ថ្នាក់ដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅថ្ងៃច័ន្ទនេះ ដើម្បីជ្រើសរើសបេក្ខជនម្នាក់ជំនួសលោក John Lewis ដែលទើបបានទទួលមរណភាព កាលពីថ្ងៃសុក្រ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅខែវិច្ឆិកាខាងមុខ។
អ្នកនាំពាក្យម្នាក់បាននិយាយថា គិតត្រឹមល្ងាចថ្ងៃអាទិត្យម្សិលមិញ ដែលជាកាលបរិច្ឆេទផុតកំណត់ បេក្ខជនចំនួន ១៣១ នាក់ បានដាក់ពាក្យដើម្បីឲ្យគណបក្សប្រជាធិបតេយ្យពិចារណាជ្រើសរើស។
គណៈកម្មាធិការតែងតាំងនឹងជ្រើសរើសបេក្ខជនចម្រាញ់ចុងក្រោយប្រហែលពី ៣ ទៅ ៥ នាក់ ហើយបន្ទាប់មក គណៈកម្មាធិការមួយដែលមានឥស្សរជនខាងគណបក្សប្រជាធិបតេយ្យចំនួន ៤៤ រូបជាសមាជិក នឹងបោះឆ្នោតសម្រេចជ្រើសរើសបេក្ខជនចុងក្រោយ។
បេក្ខជនដែលនឹងត្រូវបានជ្រើសរើសនឹងទៅប្រកួតជាមួយនឹងបេក្ខជនខាងគណបក្សសាធារណរដ្ឋអ្នកស្រី Angela Stanton-King នៅខែវិច្ឆិកាខាងមុខ។
លោក Lewis បានបំពេញការងារជាសមាជិកសភាបាន ១៧ អាណត្តិ។ លោកបានស្លាប់កាលពីថ្ងៃសុក្រក្នុងអាយុ ៨០ ឆ្នាំ បន្ទាប់ពីទប់ទល់ជាមួយនឹងជំងឺមហារីកលំពែងដំណាក់កាលធ្ងន់ធ្ងរអស់រយៈពេលមួយឆ្នាំមក។
អភិបាលរដ្ឋ Georgia មានអំណាចនៅក្នុងការអំពាវនាវឲ្យមានការបោះឆ្នោតពិសេសមួយ ដើម្បីបំពេញរយៈពេលប៉ុន្មានខែដែលនៅសេសសល់នៃអាណត្តិបច្ចុប្បន្នរបស់លោក Lewis៕