ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ថា ​អ៊ីរ៉ង​បង្កើន​សកម្មភាព​ផលិត​កាំជ្រួចមីស៊ីល​ផ្លោង​ឆ្លងទ្វីប


រូបឯកសារ៖ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo
រូបឯកសារ៖ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo

លោក​ Pompeo ​ថា​ សេចក្តីសម្រេច​លេខ ២២៣១​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​បាន​ដាក់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅក្នុង​ច្បាប់​អន្តរជាតិ អំពាវនាវ​ឲ្យ​ប្រទេសអ៊ីរ៉ង់​បញ្ឈប់​សកម្មភាពនានា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការផលិតកាំជ្រួច​ម៉ីស៊ីល​ផ្លោង​ឆ្លងទ្វីប​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពីថ្ងៃពុធ​ថា​សកម្មភាព​ផលិត​កាំជ្រួចម៉ីស៊ីល​ផ្លោងឆ្លងទ្វីប​របស់​អ៊ីរ៉ង់​បាន​កើនឡើង​កាន់​តែ​ខ្លាំង​ចាប់តាំង​ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥មក​ ដែល​កិច្ចព្រមព្រៀង​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

លោក Pompeo បាន​ប្រាប់​ក្រុមប្រឹក្សា​នៅឯ​កិច្ចប្រជុំ​ប្រចាំឆមាស​ ដើម្បី​ពិភាក្សា​អំពី​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថា​ អ៊ីរ៉ង់​បាន​កែងប្រវ័ញ្ច​លើ​សុច្ឆន្ទៈ​របស់​ប្រជាជាតិ​នានា​ និង​បាន​ជំទាស់​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​ផលិត​កាំជ្រួច​ម៉ីស៊ីល​ផ្លោងឆ្លង​ទ្វីប។ សហរដ្ឋអាមេរិក​នឹង​មិន​គាំទ្រ​ទង្វើ​នេះ​ទេ។ លោក​បាន​គូសបញ្ជាក់​ថា​សេចក្តីសម្រេច​លេខ ២២៣១​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​បាន​ដាក់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅក្នុង​ច្បាប់​អន្តរជាតិ អំពាវនាវ​ឲ្យ​ប្រទេសអ៊ីរ៉ង់​បញ្ឈប់​សកម្មភាពនានា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការផលិតកាំជ្រួច​ម៉ីស៊ីល​ផ្លោង​ឆ្លងទ្វីប​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន។

លោក Pompeoបាន​ថ្លែង​ទៀត​ថា​ នៅពេល​ដែល​យើង​អំពាវនាវ​ឲ្យ​ប្រទេសអ៊ីរ៉ង់​បញ្ឈប់​ផលិត​កាំជ្រួច​ម៉ីស៊ីល​ផ្លោងឆ្លងទ្វីប​ យើង​បាន​ព្រមព្រៀង​គ្នា​ថា​អ៊ីរ៉ង់​ត្រូវតែ​បញ្ឈប់​ក្នុង​ពេល​ឥឡូវ​នេះ។ សកម្មភាព​នានា​របស់​អ៊ីរ៉ង់​រួមមាន​ការបាញ់​សាកល្បង​កាំជ្រួច​ម៉ីស៊ីល​មិន​ត្រូវ​បាន​កាត់បន្ថយ​នោះទេ​ចាប់តាំង​ពី​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មក។ លោក​បាន​ថ្លែង​បន្ត​ថា សហរដ្ឋ​អាមេរិក​ចង់​ធ្វើការ​ជាមួយ​ប្រទេស​ជាសមាជិក​ទាំង១៤​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ដាក់​បម្រាម​ឲ្យ​ខ្លាំង​ជាងមុន​លើ​ការ​ផលិត​កាំជ្រួច​ម៉ីស៊ីល​ផ្លោងឆ្លង​ទ្វីប​របស់​អ៊ីរ៉ង ដែល​មាន​ចែង​នៅក្នុង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​កាល​ពី​លើកមុន​ ដែល​បាន​ដាក់​បម្រាម​មិន​ឲ្យ​អ៊ីរ៉ង់​ធ្វើ​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ការផលិត​កាំជ្រួចម៉ីស៊ីល​ដែល​មាន​លទ្ធភាព​អាច​បំពាក់ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន៕

XS
SM
MD
LG