អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូងដោយពង្រឹងការដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខអំឡុងទស្សនកិច្ចរបស់អ្នកស្រីទៅប្រទេសវៀតណាមនិងសិង្ហបូរីនៅខែនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកស្រី Harris គឺជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកទីមួយទៅទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្វះស្វែងបង្កើនការគាំទ្រអន្តរជាតិដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ចិន។
មន្ត្រីសហរដ្ឋអាមេរិករូបនេះបាននិយាយទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានមើលឃើញប្រទេសទាំង២ជាដៃគូដ៏សំខាន់ដោយពិចារណាអំពីទីតាំងទំហំសេដ្ឋកិច្ចចំណងទាក់ទងពាណិជ្ជកម្មនិងដៃគូសន្តិសុខលើបញ្ហានានាដូចជាសមុទ្រចិនខាងត្បូងដែលចិនបានទាមទារស្ទើរតែទាំងអស់។
វៀតណាមដែលជាអតីតសត្រូវរបស់សហរដ្ឋអាមេរិកបានក្លាយជាអ្នកប្រឆាំងយ៉ាងខ្លាំងដល់ការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសនានានៅក្នុងតំបន់ភាគច្រើនបានទទួលស្វាគមន៍វត្តមានយោធារបស់សហរដ្ឋអាមេរិកនៅទីនោះនៅពេលប្រទេសចិនប្រើយោធានៅផ្លូវទឹកនិងកងការពារឆ្នេរសមុទ្រនិងទូកនេសាទ។
មន្ត្រីសេតវិមាននេះបាននិយាយថា៖«យើងមិនចង់ឃើញប្រទេសណាមួយត្រួតត្រាតំបន់នោះឬទាញយកផលប្រយោជន៍ដោយអំណាចដើម្បីធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ។អ្នកស្រីអនុប្រធានាធិបតីនឹងគូសបញ្ជាក់ថាគួរតែអនុញ្ញាតការធ្វើពាណិជ្ជកម្មឆ្លងកាត់ទូទាំងសមុទ្រចិនខាងត្បូងហើយមិនគួរមានប្រទេសណាមួយគោរពសិទ្ធិប្រទេសដទៃឡើយ»។
កងទ័ពជើងទឹកអាមេរិកបានរក្សាស្ថិរភាពនៃប្រតិបត្តិការនាវាចរណ៍នៅសមុទ្រចិនខាងត្បូងនិងក្បែរកោះតៃវ៉ាន់ប៉ុន្តែហាក់ដូចជាបន្ថយមហិច្ឆតារដ្ឋាភិបាលក្រុងប៉េកាំងបានតិចតួចប៉ុណ្ណោះ។ទស្សនកិច្ចរបស់អ្នកស្រី Harris ធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin កាលពីសប្តាហ៍មុនទៅកាន់ទីក្រុងហាណូយដើម្បីព្យាយាមជំរុញទំនាក់ទំនងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ៕