ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Harris ថា ឥរិយាបថ​គឃ្លើន​របស់​ចិន​ប៉ះពាល់​ដល់ «របៀប​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់»


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris រៀបចំ​កិច្ចពិភាក្សា​តុមូល​មួយ​ជាមួយ​នឹង​នាយកប្រតិបត្តិ​ជំនួញ​ជប៉ុន​ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក semiconductor នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២។
អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris រៀបចំ​កិច្ចពិភាក្សា​តុមូល​មួយ​ជាមួយ​នឹង​នាយកប្រតិបត្តិ​ជំនួញ​ជប៉ុន​ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក semiconductor នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ពុធ​នេះ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris បាន​ព្រលះ​ដាក់​គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​ចិន​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្រៅ​រាជធានី​តូក្យូ ប្រទេស​ជប៉ុន ដោយ​អ្នកស្រី​បាន​និយាយ​ថា ឥរិយាបថ​បែប​គឃ្លើន​របស់​រដ្ឋាភិបាល​ចិន​កំពុង​គំរាម​កំហែង​ដល់ «របៀប​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់»។

អ្នកស្រី Harris បាន​លើកឡើង​ដូច្នេះ​នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​ទាហាន​សហរដ្ឋ​អាមេរិក​នៅ​លើ​នាវា​ពិឃាត USS Howard របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដែល​ចត​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក Yokosuka ដែល​ជា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ធំ​ជាង​គេ​បង្អស់​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក។

អ្នកស្រី Harris បាន​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​ចិន​កំពុង​បំផ្លាញ​ដល់​ផ្នែក​សំខាន់ៗ​នៃ​របៀប​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់។ ប្រទេស​ចិន​បាន​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ចំពោះ​សេរីភាព​នៅ​ឯ​សមុទ្រ។ ប្រទេស​ចិន​បាន​ដំឡើង​អំណាច​យោធា​និង​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​បង្ខិតបង្ខំ​និង​គំរាមកំហែង​ប្រទេស​ជិតខាត​របស់​ខ្លួន»។

អ្នកស្រី Harris ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នោះ ក៏​បាន​រិះគន់​ផងដែរ​លើ «ឥរិយាបថ​បែប​បង្ក​ជម្លោះ» របស់​ប្រទេស​ចិន «នៅ​សមុទ្រ​ចិន​ខាង​កើត​និង​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​បង្កហេតុ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់»។

អ្នកស្រី Harris បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​ជឿ​ថា សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ​ជា​កត្តា​សំខាន់​មួយ​របស់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ។ យើង​នឹង​បន្ត​ធ្វើ​ការ​ហោះហើរ ធ្វើ​នាវាចរណ៍ និង​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​ញញើត​និង​ខ្លបខ្លាច​ស្រប​តាម​ច្បាប់​អន្តរជាតិ​មិន​ថា​នៅ​កន្លែង​ណា​និង​ពេល​ណា​នោះ​ទេ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​នឹង​បន្ត​ប្រឆាំង​នឹង​ការ​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ជា​ឯកតោភាគី​ណា​មួយ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន [នៅ​ច្រក​សមុទ្រ​តៃវ៉ាន់]។ ហើយ​យើង​នឹង​បន្ត​គាំទ្រ​ការ​ការពារ​ខ្លួន​របស់​តៃវ៉ាន់ ស្រប​តាម​គោល​នយោបាយ​ជា​យូរ​មក​ហើយ​របស់​យើង។ តៃវ៉ាន់​គឺ​ជា​កោះ​ប្រជាធិបតេយ្យ​ដ៏​រស់រវើក​មួយ​ដែល​រួម​ចំណែក​ដល់​ផល​ប្រយោជន៍​សាកលលោក​តាំងពី​វិស័យ​បច្ចេកវិទ្យា​រហូត​ដល់​វិស័យ​សុខាភិបាល​និង​វិស័យ​ផ្សេងៗ​ទៀត ហើយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ឱ្យ​ទំនាក់ទំនង​មិន​ផ្លូវការ​រវាង​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់​កាន់តែ​ស៊ី​ជម្រៅ​ជាង​មុន​បន្ថែម​ទៀត»។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក អ្នកស្រី Harris នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង ដែល​នៅ​ទីនោះ អ្នកស្រី​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​គ្មាន​យោធា (DMZ) នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG