សពរបស់លោក John Lewis ដែលជាសមាជិករដ្ឋសភា និងជានិមិត្តរូបសិទ្ធិស៊ីវិលរបស់សហរដ្ឋអាមេរិក នឹងត្រូវគេតម្កល់ជាសាធារណៈនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃច័ន្ទនេះ និងថ្ងៃអង្គារស្អែក ដែលនេះគឺជាកិត្តិយសដ៏ខ្ពស់បំផុតមួយដែលពលរដ្ឋអាមេរិកាំងអាចទទួលបាន។
លោក Lewis បានស្លាប់កាលពីសប្ដាហ៍មុនក្នុងអាយុ ៨០ ឆ្នាំ បន្ទាប់ពីបានទប់ទល់នឹងជំងឺមហារីកលំពែងដំណាក់កាលចុងក្រោយពេញមួយឆ្នាំមក។
ដើម្បីរក្សាសុវត្ថិភាពទាក់ទិននឹងជំងឺកូវីដ១៩ សពរបស់លោក Lewis នឹងត្រូវតម្កល់នៅជាន់ខ្ពស់បំផុតនៃផ្នែកខាងកើតរបស់វិមានសភា ដូច្នេះសាធារណជនអាចមកគោរពបានដោយសុវត្ថិភាពនៅខាងក្រៅ ដោយគោរពតាមគោលការណ៍ណែនាំរក្សាគម្លាត និងពាក់ម៉ាស់។
សពរបស់លោក Lewis ត្រូវបានតម្កល់ជាសាធារណៈនៅក្នុងទីក្រុង Montgomery រដ្ឋ Alabama កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋនៃរដ្ឋកំណើតរបស់លោកអាចគោរពសពលោកជាលើកចុងក្រោយបាន។
បន្ទាប់ពីតម្កល់ជាសាធារណៈនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សពរបស់លោក Lewis នឹងត្រូវបញ្ជូនទៅតម្កល់ជាសាធារណៈនៅក្នុងវិមានសភារដ្ឋ Georgia ក្នុងទីក្រុង Atlanta នៅថ្ងៃពុធខាងមុខ មុនពេលពិធីបុណ្យសពចុងក្រោយរបស់លោកធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នៅវិហារគ្រិស្ដសាសនា Ebenezer Baptist Church។ សពរបស់លោកនឹងត្រូវបញ្ចុះនៅទីបញ្ចុះសព South View Cemetery ក្នុងទីក្រុង Atlanta៕