សេចក្តីសម្រេចកាលពីសប្តាហ៍មុនដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិដែលមានទីតាំងនៅក្នុងទីក្រុងឡាអេ បានសម្រេចថា ចិន មិនមានមូលដ្ឋានខាងផ្លូវច្បាប់ដើម្បីទាមទារប្រជុំកោះនៅផ្ទៃទឹកដែលសម្បូរទៅដោយធនធាននិងមានជម្លោះទេ។ សេចក្តីសម្រេចនេះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីពួកមន្ត្រីចិននិងសិល្បករដែលមានអ្នកគាំទ្រយ៉ាងច្រើននៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសទាមទារមួយនៃសមុទ្រចិនខាងត្បូងផងដែរ។
ក្នុងការឆ្លើយតបដែលហាក់ដូចជារៀបចំឡើងអ្នកចម្រៀងវៀតណាមល្បីៗខ្លះ បានតុបតែងទំព័រ Facebook របស់ខ្លួនដោយមានពាក្យថា «ទេ» ដាក់នៅលើផែនទីដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនសមុទ្រដាច់ៗជា៩ចំណុចរបស់ចិនដែលបានគូសពីការទាមទារផ្ទៃសមុទ្រនោះច្រើនរបស់ចិន។
ក្នុងចំណាត់ការប្រកបដោយការក្លាហានមួយទៀតដែលទំនងជាបានទទួលការយល់ព្រមពីអង្គការឃ្លាំមើលបណ្តាញព័ត៌មានរបស់រដ្ឋាភិបាលទីក្រុងហាណូយបណ្តាញទូរទស្សន៍ក្នុងស្រុកនៅវៀតណាមខាងត្បូង បានផ្អាកការផ្សាយខ្សែភាពយន្តភាគរបស់ចិនបន្ទាប់ពីតួសម្តែងដ៏សំខាន់ម្នាក់បានសម្តែងនូវការគាំទ្រការទាមទារដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ក្នុងខណៈនោះដែរ មានសេចក្តីរាយការណ៍ថា ពួកមន្ត្រីអន្តោប្រវេសន៍វៀតណាមនៅតំបន់ព្រំដែនចិន បានបដិសេធពុំព្រមបោះត្រាលើលិខិតឆ្លងដែនទេសចរណ៍ចិនដែលមានរូបភាពតំបន់ផ្ទៃសមុទ្រដែលបានកំណត់ព្រំដែនរួចហើយបានបោះត្រាទិដ្ឋាការនៅលើឯកសារដាច់ដោយឡែកមួយផ្សេងជំនួសវិញ។
ខណៈនោះដែរ ពួកអ្នកសង្កេតការណ៍ខ្លះនិយាយថា ការបដិសេធពុំព្រមបោះត្រាលើលិខិតឆ្លងដែន អាចកំញើញពួកអ្នកធ្វើដំណើរកុំឲ្យទៅទស្សនាវៀតណាម លោក Tran Cong Truc អតីតមន្ត្រីដែលបានដោះស្រាយជាមួយប្រទេសចិនពីបញ្ហាព្រំដែន បានហៅការបដិសេធនេះថា ជាចំណាត់ការត្រឹមត្រូវ។
លោក Tran និយាយថា «ការបោះត្រាលើលិខិតឆ្លងដែនរបស់ពួកគេ នឹងទទួលស្គាល់ការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ យើង មិនអាចទទួលយកការទាមទារដោយគ្មានហេតុផលដែលត្រូវបានច្រានចោលដោយតុលាការសម្របសម្រួលអន្តរជាតិនោះទេ»។
នៅលើទំព័រ Facebook របស់ VOA ផ្សាយជាភាសាវៀតណាម អ្នកអានម្នាក់មានឈ្មោះថា Van Giang បានយល់ស្រប ខណៈដែលលោក Hong An Nguyen បាននិយាយថា របបវៀតណាម កំពុងអុចអាលឲ្យមានមនោសញ្ចេតនាជាតិនិយមដើម្បីគេចចេញពីបញ្ហាសំខាន់ៗផ្សេងទៀតនៅខាងក្នុងប្រទេសដូចជាអំពើពុករលួយ ការបំពុលបរិស្ថាន ឬបំណុលជាតិ។
ខណៈដែលគាំទ្រវិធានការនានាដើម្បីការពារអ្វីដែលលោកហៅថាអធិបតេយ្យភាពរបស់វៀតណាម លោក Truc បានព្រមានប្រឆាំងមនោសញ្ចេតនាជាតិនិយមជ្រុលដែលអាចធ្វើឲ្យអស្ថិរភាពក្នុងសង្គម។ ចំពោះជនជាតិវៀតណាមជាច្រើន ការកើនឡើងនូវមនោសញ្ចេតនាជាតិនិយម ធ្វើឲ្យនឹកឃើញព្រឹត្តិការណ៍នៅឆ្នាំ២០១៤ នៅពេលដែលកុបកររាប់ពាន់នាក់ បានវាយប្រហារក្រុមហ៊ុននានាដែលគេមើលឃើញថានៅក្រោមការត្រួតត្រារបស់ចិន បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានតម្លើងការដ្ឋានខួងប្រេងដ៏ធំមួយនៅក្នុងផ្ទៃទឹកដែលរដ្ឋាភិបាលទីក្រុងហាណូយ បានទាមទារថាជារបស់ខ្លួនដែរ។
នៅក្នុងការរិះគន់ដ៏កម្រមួយដែលទំនងបង្ហាញពីការមិនស្រុះស្រួលគ្នារវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងរដ្ឋាភិបាលទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ បណ្តាញព័ត៌មានវៀតណាម បានស្តីបន្ទោសសារព័ត៌មានរដ្ឋចិនចំពោះសេចក្តីរាយការណ៍មិនពិតថា លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម បានប្រាប់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅក្នុងប្រទេសម៉ុងហ្គោលីកាលពីសប្តាហ៍មុនថាវៀតណាម គោរពជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងស្តីពីការសម្រេចហើយនឹងចាប់អារម្មណ៍នៅក្នុងការធ្វើឲ្យជឿនលឿនដល់ការចរចាទ្វេភាគីស្តីពីផ្ទៃទឹកមានជម្លោះនោះ។
លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម កាលពីដំបូងបានស្វាគមន៍សេចក្តីសម្រេចនោះ ដោយនិយាយឡើងវិញពីការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងហាណូយដល់ដំណោះស្រាយជម្លោះសមុទ្រចិនខាងត្បូងតាមរយៈមធ្យោបាយសន្តិវិធី។ លោក Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឈប់និយាយថាតើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងដាក់ពាក្យប្តឹងប្រឆាំងនឹងការទាមទាររបស់ចិននោះដែរឬទេ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក២រូបគឺលោក John McCain មកពីរដ្ឋ Arizona និងជាប្រធានគណៈកម្មាធិការសេវាកម្មអាវុធរបស់ព្រឹទ្ធសភា និងលោក Dan Sullivan នៃរដ្ឋអាឡាស្កា «បានលើកទឹកចិត្តប្រទេសទាមទារនៅតំបន់សមុទ្រចិនខាងត្បូងដទៃទៀត រួមមានវៀតណាមឲ្យស្វះស្វែងរកដំណោះស្រាយប្រហាក់ប្រហែលគ្នាដល់ជម្លោះដែនសមុទ្រតាមរយៈតុលាការអាជ្ញាកណ្តាលអន្តរជាតិនិងតាមការចរចាក្នុងចំណោមភាគីនានា»។
នៅពេលសួរថាតើហេតុអ្វីបានជារដ្ឋាភិបាលទីក្រុងហាណូយ គួរស្វះស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ លោក Sullivan បានហៅដំណោះស្រាយនោះថាជា «មធ្យោបាយមួយដើម្បីដោះស្រាយដោយសន្តិវិធីដល់បញ្ហាប្រឈមក្នុងតំបន់»។
លោកសមាជិកព្រឹទ្ធសភា បានមានប្រសាសន៍ខណៈដែលធ្វើការឆ្លើយតបទៅនឹងសំណួរនៅឯសន្និសីទស្តីពីសមុទ្រចិនខាងត្បូង ដែលបានរៀបចំដោយមជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «សហរដ្ឋអាមេរិកបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើដំណោះស្រាយនេះដោយសន្តិវិធី។ ប្រសិនបើ មានឥរិយាបថពីចិនថា ខ្សែបន្ទាត់ព្រំដែនសមុទ្រដាច់ៗជា៩ចំណុចនៅតែមាន បន្ទាប់មកខ្ញុំ គិតថា ប្រទេសនានានឹងជំទាស់ប្រឆាំងដល់បញ្ហានេះ»។
នៅលើបណ្តាញសង្គមវិញ ជនជាតិវៀតណាមដែលប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតបានសម្តែងនូវការរំជួលចិត្តអំពីអ្វីដែលពួកគេមើលឃើញថាជាជ័យជម្នះរបស់រដ្ឋាភិបាលក្រុងម៉ានីលលើប្រទេសចិន ហើយជនជាតិវៀតណាមជាច្រើន បានចោទសួរថាតើវៀតណាម ត្រូវតែធ្វើតាម ប្តឹងការទាមទាររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែរឬទេ។
នៅក្នុងការបង្ហាញពីការសាមគ្គីភាពជាមួយប្រជាពលរដ្ឋហ្វីលីពីន ក្រុមសកម្មជនវៀតណាមនៅដើមសប្តាហ៍នេះ បានឈរនៅខាងក្រៅស្ថានទូតហ្វីលីពីនក្នុងទីក្រុងហាណូយដើម្បីសម្តែងនូវការគាំទ្រ។មុនពេលបាតុកម្មដ៏តូចមួយនេះ បានត្រូវបំបែក ពួកគេ បានកាន់ផ្លាកសញ្ញាមានន័យថា «អរគុណ ហ្វីលីពីន។ អ្នកមានរដ្ឋាភិបាលដ៏ក្លាហានមួយ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន