ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ទោះ​មាន​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាង​ជើង​ក៏ដោយ


រូបភាពឯកសារ៖ ទាហាន​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​ប្រឆាំង​ភេរវករ​ក្នុងទីក្រុង​សេអ៊ូល​ កាលពីថ្ងៃទី​១៨​ សីហា ២០១៦។
រូបភាពឯកសារ៖ ទាហាន​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​ប្រឆាំង​ភេរវករ​ក្នុងទីក្រុង​សេអ៊ូល​ កាលពីថ្ងៃទី​១៨​ សីហា ២០១៦។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្ដើម​នូវ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន នៅ​ក្រោម​ការ​គំរាមកំហែង​សងសឹក​ដោយ​កម្លាំង​យោធា​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។

កងកម្លាំង​សហរដ្ឋ​អាមេរិក​ចំនួន​ប្រហែល ២ ម៉ឺន ៥ ពាន់​នាក់ និង​ទាហាន​កូរ៉េ​ខាង​ត្បូង ៥ ម៉ឺន​នាក់ បាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​សមយុទ្ធ​យោធា Ulchi Freedom ដែល​មាន​រយៈពេល ២ សប្ដាហ៍។ ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នេះ ជា​ទូទៅ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ការ​ខឹង​សម្បារ។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​អះអាង​ថា ខ្លួន​មើល​ឃើញ​សមយុទ្ធ​នេះ​ថា​ជា​ការ​ហាត់សម​ដើម្បី​ត្រៀម​ធ្វើ​ការ​ឈ្លានពាន​ប្រទេស​កូរ៉េ​ខាង​ជើង​ពេញ​ទំហឹង ទោះបីជា​មាន​ការ​បញ្ជាក់​អះអាង​ពី​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ក្នុង​លក្ខណៈ​ការពារ​ខ្លួន​ក៏ដោយ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ទាហាន​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជាក់​ថា កង​ទាហាន​វាយប្រហារ​ទី​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ត្រៀម​រួច​រាល់​ហើយ​ក្នុង​ការ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្លាយជា​គំនរ​ផេះផង់​តាម​រយៈ​ការ​វាយប្រហារ​អាវុធ​នុយក្លេអ៊ែរ​ការពារ​ទប់ទល់​តាម​ស្ទីល​របស់​កូរ៉េ​មួយ ប្រសិនបើ​អធិបតេយ្យភាព​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គំរាមកំហែង​នោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​ប្រទេស​កូរ៉េ​ទាំង​ពីរ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក Jeong Joon-hee បាន​និយាយ​ថា៖ «យើង​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បំភ្លៃ​ការ​ពិត និង​បាន​ចោទប្រកាន់​ការ​ធ្វើ​សមយុទ្ធ​ការពារ​ខ្លួន​ប្រចាំ​ឆ្នាំ​របស់​ពួក​យើង​ថា​ជា​ការ​ឈ្លានពាន​ប្រទេស​កូរ៉េ​ខាង​ជើង។ យើង​ចាត់ទុក​សកម្មភាព​ និង​ការ​លើកឡើង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​គំរាមកំហែង​ពួក​យើង​ដោយ​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះ ជា​សកម្មភាព​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត ដែល​មិន​គួរ​លើកឡើង​នោះ​ទេ‍»។

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​របស់​ខ្លួន។ ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​កាន់តែ​ឡើង​កម្ដៅ​ផង​ដែរ បន្ទាប់ពី​មន្ត្រី​ទូត​ជាន់​ខ្ពស់​លោក Thae Yong Ho របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG