ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​អាមេរិក​បញ្ជាក់​ពី​​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សន្តិសុខ​តំបន់​ក្នុង​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី


អ្នកស្រី​ Kamala Harris ​អនុ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​​​ និង​​​លោក​ Lee Hsien Loong ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​​មួយ​នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ ២០២១។
អ្នកស្រី​ Kamala Harris ​អនុ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​​​ និង​​​លោក​ Lee Hsien Loong ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​​មួយ​នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ ២០២១។

លោកស្រី​ Kamala Harris ​អនុ​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​អំពី​អ្វី​ដែល​លោកស្រី​ហៅ​ថា​« ចក្ខុវិស័យ​រួម​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ»។​ លោកស្រី​ថ្លែង​ដូច្នេះ​ពេល​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​ដំណើរ​ដ៏ខ្លី​ទៅ​តំបន់​អាស៊ីអាគ្មេយ៍។​

ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក​ Lee Hsien Loong ​លោក​ស្រី​ Harris បាន​សង្កត់​ធ្ងន់​លើ​ការ​ប្តេជ្ញា​របស់​អាមេរិក​ចំពោះ​តំបន់​នេះ​និង​ធ្វើការ​ជាមួយ​សម្ព័ន្ធ​មិត្ត​ដើម្បី​«រក្សា​សណ្តាប់​ធ្នាប់​អន្តរជាតិ​និង​សេរីភាព​នាវាចរណ៍​ រួមទាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ»។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​« មូលហេតុ​ដែល​ខ្ញុំនៅ​ទីនេះ​គឺ​ដោយសារ​តែ​សហ​រដ្ឋ​អាមេរិក​គឺ​ជា​មេដឹកនាំ​ពិភព​លោក​ ហើយ​យើង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​តួនាទី​នេះ»។​

លោកស្រី​ថ្លែង​ថា​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ​រួមមាន​ការ​ផ្តោត​អារម្មណ៍​យ៉ាង​ទូលំ​ទូលាយ​លើ​វិបត្តិ​អាកាសធាតុ​រួម​ជាមួយ​តម្រូវការ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​បញ្ចប់​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​និង​ដើម្បី​ការពារ​កុំឱ្យ​កើត​មាន​ឡើង​បញ្ហា​បែប​នេះ​ទៀត​នាពេល​អនាគត។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖« ជំងឺ​រាតត្បាត​បាន​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ការ​ធ្វើការ​រួមគ្នា​ជា​ដៃគូ​លើ​បញ្ហា​សុខភាព​ពិភពលោក»។

លោកស្រី​Harri​គ្រោង​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃអង្គារ​ជាមួយ​មេ​ដឹកនាំ​អាជីវកម្ម​នៅ​សិង្ហបុរី​ដែល​ជាផ្នែក​មួយ​នៃ​កិច្ចខិត​ខំប្រឹង​ប្រែង​រួមគ្នា​ដើម្បី​ពង្រឹង​សង្វាក់​ផ្គត់ផ្គង់។​

សហរដ្ឋ​អាមេរិក​និង​សិង្ហបុរី​ក៏បាន​យល់​ព្រម​សហ​ការ​គ្នា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កំណត់​អត្តសញ្ញាណ​មេរោគ​បំប្លែង​ថ្មី​និង​ដើម្បី​បង្កើន​ការ​ត្រៀមខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​ផងដែរ។​

នៅ​ព្រឹក​ថ្ងៃច័ន្ទ​ លោកស្រី​បាន​ចូល​រួម​ក្នុង​ពិធី​ស្វាគមន៍​និង​បាន​ជួប​លោក​ប្រធានាធិបតី​ Halimah Yacob ។​

នៅ​យប់​ថ្ងៃ​អង្គារ​ លោកស្រី​ Harris ​នឹង​ទៅ​ដល់​ប្រទេស​វៀតណាម​ដោយ​បាន​ក្លាយ​ជា​អនុប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​ហាណូយ​ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វែងរក​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើន​ឡើង​លើ​ពិភពលោក។​

ដំណើរ​ទស្សន​កិច្ច​របស់​លោកស្រី​កើត​ឡើង​បន្ទាប់ពី​ដំណើរ​ទស្សន​កិច្ច​កាលពី​ចុងខែ​កក្កដា​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Lloyd Austin ​ទៅកាន់​ប្រទេស​ទាំងពីរ​នេះ ​ហើយ​នឹង​ប្រទេស​ហ្វីលីពីន​ហើយ​នឹង​ការ​ប្រជុំ​តាម​អនឡាញ​របស់​លោក​ Antony Blinken ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​កាលពី​ថ្ងៃទី​៤ ​ខែសីហា​ជាមួយ​សមភាគី​មកពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​សមាជិក​១០​ ប្រទេស​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ៕​

(លោក Ralph Jennings ​រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ)

XS
SM
MD
LG