រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានព្រមានប្រទេសអ៊ីរ៉ង់ពីបាញ់បង្ហោះផ្កាយរណបក្នុងទីអវកាសពីព្រោះតែបច្ចេកវិទ្យាដូចគ្នានេះអាចត្រូវបានប្រើប្រាស់ដើម្បីផ្ទុកកាំជ្រួចអន្តរទ្វីប។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សហរដ្ឋអាមេរិកនឹងមិនឈរឱបដៃមើលគោលនយោបាយបំផ្លិចបំផ្លាញរបស់របបអ៊ីរ៉ង់ដើម្បីដាក់ស្ថិរភាពនិងសន្តិសុខអន្តរជាតិស្ថិតក្នុងភាពគ្រោះថ្នាក់នោះទេ»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយបន្តទៀតថា៖ «យើងណែនាំរបបនោះឲ្យពិចារណាឡើងវិញនូវការបាញ់បង្ហោះបង្កហេតុហើយនឹងបញ្ឈប់សកម្មភាពទាំងអស់ដែលទាក់ទិនទៅនឹងកាំជ្រួចមីស៊ីលបាញ់ឆ្លងទ្វីបដើម្បីបញ្ចៀសភាពឯកោខាងសេដ្ឋកិច្ច និងការទូតកាន់តែខ្លាំងឡើង»។
អ៊ីរ៉ង់ត្រូវបានហាមឃាត់មិនឲ្យសាកល្បងកាំជ្រួចឆ្លងទ្វីបនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលក្រុងតេហេរ៉ង និងមហាអំណាចនាំមុខនៅឆ្នាំ២០១៥។
ឧត្តមសេនីយ Qassem Taqizadeh អនុរដ្ឋមន្រ្តីការពារប្រទេសអ៊ីរ៉ង់ ប្រាប់បណ្តាញផ្សាយព័ត៌មានរដ្ឋអ៊ីរ៉ង់កាលពីខែវិច្ឆិកាឆ្នាំមុនថា រដ្ឋាភិបាលក្រុងតេហេរ៉ង មានគម្រោងបាញ់បង្ហោះយានអវកាស (Space Launch Vehicles) ចំនួន៣គ្រឿងចូលក្នុងអវកាសក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។
អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា កម្មវិធីអវកាសរបស់ខ្លួនមានជាប់ទាក់ទិនទៅនឹងមហិច្ឆតានុយក្លេអ៊ែរ។ លោក Mohammad Javed Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានចុះផ្សាយនៅក្នុងប្រព័ន្ធ Twitter កាលពីថ្ងៃព្រហស្បត៍ម្សិលមិញថា៖ «ការបាញ់បង្ហោះយានអវកាស និងកាំជ្រួចមីស៊ីលមិនមែនជាការរំលោភសេចក្តីសម្រេចលេខ២២៣១នោះទេ»។
ក៏ប៉ុន្តែ ភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកនិយាយថា បច្ចេកវិទ្យាបាញ់បង្ហោះយានអវកាសអាចប្រែក្លាយទៅជាការផ្ទុកអាវុធនុយក្លេអ៊ែរបានយ៉ាងស្រួល៕