លោក John Robert Lewis ដែលជាជ័យលាភីទាមទារសិទ្ធិសម្រាប់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅ បានស្លាប់ក្នុងវ័យ ៨០ ឆ្នាំ។ លោកបានទទួលមរណភាពកាលពីថ្ងៃសុក្រ ដោយសារជំងឺមហារីកលំពែង។ លោក John Lewis កើតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៤០ នៅក្រៅទីក្រុង Troy រដ្ឋ Alabama។ លោកគឺជាកូនរបស់អ្នកប្រវាស់ស្រែ និងបានធំដឹងក្ដីនៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលជាតំបន់ប្រកាន់ស្បែកសនិយម។ លោក Lewis បានតស៊ូដើម្បីភាពស្មើគ្នានៃប្រាក់ចំណូលសម្រាប់ជាតិសាសន៍ភាគតិច កំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌ សុវត្ថិភាពនៃការប្រើប្រាស់កាំភ្លើង និងការធានារ៉ាប់រងសុខភាពសម្រាប់ពលរដ្ឋគ្រប់រូប៕
កម្រងរូបភាព VOA៖ លោក John Lewis ពីមេដឹកនាំសិទ្ធិពលរដ្ឋទៅជាសមាជិករដ្ឋសភា (១៩៤០-២០២០)

១
លោក John Lewis បង្ហាញរូបលោកលើទស្សនាវដ្ដី Life Magazine ចេញផ្សាយខែមីនា ឆ្នាំ ១៩៦៥ នៅក្នុងការិយាល័យរបស់លោក ក្នុងក្រុង Atlanta រដ្ឋ Georgia ថ្ងៃទី ៧ ខែសីហា ឆ្នាំ១៩៨៦។

២
លោក John Lewis ដែលកាលពីពេលនោះគឺជាគណៈកម្មាធិការនិស្សិតអហិង្សា ត្រូវបានកងកម្លាំងសន្ដិសុខរដ្ឋ Alabama វាយ ដើម្បីបំបែកហ្វូងបាតុករនៅក្រុង Selma។ លោក Lewis បានរងគ្រោះប្រេះឆ្អឹងលលាដ៍ក្បាល ថ្ងៃទី ៧ ខែមីនា ឆ្នាំ១៩៦៥។

៣
លោក John Lewis (ស្ដាំបង្អស់) ដើរកៀកដៃជាមួយនឹងក្រុមមេដឹកនាំទាមទារសិទ្ធិពលរដ្ឋដទៃទៀត ដឹកនាំការតវ៉ាទាមទារសិទ្ធិឲ្យពលរដ្ឋស្បែកខ្មៅ ដោយដើរដង្ហែក្បួនទៅកាន់សាលាក្ដីក្នុងក្រុង Montgomery រដ្ឋ Alabama ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៦៥។

៤
លោក John Lewis ឈរឱបដៃស្ដាប់លោក Wilson Baker (បែរខ្នង) ដែលជានាយកផ្នែកសុវត្ថិភាពសាធារណៈ ព្រមានអំពីគ្រោះថ្នាក់នៃការតវ៉ានៅពេលយប់នៅក្នុងក្រុង Selma រដ្ឋ Alabama ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥។

៥
លោក John Lewis (ឆ្វេងបង្អស់) រួមជាមួយនឹងបណ្ដាមេដឹកនាំទាមទារសិទ្ធិពលរដ្ឋស្បែកខ្មៅដទៃទៀត ដឹកនាំពិធីហែបុណ្យសពលោក Jimmie Lee Jackson សកម្មជនសិទ្ធិពលរដ្ឋស្បែកខ្មៅ នៅក្រុង Marion រដ្ឋ Alabama កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ១៩៦៥។

៦
លោក John Lewis (ទីមួយរាប់ពីឆ្វេង) ជួបប្រជុំជាមួយនឹងមេដឹកនាំទាមទារសិទ្ធិពលរដ្ឋដទៃទៀតដែលរួមមានទាំងលោក Martin Luther King ដើម្បីរៀបចំការតវ៉ាទាមទារសិទ្ធិឲ្យពលរដ្ឋស្បែកខ្មៅ ហៅថា "March on Washington" ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៥។

៧
ក្រុមមេដឹកនាំសិទ្ធិពលរដ្ឋ ដែលរួមមានទាំងលោក John Lewis និងលោក Martin Luther King Jr. ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីជួបជាមួយនឹងលោកប្រធានាធិបតី John F. Kennedy ថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៦៣។

៨
ក្រុមមេដឹកនាំទាមទារសិទ្ធិពលរដ្ឋ ដែលរួមមានទាំងលោក John Lewis (ឈរនៅក្រោយចំកណ្ដាល) ជួបជាមួយនឹងលោកប្រធានាធិបតី John F. Kennedy នៅសេតវិមាន ក្រោយពីការតវ៉ា March on Washington បញ្ចប់ រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៦៣។

៩
អតីតប្រធានាធិបតីលោក Barack Obama (ស្ដាំ) កាន់ដៃលោក John Lewis (ឆ្វេង) ដើរឆ្លងកាត់ស្ពាន Edmund Pettus Bridge ដើម្បីប្រារព្ធខួបទី ៥០ នៃការទាមទារសិទ្ធិពលរដ្ឋ នៅក្រុង Selma រដ្ឋ Alabama ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៥។

១០
លោក John Lewis សមាជិករដ្ឋសភាតំណាងរដ្ឋ Georgia ខាងគណបក្សប្រជាធិបតេយ្យ ឈរថតរូបនៅមុខសម្រង់សម្ដីរបស់លោកដែលនិយាយថា៖ «បើយើងមិនធ្វើវា តើនរណានឹងធ្វើវា? បើមិនធ្វើវាពេលនេះ តើចាំដល់ពេលណា?»។

១១
លោក John Robert Lewis ដែលជាជ័យលាភីទាមទារសិទ្ធសម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ទទួលមេដាយសេរីភាពពីលោកប្រធានាធិបតី Barack Obama នៅក្នុងឆ្នាំ ២០១១។

១២
ពលរដ្ឋនាំគ្នាយកផ្កាមកដាក់នៅជិតរូបគំនូរលោក John Lewis ក្នុងក្រុង Atlanta រដ្ឋ Georgia ក្រោយពីលោកទទួលមរណភាព កាលពីថ្ងៃសុក្រ ទី ១៧។ អក្សរលើរូបគំនូរនេះសរសេរថា «វីរបុរស»។