋ​ធានី​វ៉ាស៊ិនតោន​ សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​សមុទ្រ​ចិន​ខាង​ត្បូងបន្ទាប់​ពី​សាលដីការ​តុលាការ​អន្តរជាតិ​ នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​កក្ដដា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​ Michael J. Green ​ថ្លែង​ថា​ ការ​ជួប​សន្ទនា​ជាមួយ​មេដឹកនាំ​ប្រទេស​នេះ​គួរ​តែត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ចិន​បន្ធូរ​បន្ថយ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន។​

«ខ្ញុំ​សង្ឃឹម! ​ខ្ញុំ​សង្ឃឹម​ថា​ យើង​អាច​សន្ទនា​ជាមួយ​ចិន​ នៅ​ទីក្រុង​ណៃពិដោ ​ឬ​យ៉ាងហ្គន​ ឬ​ទីក្រុង​ភ្នំពេញ​ ហើយ​នឹង​ប្រទេស​ដទៃ​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​ យើង​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​យ៉ាង​ដូច​ម្តេច»។

លោក​ Michael J. Green​ បន្ត​ថា​ ប្រទេសចិន​ក៏នឹង​នៅតែបន្ត​ធ្វើការ​កសាង​កោះ​ក្នុងដែន​សមុទ្រ​ជម្លោះ​ ដោយ​មិន​ខ្វល់​ពី​ការ​ចេញ​សាលដីកា​នោះ​ទេ។​ ​យ៉ាង​ណា​ក៏​ដោយ​ លោក​ថ្លែង​ថា​ ប្រទេស​ចិន​នឹង​នៅ​តែ​បន្តធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​បែប​ស្ថាបនា​ និង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ជា​សម្ព័ន្ធ​មិត្ត​យូរឆ្នាំ​របស់​ប្រទេស​ហ្វីលីពីន​នោះ។ លោក​បាន​បន្ថែម​ថា​ ប្រទេស​ចិន​អាច​នឹង​ធ្វើ​សកម្មភាព​កាន់​តែ​ច្រើន​ជាង​មុន​ និង​គួរ​ឲ្យ​កត់​សម្គាល់​ច្រើន​ថែម​ទៀត​ បន្ទាប់​ពីការ​ផ្លាស់​ប្តូរ​ប្រធានាធិបតី​ស.រ.អា.នៅ​ពេល​ខាង​មុខ​នេះ។​ តែ​លោក​មិន​អាច​បញ្ជាក់​បានទេ​ថា ​តើ​ចិន​នឹង​ធ្វើ​សកម្មភាព​បែប​ណា​ ឬ​ក៏​ក្នុង​ទ្រង់ទ្រាយ​បែប​ណា​ ក្នុង​តំបន់​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ ដល់​ទៅ​៥​ពាន់​លានលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នោះ។

កាល​ពីថ្ងៃ​ទី​១២​ ខែ​កក្កដា​កន្លង​ទៅនេះ​ តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់​ បាន​ចេញ​សាល​ដីកា​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះ​ក្តី​លើ​ប្រទេស​ចិន​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ប្រឆាំង​នឹង​ចិន។​

ចិន​បាន​ឈរលើ​អំណះ​អំណាង​នៃ​ភស្តុតាង​ប្រវត្តិសាស្ត្រ​សម្រាប់ធ្វើការ​កាន់កាប់​ទឹក​ដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ តែ​តុលាការ​បាន​ចាត់​ទុក​ថា​ អំណះ​អំណាង​របស់​ចិន​គ្មាន​តម្លៃ​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ។​

ទោះបី​ដឹង​ថា​ ខ្លួន​បាន​ចាញ់​ក្តី​ដោយ​អំណាច​តុលាការ​អន្តរជាតិ​នេះ​ក្តី​ ប្រទេស​ចិននៅ​តែ​បន្ត​កៀងគរ​រក​ការ​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ថា ជា​ចំណុច​សន្តិសុខ​ផ្នែក​នាវាចរ​ដ៏​ស្រួចស្រាវ​មួយ​របស់​ខ្លួន។​

និស្សិត​ជនជាតិ​ហ្វីលីពីនកាន់​រូប​ចម្លងនាវា​ចិន​ខណៈដែល​ពួកគេ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ចិន​អំឡុង​ពេល​ប្រមូល​ផ្តុំនៅ​រាជវាំង Malacanang ទីក្រុង​ម៉ានីលកាល​ពី​ថ្ងៃទី​០៣ មីនា ២០១៦។
និស្សិត​ជនជាតិ​ហ្វីលីពីនកាន់​រូប​ចម្លងនាវា​ចិន​ខណៈដែល​ពួកគេ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ចិន​អំឡុង​ពេល​ប្រមូល​ផ្តុំនៅ​រាជវាំង Malacanang ទីក្រុង​ម៉ានីលកាល​ពី​ថ្ងៃទី​០៣ មីនា ២០១៦។

ភ្លាមៗ​បន្ទាប់​ពី​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​បាន​សម្រេច​កាត់​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ក្តី​នោះ​ ​លោក​ Li Keqiang ​នាយក​រដ្ឋមន្ត្រី​ចិនបាន​សន្យា​នឹង​លោក​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ថា​ ចិន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៦០០​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ការ​ប្រកាស​ផ្តល់​ជំនួយ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ចិន​បញ្ជាក់​ជំហរ​មិន​ទទួល​ស្គាល់​សាល​ដីកា​របស់​តុលាការ​ ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏ប្រកាស​មិន​ទទួល​ស្គាល់​ដូច​ជំហរ​ចិន​ដែរ​នោះ។​

ជំនួយ​នេះត្រូវ​បាន​លោក​ Li Keqiang ​ប្រកាស​សន្យា​ផ្តល់​ជូន​ ​នៅ​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១១​ ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​អ៊ូឡង់បាទ័រ​ (Ulaan Baatar)​ ប្រទេស​ម៉ុងហ្គោលី​ ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៦​ខែ​កក្កដា។​

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​ប្រាប់​ VOA ​ថា​ កម្ពុជា​ជា​ប្រទេស​តូច​ និង​ពុំទាន់​មាន​ឯកភាព​ជាតិ​លើ​គោល​នយោបាយ​ការបរទេស​នៅ​ឡើយ។

លោក​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​អាច​ចង​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​ចិន​បាន​ តែ​លោក​បារម្ភ​ថា​ ចិន​អាច​យក​កម្ពុជា​ធ្វើ​ជា​ឈ្នាន់សម្រាប់​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​នានា។

លោក​ថ្លែង​ថា​ ការ​រាប់​អាន​ជាមួយ​ប្រទេស ​ដែល​មិន​សំឡឹង​ឃើញ​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​ប្រទេស​កម្ពុជា​ អាច​ធ្វើ​ឲ្យ​កម្ពុជា​រក្សា​អព្យាក្រិត្យភាព​របស់​ខ្លួន​បាន ​ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេស​ចិន។

«យើង​អាច​ធ្វើ​ទំនាក់​ទំនង​ ដូច​ជាប្រទេស​ឥណ្ឌា​ ព្រោះ​អី​ប្រទេស​ឥណ្ឌាក៏​ជា​ប្រទេស​មួយ​ ដែល​គ្មាន​ផល​ប្រយោជន៍​ពី​ប្រទេស​កម្ពុជា​ដោយផ្ទាល់​ទេ​ ហើយ​ដោយសារ​អញ្ចឹង​ ទំនាក់​ទំនង​ដូច​ជា​ប្រទេស​ឥណ្ឌា​ជាមួយ​ជប៉ុន​ ជាមួយកូរ៉េខាង​ត្បូង​អីហ្នឹង​គឺ​ជា​ប្រទេស​ដែល​អាច​មិន​មាន​ផល​ប្រយោជន៍​ជាមួយ​នឹងប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​ ប៉ុន្តែ​អាច​ជួយ​ថែ​រក្សា​លំនឹង​កម្ពុជា​ជា​ប្រទេស​អព្យាក្រិត្យ​បាន។ យើង​អព្យាក្រិត្យ​មិន​មែន​បាន​ន័យថា​ យើង​ឯកោ​ទេ។​ អព្យាក្រិត្យបាន​ន័យ ​យើង​ទាក់ទង​ឲ្យ​ស្មើភាព​គ្នា​នៃ​មហា​អំណាច​ទាំង​អស់»។

ក្រៅ​ពី​ទំនាស់​រវាង​ចិន​ និង​ហ្វីលីពីន​ក្នុង​ការ​ដណ្តើម​គ្នា​កាន់​កាប់​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងនោះ​ ​ នៅមាន​ប្រទេស​ចំនួន​បួន​ផ្សេង​ទៀត​ក៏​កំពុង​ប្រទាញ​ប្រទង់​គ្នា​កាន់​កាប់​ទីប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ។ ប្រទេស​ទាំង​នោះ​ រួមមាន​ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ និង​វៀតណាម៕

XS
SM
MD
LG