ប្រទេសថៃមានបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួនជាមួយប្រទេសជាច្រើនខណៈពេលមេដឹកនាំពិភពលោកកំពុងត្រៀមចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ APEC នៅក្នុងរាជធានីបាងកកប្រទេសថៃនៅក្នុងសប្តាហ៍នេះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏ក្រុមអ្នកវិភាគមួយចំនួនលើកឡើងថាជាមួយនឹងភាពតានតឹងខាងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងខ្ពស់រវាងសហរដ្ឋអាមេរិកនិងប្រទេសចិនក៏ដូចជាសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនផងដែរនោះថៃកំពុងសម្លឹងមើលនូវផលប្រយោជន៍របស់ខ្លួនផ្ទាល់នៅក្នុងព្រឹត្តិការណ៍ នៃកិច្ចប្រជុំនេះ។
វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឬ APEC គឺជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននិងមានសមាជិកសរុបចំនួនទាំងអស់២១ប្រទេសហើយមន្ត្រីជាន់ខ្ពស់និងតំណាងនានានឹងជួបពិភាក្សាគ្នាដោយផ្តោតទៅលើបញ្ហាជាច្រើន ដូចជាបញ្ហាពាណិជ្ជកម្ម សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាពនិងការគាំទ្រសហគ្រាសជំនួញជាដើម។
កិច្ចប្រជុំកំពូលនៃវេទិកា APEC នេះ នឹងធ្វើឡើងពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ ហើយនឹងធ្វើជាអធិបតីភាពដោយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-Cha នៅឯមជ្ឈមណ្ឌលសន្និបាតជាតិរបស់ព្រះមហាក្សត្រីយ៉ានី Sirikit ក្នុងរាជធានីបាងកក ប្រទេសថៃ។ ប្រធានាធិបតីចិនលោក Xi Jinping នឹងចូលរួមនៅក្នុងជំនួបកំពូលនេះ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងមិនបានចូលរួមនោះទេ ដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris នឹងចូលរួមជំនួសលោក Joe Biden វិញ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏មិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះដែរ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីទី១របស់រុស្ស៊ីគឺលោក Andrei Belousov នឹងធ្វើជាតំណាងឱ្យប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំនេះ។ នេះបើតាមការចេញផ្សាយរបស់បណ្តាញព័ត៌មាននានា។
សម្រាប់ប្រទេសថៃដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះបានជ្រើសរើសយកប្រ ធានបទ«ការលើកកម្ពស់សេដ្ឋកិច្ចជីវចម្រុះឬ BCG Economy សម្រាប់កិច្ចប្រជុំនេះ ដែលជាគំរូនៃការរីកចម្រើនមួយដែលប្រើប្រាស់វិទ្យាសាស្ត្រ ការច្នៃប្រឌិតនិងបច្ចេកវិទ្យាក្នុងការប្រើប្រាស់ជាអតិបរមានៃប្រភពធនធាន រក្សាប្រព័ន្ធអេកូនិងកាត់បន្ថយកាកសំណល់ក្នុងកិច្ចប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យជំនួញ និងទប់ទល់ទៅនឹងការប្រឈមបរិស្ថាន។
លោក Thitinan Pongsudhirak សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Chulalongkornក្នុងរាជធានីបាងកកបានប្រាប់វីអូអេថាថៃចង់ឃើញBCG ជាកេរដំណែលមួយនិងការចងចាំសម្រាប់វេទិការបស់ APECនេះ។
សាស្ត្រាចារ្យថៃរូបនេះបានបន្ថែមទៀតថា៖ «លោកនាយករដ្ឋមន្ត្រីថៃមិនមានអ្វីច្រើនដែលត្រូវបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលនេះទេ ប៉ុន្តែក្រោមកាលៈទេសៈដ៏ប្រសើរមួយនឹងយុទ្ធសាស្ត្រនៃការរីកចម្រើននិងផែនការច្បាស់លាស់ថាតើថៃចង់ស្ថិតក្នុងទីតាំងណាមួយនៅលើផែនទីសាកលលោកនោះ ថៃនឹងទទួលបាននូវផលប្រយោជន៍ជាច្រើនពីកិច្ចប្រជុំនេះ។ លោក Prayutខ្លួនឯងមិនមែនជាអ្នកប៉ិនប្រសប់ខាងគោលនយោបាយការបរទេសឬយុទ្ធសាស្ត្រសេដ្ឋកិច្ចអ្វីនោះទេ លោកគ្រាន់តែធ្លាប់ធ្វើអគ្គមេបញ្ជាការយោធាម្នាក់ប៉ុណ្ណោះ៕