ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani កាលពីថ្ងៃសៅរ៍បានអំពាវនាវឲ្យពួកមូស្លីមដែលរួមមានទាំងអ្នកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីដែលជាគូប្រជែងក្នុងតំបន់ រួមគ្នាប្រឆាំងនឹងសហរដ្ឋអាមេរិក។
លោកក៏បានហៅប្រទេសអ៊ីស្រាអែលថាជា«របបក្លែងក្លាយ»បង្កើតឡើងដោយបណ្តាប្រទេសលោកខាងលិច ហើយលោកបានប្រដូចការបង្កើតប្រទេសនេះបន្ទាប់ពីសង្គ្រាមលោកលើកទី២ ទៅនឹង«ដំបៅមហារីកនៅក្នុងតំបន់» ។
ថ្លែងនៅក្នុងសន្និសីទសាមគ្គីភាពប្រចាំឆ្នាំរបស់អ៊ីស្លាមនៅក្នុងទីក្រុងតេហេរ៉ង់ លោក Rouhani បាននិយាយថា សហរដ្ឋអាមេរិកចង់យកនៅមជ្ឈិមបូព៌ាធ្វើជាទាសករ។ លោកបាននិយាយថា ប្រទេសកាន់សាសនាឥស្លាមក្នុងតំបន់គួរតែឈប់ដាក់«កំរាលព្រំពណ៌ក្រហមទទួលឧក្រិដ្ឋជន»ដែលជាការរិះគន់បើកមុខប្រឆាំងប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសផ្សេងទៀតក្នុងតំបន់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
ប្រទេសអ៊ីរ៉ង់ដែលគ្របដណ្តប់ដោយអ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីតនិងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលគ្រប់គ្រងដោយស្តេចកាន់សាសនាឥស្លាមនិកាយស៊ុននី ជារឿយៗជាភាគីប្រឆាំងគ្នាក្នុងជម្លោះនៅមជ្ឈិមបូព៌ា។ រឿងដែលគួរកត់សំគាល់បំផុតនោះគឺប្រទេសអ៊ីរ៉ង់គាំទ្រក្រុមឧទ្ទាម Houthi នៅក្នុងសង្គ្រាមស៊ីវិលដែលកំពុងបន្តនៅប្រទេសយេម៉ែន។
រីឯប្រទេសអារ៉ាប៊ីសាអ៊ូឌីតដឹកនាំដោយក្រុមចម្រុះនៃប្រទេសកាន់សាសនាឥស្លាមនិកាយស៊ុននីគាំទ្ររដ្ឋាភិបាលយេម៉ែន។ ប្រទេសទាំងពីរមិនមានទំនាក់ទំនងការទូតរយៈពេលជិត៣ឆ្នាំមកហើយ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានប្រហារជីវិតពួកបព្វជិតស៊ីអ៊ីត។
បើទោះបីជាមានភាពខុសគ្នាទាំងនោះក៏ដោយ ក៏លោក Rouhani បាននិយាយថា ប្រទេសអ៊ីរ៉ង់ចាត់ទុកថា ប្រទេសអារ៉ាប៊ីសាអូឌីតជាបងប្អូន៕