ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​របស់​លោក John Lewis នឹង​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​សភា​រដ្ឋ Georgia

រូបឯកសារ៖ សមាជិក​នៃ​យោធា​អាមេរិក សែង​មឈូស​របស់​លោក John Lewis មក​តម្កល់​នៅ​ក្នុង​អាគារ​ដែល​មាន​ដំបូល​មូល​ក្រឡូម​នៃ​វិមាន​សភា​កាពីតុល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

កាល​នៅ​មាន​ជីវិត លោក Lewis ធ្វើ​ជា​សមាជិក​សភា​តំណាង​ឲ្យ​រដ្ឋ Georgia អស់​រយៈពេល ៣៣ ឆ្នាំ។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋ Georgia នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​នឹង​ផ្ដល់​កិត្តិយស​ជូន​សព​របស់​លោក John Lewis ដែល​ជា​សមាជិក​សភា និង​ជា​និមិត្តិរូប​សិទ្ធិ​ស៊ីវិល​សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​រៀបចំ​ពិធី​នៅ​វិមាន​សភា​រដ្ឋ Georgia ក្នុង​ទីក្រុង Atlanta ដែល​នៅ​ទី​នោះ អ្នក​កាន់ទុក្ខ​អាច​មាន​ឱកាស​ដើម្បី​គោរព​សព​លោក​ជា​លើក​ចុងក្រោយ។

សព​របស់​លោក Lewis នឹង​តម្កល់​សម្រាប់​សាធារណជន​ចូល​គោរព​នៅ​ក្នុង​អាគារ​ដែល​មាន​ដំបូល​មូល​ក្រឡូម​នៃ​វិមាន​សភា​រដ្ឋ Georgia នៅ​ពេល​រសៀល​ថ្ងៃ​ពុធ​នេះ។ ដើម្បី​រក្សា​តាម​ការ​ណែនាំ​បង្ការ​ជំងឺ​កូវីដ១៩ អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​ដែល​ចូលរួម​ត្រូវ​ពាក់​ម៉ាស់។

លោក Lewis បាន​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​ក្នុង​អាយុ ៨០ ឆ្នាំ បន្ទាប់ពី​បាន​ទប់ទល់​នឹង​ជំងឺ​មហារីក​លំពែង​ដំណាក់កាល​ចុងក្រោយ​អស់​រយៈពេល​មួយ​ឆ្នាំ​មក។

កាល​នៅ​មាន​ជីវិត លោក Lewis ធ្វើ​ជា​សមាជិក​សភា​តំណាង​ឲ្យ​រដ្ឋ Georgia អស់​រយៈពេល ៣៣ ឆ្នាំ។

អភិបាល​រដ្ឋ Georgia លោក Brian Kemp បាន​បញ្ជាក់​នៅ​ក្នុង​បទបញ្ជា​ប្រតិបត្តិ​មួយ​ថា៖

«បន្ថែម​ទៅ​នឹង​ការ​ប្ដូរផ្ដាច់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គាប​សង្កត់​និង​ភាព​ស្អប់​គុំកួន លោក Lewis បាន​តំណាង​ឲ្យ​សង្កាត់​ទី ៥ នៃ​រដ្ឋ Georgia នៅ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អស់​រយៈពេល ១៧ អាណត្តិ។ នៅ​ពេល​ដែល​យើង​កាន់ទុក្ខ​ការ​ស្លាប់​របស់​លោក យើង​ផ្ដល់​កិត្តិយស​ដល់​ការបូជា​របស់​លោក​ចំពោះ​ពលរដ្ឋ​អាមេរិកាំង ហើយ​យើង​គោរព​ចំពោះ​ការ​ប្រឹងប្រែង​របស់​លោក​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ពិភពលោក​ជា​វិជ្ជមាន​តាម​វិធី​ជ្រាលជ្រៅ​ធំធេង​គ្មាន​ព្រំដែន​កំណត់»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG