បន្ទាប់ពីបានទៅដល់ទ្វីបអាស៊ីកាលពីថ្ងៃអាទិត្យ អ្នកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃច័ន្ទក្នុងដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរីថាសហរដ្ឋអាមេរិកកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងជម្លៀសចេញនៅប្រទេសអាហ្វហ្គានីស្ថានហើយថានឹងមានពេលច្រើនទៀតដើម្បីវិភាគបរិបទនៃការដកកងទ័ពចេញនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកស្រី Harris បានជួបជាមួយលោក Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរីនិងលោកប្រធានាធិបតី Halimah Yacob ក្នុងទស្សនកិច្ចដែលមានបំណងពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការទប់ទល់ឥទ្ធិពលរបស់ប្រទេសចិនខាងផ្នែកសេដ្ឋកិច្ចនិងសន្តិសុខដែលកំពុងកើនឡើង។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីអ្នកស្រី Harris បាននិយាយថា៖ «នឹងមានពេលច្រើនដើម្បីវិភាគអំពីអ្វីដែលបានកើតឡើងក្នុងបរិបទនៃការដកទ័ពចេញពីអាហ្វហ្គានីស្ថាន។ប៉ុន្តែឥឡូវនេះយើងផ្តោតជាចម្បងលើការជម្លៀសពលរដ្ឋអាមេរិកជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការជាមួយយើងនិងជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះរួមទាំងស្ត្រីនិងកុមារហើយនោះគឺជាការផ្តោតសំខាន់តែមួយរបស់យើងនៅពេលនេះ»។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានរងការរិះគន់ទាំងក្នុងនិងក្រៅប្រទេសអំពីចំណាត់ការរបស់លោកដកទ័ពអាមេរិកនិងការជម្លៀសដ៏វឹកវរបន្ទាប់ពីការចូលកាន់កាប់យ៉ាងឆាប់រហ័សរបស់ក្រុមតាលីបង់។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បាននិយាយថា៖ «យើងសង្ឃឹមថាអាហ្វហ្គានីស្ថាននឹងមិនក្លាយជាមជ្ឈមណ្ឌលនៃអំពើភេរវកម្មម្តងទៀតទេ»។ លោកបន្ថែមថាសិង្ហបុរីបានផ្តល់យន្តហោះដឹកជញ្ជូនដើម្បីជួយការជម្លៀសនេះ។
ផ្នែកមួយនៃភារកិច្ចរបស់អ្នកស្រី Harris អំឡុងទស្សនកិច្ចនេះគឺធ្វើឱ្យមេដឹកនាំនៅសិង្ហបុរីនិងវៀតណាមជឿជាក់ថាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះអាស៊ីអាគ្នេយ៍គឺរឹងមាំហើយមិនដូចនៅអាហ្វហ្គានីស្ថានឡើយ។
អ្នកស្រី Harris អនុប្រធានាធិបតីអាមេរិកថ្លែងថា៖ «ថ្ងៃនេះយើងស្ថិតនៅប្រទេសសិង្ហបុរីដើម្បីសង្កត់ធ្ងន់និងបញ្ជាក់ជាថ្មីនូវទំនាក់ទំនងយូរអង្វែងរបស់យើងចំពោះប្រទេសនេះនិងចំពោះតំបន់នេះនិងដើម្បីពង្រឹងឡើងវិញនូវចក្ខុវិស័យរួមគ្នាដើម្បីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលសេរីនិងបើកចំហ»។
ក្នុងអំឡុងទស្សនកិច្ចលើកដំបូងរបស់អ្នកស្រីទៅសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្នាក់តំបន់អ្នកស្រី Harris ក៏នឹងឈាងចូលមូលដ្ឋានយោធាជើងទឹក Changi ជាទីដែលអ្នកស្រីនឹងថ្លែងទៅកាន់នាវិកសហរដ្ឋអាមេរិកនៅលើនាវា USS Tulsa ផងដែរ។នៅល្ងាចថ្ងៃអង្គារ អ្នកស្រី Harris នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម៕