រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ឡើងវិញអំពីភាពខ្លាំងក្លានៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែល និងអំពីការប្ដេជ្ញារបស់សហរដ្ឋអាមេរិកនៅក្នុងការតតាំងជាមួយនឹងការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់តាមរយៈការដាក់សម្ពាធជាអតិបរមាលើប្រទេសនេះ។
លោក Pompeo បញ្ជាក់ដូច្នេះក្នុងអំឡុងពេលពិសាអាហារពេលល្ងាចជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃចន្ទម្សិលមិញ។
លោក Pompeo បានធ្វើដំណើរទៅដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការអូតង់។
កិច្ចប្រជុំនេះបានធ្វើឡើងប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីលោក Pompeo បានព្រលះលើការសាកល្បងគ្រាប់ផ្លោងមីស៊ីលចម្ងាយមធ្យមរបស់អ៊ីរ៉ង់។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានជំរុញផងដែរឲ្យបណ្ដាមេដឹកនាំប្រទេសនៅទ្វីបអឺរ៉ុបអនុម័តការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ បន្ទាប់ពីលោក Pompeo បាននិយាយថា អ៊ីរ៉ង់បានសាកល្បងគ្រាប់ផ្លោងមីស៊ីលនេះកាលពីថ្ងៃសៅរ៍។
លោក Brain Hook បេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់ បានប្រាប់អ្នកកាសែតនៅពេលលោកធ្វើដំណើរជាមួយលោក Pompeo ទៅចូលរួមកិច្ចប្រជុំរបស់អង្គការអូតង់ថា៖ «សហរដ្ឋអាមេរិកចង់ឃើញសហភាពអឺរ៉ុបចាត់វិធានការដាក់ទណ្ឌកម្មលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់។
លោក Hook បានបន្ថែមថា៖ «សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរួចហើយលើបុគ្គល និងអង្គភាពមួយចំនួន ដែលគាំទ្រកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់។ យើងគិតថា ទណ្ឌកម្មទាំងនោះអាចមានប្រសិទ្ធភាព ប្រសិនបើបណ្ដាប្រទេសជាច្រើនទៀតអាចចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងរឿងនេះ»៕