កាលពីសប្តាហ៍មុន តែប៉ុន្មានថ្ងៃក្រោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៃក្រុងឡាអេ ប្រទេសហូឡង់បានផ្តល់ជ័យជំនះឱ្យប្រទេសហ្វីលីពីននៅក្នុងបណ្តឹងរបស់ខ្លួនប្រឆាំងនឹងប្រទេសចិននៅក្នុងជម្លោះអំពីសិទ្ធិនៅក្នុងសមុទ្រចិនខាងត្បូង រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្តើមធ្វើយុទ្ធនាការទំនាក់ទំនងសាធារណៈធំមួយដើម្បីជំរុញគោលជំហររបស់ខ្លួន។
ផ្នែកមួយនៃយុទ្ធនាការរបស់ប្រទេសចិនមានរួមបញ្ចូលការបង្កើនការគាំទ្រអន្តរជាតិដើម្បីបរិហាររិះគន់សេចក្តីសម្រេចរបស់តុលាការនេះ និងទាក់ទងជាមួយប្រទេសជាតិឯទៀតៗឱ្យបញ្ចេញការទ្រទ្រង់របស់ពួកគេដល់រដ្ឋាភិបាលក្រុងប៉េកាំង។ ប្រទេសកម្ពុជាដែលបានទទួលជំនួយជាច្រើនពីប្រទេសចិនជាប្រទេសទីមួយដែលបានធ្វើដូចនេះ។
តើចិនអាចសម្រេចបានអ្វីខ្លះតាមរយៈការប្រើនូវអ្វីដែលគេហៅថា ការទូតនយោបាយការទូតដោយការផ្តល់ជំនួយនេះ?
លោក Curtis S. Chin ជាអ្នកស្រាវជ្រាវអំពីទ្វីបអាស៊ីនៅឯវិទ្យាស្ថាន Milken។លោកបាននិយាយថា៖ «ខ្ញុំយល់ថាប្រទេសចិន ក៏ដូចជាប្រទេសឯទៀតៗក្នុងពិភពលោកដែរ កំពុងខិតខំព្យាយាមជំរុញផលប្រយោជន៍ជាតិរបស់ផងខ្លួនផ្ទាល់ តាមរយៈជំនួយអភិវឌ្ឍន៍ តាមរយៈការទូត តាមរយៈកម្លាំងដោយមិនប្រើអាវុធរបស់ខ្លួន។ ដូច្នេះ ជាការច្បាស់លាស់ណាស់ នៅពេលលោកអ្នកក្រឡេកមើលអាស៊ីអាគ្នេយ៍ ប្រទេសចិនជាអ្នកមានមុខនាទីមួយនៅទីនោះ ទោះណាជាមានផលល្អបំផុតឬអាក្រក់បំផុតក៍ដោយ។ យើងឃើញមានការណ៍នេះនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសជាតិនានាក្នុងអាស៊ីអាគ្នេយ៍...ក៏ប៉ុន្តែជាការពិត នៅក្នុងទ្វីបអាស៊ីទាំងមូល ប្រទេសចិនជាដៃគូពាណិជ្ជកម្មមួយ ហើយដូច្នេះអ្វីដែលប្រទេសចិនកំពុងធ្វើក្នុងនយោបាយការទូតដោយប្រើរជំនួយរបស់ផងខ្លួន ជាការខិតខំព្យាយាមដោយពិតប្រាកដដើម្បីឱ្យមានមិត្តភ័ក្តិនិងដៃគូតាមរយៈការបណ្តាក់ទុនរបស់ខ្លួន»។
លោក Scott Harold នាយករងនៃមជ្ឈមណ្ឌលសម្រាប់គោលនយោបាយអាស៊ីប៉ាស៊ីហ្វិកនៅឯសាជីវកម្ម Rand និយាយថា រដ្ឋជាសមាជិកនៃសមាគមប្រទេសជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាសមាគមអាស៊ាន ជាទូទៅមាននិន្នាការចាត់ទុក អាស៊ានថាជាវិធីមួយសម្រាប់ពួករដ្ឋអាស៊ីអាគ្នេយ៍ដែលប្រទេសទាំងអស់នេះខ្សោយជាងពួកប្រទេសមហាអំណាចនៅជុំវិញខ្លួន គឺមានប្រទេសចិន ជប៉ុន, ស.រ.អា. ឥណ្ឌា រុស្ស៊ី និងប្រទេសអូស្ត្រាលី។ ពួករដ្ឋជាសមាជិកចាត់ទុកទម្រង់ អាស៊ាន ដូចជាវិធីមួយសម្រាប់ពួកប្រទេសជាតិក្នុងអាស៊ីអាគ្នេយ៍ដែលខ្សោយនិងតូចឱ្យមានឥទ្ធិពលជាងមុន»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោក Harold បានថ្លែងថាការចូលរួមក្នុងអាស៊ាន គ្រាន់តែជាផ្នែកមួយនៃការគិតគូរអំពីគោលនយោបាយការបរទេសរបស់រដ្ឋជាសមាជិកនីមួយៗ។
លោក Harold បាននិយាយថា៖ «ជាឧទាហរណ៍ ពួករដ្ឋជាសមាជិកដែលមានជម្លោះជាមួយប្រទេសចិនខិតខំព្យាយាមប្រមែប្រមូលពួកប្រទេសជិតខាងរបស់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ឱ្យព្រាងសេចក្តីថ្លែងការណ៍រួមគ្នាមួយ...»។ លោក Harold បានកត់សម្គាល់ថា ជាច្រើនដងមកហើយ ពួករដ្ឋជាសមាជិកខិតខំព្យាយាមធ្វើសកម្មភាពស្របគ្នាដើម្បីដោះស្រាយបញ្ហានានាដូចជាបញ្ហាក្នុងសមុទ្រចិនខាងត្បូងជាដើម។
លោក Harold បានមានប្រសាសន៍ថា៖ «ក៏ប៉ុន្តែនៅពេលដែលប្រទេសចិននិយាយច្បាស់លាស់ដល់រដ្ឋខ្លះដែលខ្សោយ តូចនិងពុករលួយថាខ្លួននឹងធ្វើឱ្យប្រទេសទាំងនេះបង់ខាតក្នុងការទាក់ទងជាមួយប្រទេសចិន នោះលោកអ្នកឃើញប្រទេសខ្លះដូចជាប្រទេសកម្ពុជានិងប្រទេសលាវជាដើមដកខ្លួនថយចេញពីការធ្វើឱ្យមានការមូលមតិគ្នាក្នុងចំណោមពួកប្រទេសអាស៊ាន»៕