ជិតមួយសប្តាហ៍មកហើយ បន្ទាប់ពីប្រទេសចិនចាញ់ក្តីទាក់ទិននឹងការទាមទារដែនទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ប្រទេសចិនគ្រោងនឹងបញ្ចប់ការធ្វើសមយុទ្ធយោធានៅផ្នែកមួយចំនួននៃសមុទ្រចិនខាងត្បូង នាសប្តាហ៍នេះ។
រដ្ឋបាលទទួលបន្ទុកកិច្ចការសមុទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង បានចេញនូវសេចក្តីព្រមាននៅថ្ងៃច័ន្ទនេះថា តំបន់ស្ថិតនៅភាគអាគ្នេយ៍នៃកោះ ហៃណាន (Hainan) ដែលជាខេត្តមួយរបស់ប្រទេសចិន នឹងមិនអនុញ្ញាតិឲ្យមានការធ្វើចរាចរចេញចូលទេចាប់ពីថ្ងៃអង្គារស្អែកនេះរហូតដល់ថ្ងៃព្រហស្បតិ៍។
តុលាការអាជ្ញារកណ្តាលអន្តរជាតិរបស់អង្គការសហប្រជាជាតិនៅទីក្រុងឡាអេបានច្រានចោលនូវការទាមទាររបស់ប្រទេសចិនលើដែនទឹកទំហំជិត ៣ លាន ៥ សែន គីឡូម៉ែត្រការ៉េ នៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍មុន។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់ប្រទេសហ្វីលីពីន ដែលបានប្តឹងកាលពីឆ្នាំ ២០១៣ ពាក់ព័ន្ធនឹងសកម្មភាពគឃ្លើនរបស់ចិននៅលើថ្មប៉ប្រះទឹក Scarborough Shoal ស្ថិតនៅចំងាយប្រមាណ ២២៥ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រហ្វីលីពីន។
តុលាការបានកាត់សេចក្តីថា ការទាមទាររបស់ប្រទេសចិនលើតំបន់ដែលហៅថា «ខ្សែបន្ទាត់ព្រំដែនសមុទ្រដែលចែកជា ៩ ចំនុច» នោះ គឺរំលោភទៅលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលហៅកាត់ជាភាសាអង់គ្លេសថា UNCLOS។ អនុសញ្ញានេះកំណត់ថា ព្រំដែនទឹករបស់ប្រទេសមួយមានប្រវែង ២២ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ខ្លួន ហើយប្រទេសនោះអាចគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ចរបស់់ខ្លួនរហូតដល់ ៣៧០ គីឡូម៉ែត្រ រាប់ចាប់ពីឆ្នេរសមុទ្ររបស់ខ្លួន។
រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធចូលរួមនៅក្នុងរឿងក្តីនេះ ដោយអះអាងថា តុលាការគ្មានអំណាចតាមផ្លូវច្បាប់ណាមួយក្នុងការសម្រេចលើរឿងក្តីនេះទេ ទោះបីជាប្រទេសចិនជាប្រទេសហត្ថលេខីមួយនៅក្នុងអនុសញ្ញា UNCLOS នេះក៏ដោយ។ មិនតែប៉ុណ្ណោះ ប្រទេសចិនក៏បានបដិសេធនូវការសម្រេចរបស់តុលាការផងដែរ៕