ដំណើរទស្សនកិច្ចរបស់អ្នកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិកទៅប្រទេសសិង្ហបុរីនិងវៀតណាមដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនឹងបង្ហាញថាសហរដ្ឋអាមេរិកមិនបោះបង់ចោលតំបន់នេះខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្វែងរកការគាំទ្រជាអន្តរជាតិទប់ទល់ឥទ្ធិពលចិនដែលកើនឡើងក្នុងពិភពលោក។នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស្រី Harris នឹងក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតរបស់អាមេរិកទៅទស្សនកិច្ចតំបន់នេះចាប់តាំងពីលោកប្រធានាធិបតី Joe Biden ឡើងកាន់តំណែងកាលពីខែមករាដោយសន្យាថានឹងពង្រឹងសម្ព័ន្ធភាពដែលសហរដ្ឋអាមេរិកចាត់ទុកថាជាគន្លឹះទប់ទល់ការពង្រីករបស់ប្រទេសចិន។
មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីដើមខែនេះថាអ្នកស្រីនឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូងពង្រឹងការដឹកនាំរបស់អាមេរិកនិងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។
ទស្សនកិច្ចនេះគាប់ជួននឹងភាពវឹកវរនៅប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការសម្រេចចិត្តរបស់លោក Biden ដកកងទ័ពអាមេរិកចេញពីសង្គ្រាមរយៈពេល២០ឆ្នាំ។ ផែនការនេះរងការរិះគន់ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។មន្រ្តីរូបនេះបាននិយាយថាអ្នកស្រី Harris នឹងបន្តធ្វើការលើបញ្ហាទាក់ទងនឹងប្រទេសអាហ្វហ្គានីស្ថានខណៈអ្នកស្រីបំពេញទស្សនកិច្ចនៅតំបន់អាស៊ី។
អ្នកស្រី Harris នឹងទៅដល់ប្រទេសសិង្ហបុរីនៅថ្ងៃអាទិត្យ។ អ្នកស្រីនឹងក្លាយជាអនុប្រធានាធិបតីស្រ្តីអាមេរិកទីមួយទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃអង្គារហើយចាកចេញនៅថ្ងៃព្រហស្បតិ៍។
អំឡុងទស្សនកិច្ចនេះអ្នកស្រីនឹងជួបលោក Halimah Yacob ប្រធានាធិបតីសិង្ហបុរីលោកនាយករដ្ឋមន្រ្តី Lee Hsien Loong។ អ្នកស្រីក៏នឹងរៀបចំកិច្ចពិភាក្សាអំពីសង្វាក់ផ្គត់ផ្គង់ជាមួយអ្នកតំណាងមកពីវិស័យឯកជននិងរដ្ឋាភិបាលផងដែរ។
នៅក្នុងទីក្រុងហាណូយអ្នកស្រីនឹងជួបថ្នាក់ដឹកនាំរួមមានលោកប្រធានាធិបតីNgyuen Xuan Phuc និងលោកនាយករដ្ឋមន្រ្តីPham Ming Chinhហើយដឹកនាំគណៈប្រតិភូអាមេរិកបើកការិយាល័យប្រចាំតំបន់នៃទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ (CDC)៕