នៅថ្ងៃព្រហស្បតិ៍នេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានថ្កោលទោសវោហារសាស្ត្រកាន់តែខ្លាំងឡើងរបស់ប្រទេសកូរ៉េខាងជើងរឿងនុយក្លេអ៊ែរនិងការសាកល្បងអាវុធរបស់ប្រទេសនេះ បន្ទាប់ពីប្រទេសនេះបានសាកល្បងមីស៊ីលកាលពីយប់ថ្ងៃពុធ។
អ្នកស្រី Harris បានជួបពិភាក្សាជាមួយនឹងលោក Yoon បន្ទាប់ពីបានធ្វើដំណើរទៅដល់រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅចំពេលដែលស្ថានការណ៍នៅក្នុងតំបន់កំពុងពុះកញ្ជ្រោលឡើងទាក់ទិននឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនិងសកម្មភាពរបស់ប្រទេសចិននៅច្រកសមុទ្រតៃវ៉ាន់។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី Harris ទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកនេះបានធ្វើឡើងនៅចំពេលដែលប្រទេសកូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ។ មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃពុធថា កូរ៉េខាងជើងបានត្រៀមលក្ខណៈចប់សព្វគ្រប់រួចរាល់ហើយដើម្បីសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួននៅរវាងថ្ងៃទី ១៦ ខែតុលានិងថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខ។
សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «អ្នកស្រី Harris និងលោក Yoon បានថ្កោលទោសវោហារសាស្ត្របែបបង្កហេតុរបស់ប្រទេសកូរ៉េខាងជើងរឿងនុយក្លេអ៊ែរនិងការសាកល្បងគ្រាប់ផ្លោងមីស៊ីលរបស់ប្រទេសនេះ»។
សេតវិមានបានបន្ថែមថា៖ «អ្នកស្រី Harris និងលោក Yoon បានពិភាក្សាអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងចំពោះការបង្កហេតុណាមួយដែលអាចធ្វើឡើងនៅពេលអនាគត ដែលក្នុងនោះរួមមានទាំងតាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយនឹងប្រទេសជប៉ុនផងដែរ»។
សេតវិមានបានបញ្ជាក់បន្តថា អ្នកស្រី Harris និងលោក Yoon បានអះអាងជាថ្មីអំពីគោលបំណងរួមនៃការធ្វើឱ្យមានការលុបបំបាត់ទាំងស្រុងនៃអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ខុទ្ទកាល័យរបស់លោក Yoon បានលើកឡើងថា ប្រសិនបើប្រទេសកូរ៉េខាងជើងបន្តទៅមុខនូវការបង្កហេតុធ្ងន់ធ្ងរដូចជាការសាកល្បងនុយក្លេអ៊ែរជាដើម កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានឯកភាពគ្នានៅក្នុងការអនុវត្តភ្លាមៗនូវ «វិធានការតបតទៅវិញរួមគ្នាដែលបានត្រៀមរួចជាស្រេច»។
ទាក់ទិននឹងរឿងតៃវ៉ាន់ អ្នកស្រី Harris បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់គឺជា «ផ្នែកដ៏សំខាន់មួយនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ»។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
នៅថ្ងៃព្រហស្បតិ៍នេះដែរ បន្ទាប់ពីជំនួបជាមួយនឹងលោក Yoon នេះ អ្នកស្រី Harris បានធ្វើទស្សនកិច្ចលើកដំបូងបង្អស់របស់អ្នកស្រីទៅកាន់តំបន់គ្មានយោធា (DMZ) នៅព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។
ជំនួយការរបស់អ្នកស្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់តំបន់ DMZ នេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញការតាំងចិត្តមិនងាករេផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកូរ៉េខាងត្បូង។
នៅឯតំបន់ DMZ នោះ អ្នកស្រី Harris បានបន្តថ្កោលទោសប្រទេសកូរ៉េខាងជើង ដោយអ្នកស្រីបាននិយាយថា៖ «នៅប្រទេសកូរ៉េខាងជើង យើងឃើញមានរបបផ្ដាច់ការឃោរឃៅ ការរំលោភសិទ្ធិមនុស្សរាលដាល និងកម្មវិធីអាវុធខុសច្បាប់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាព»៕
អ្នកស្រី Harris និងលោក Yoon ថ្កោលទោសការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងពិភាក្សាអំពីរឿងតៃវ៉ាន់
- Reuters
- William Gallo
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —