ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Harris ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​​កោះ​ហ្វីលីពីន​នៅ​ជិត​ដែន​ទឹក​ដែល​ចិន​ទាមទារ


នៅក្នុង​រូបថត​ដែល​ផ្តល់​ឱ្យ​ដោយ​​កងឆ្មាំ​សមុទ្រ​ហ្វីលីពីន អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris លើក​ដៃគ្រវី​ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទៅកាន់​ទីក្រុង Puerto Princesa ប្រទេស​ហ្វីលីពីន ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅក្នុង​រូបថត​ដែល​ផ្តល់​ឱ្យ​ដោយ​​កងឆ្មាំ​សមុទ្រ​ហ្វីលីពីន អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris លើក​ដៃគ្រវី​ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទៅកាន់​ទីក្រុង Puerto Princesa ប្រទេស​ហ្វីលីពីន ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris បាន​បំពេញ​ទស្សនកិច្ច​នៅ​ថ្ងៃ​អង្គារ​នេះ​ទៅ​កាន់​កោះ​មួយ​របស់​ប្រទេស​ហ្វីលីពីន​នៅ​ជិត​ដែន​ទឹក​ដែល​ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់ ដើម្បី​បង្ហាញ​ការ​គាំទ្រដល់​ប្រទេស​ហ្វីលីពីន​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​មួយ​របស់​សហរដ្ឋ​អាមេរិក​និង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់​ចិន​នៅ​ក្នុង​តំបន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រី Harris គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ Palawan នៅ​ភាគ​ខាង​លិច​ប្រទេស​ហ្វីលីពីន ដែល​មាន​ចម្ងាយ​ជិត​បំផុត​ទៅ​នឹង​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​សមុទ្រ​មាន​ជម្លោះ​ដ៏​ក្ដៅ​គគុក។

ប្រទេស​ចិន​បាន​ទាមទារ​អធិបតេយ្យភាព​លើ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ស្ទើរតែ​ទាំង​អស់​និង​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ដែល​ថា​ ការ​ទាមទារ​របស់​ចិន​នេះ​មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់។ ប្រទេស​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ​ក៏​បាន​ទាមទារ​ផ្នែក​មួយ​ចំនួន​ផង​ដែរ​ដែល​ជាន់​គ្នា​ជាមួយ​នឹង​ការ​ទាមទារ​របស់​ចិន។

អ្នកស្រី Harris បាន​ជួប​ជាមួយ​នឹង​អ្នក​នេសាទ​នៅ​ក្នុង​ភូមិ​ជាប់​មាត់​សមុទ្រ​មួយ​កន្លែង​និង​សមាជិក​នៃ​កង​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ហ្វីលីពីន។

អ្នកស្រី​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា៖ «ច្បាប់​និង​បទដ្ឋាន​អន្តរជាតិ» ត្រូវតែ​គោរព ហើយ​ការ​សម្រេច​របស់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ការ​ច្រានចោល​ការ​ទាមទារ​របស់​ចិន​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ត្រូវតែ​គោរព​ផងដែរ។

អ្នកស្រី Harris បាន​និយាយ​នៅ​លើ​នាវា​របស់​កង​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ហ្វីលីពីន​ថា៖ «សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​មាន​ផលប្រយោជន៍​ខ្លាំងក្លា​លើ​អនាគត​នៃ​តំបន់​នេះ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ក្នុង​នាម​ជា​សម្ពន្ធមិត្ត​មួយ សហរដ្ឋ​អាមេរិក​ឈរនៅ​ជាមួយ​នឹង​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​គំរាមកំហែង​និង​ការ​បង្ខិតបង្ខំ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Harris ទៅ​កាន់​កោះ Palawan នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​អ្នកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. នៅ​ក្នុង​ទីក្រុង​ម៉ានីល។

អ្នកស្រី Harris បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​តាំងចិត្ត «ឥត​ងាករេ» របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​ប្រទេស​ហ្វីលីពីន ប្រសិនបើ​នាវា ​ឬ​ក៏​យន្តហោះ​ណា​មួយ​របស់​ហ្វីលីពីន​ត្រូវ​បាន​វាយ​ប្រហារ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG