ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងសន្យា​មិន​ចុះ​ចាញ់​នឹង​សម្ពាធ​បញ្ហា​សន្តិសុខ​ជាតិ


ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​អ្នកស្រី​ Park Geun-hye (កណ្តាល) បង្ហាញ​ការ​គោរព​ក្នុង​ពិធី​មួយ​ដើម្បី​ប្រារព្ធ​ ថ្ងៃ​រំដោះ​កូរ៉េ​ពីអាណានិគម​ជប៉ុនក្នុង​ឆ្នាំ​១៩៤៥ នៅឯមជ្ឈមណ្ឌល​វប្បធម៌ Seong ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃច័ន្ទទី ១៥ សីហា ២០១៦។
ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​អ្នកស្រី​ Park Geun-hye (កណ្តាល) បង្ហាញ​ការ​គោរព​ក្នុង​ពិធី​មួយ​ដើម្បី​ប្រារព្ធ​ ថ្ងៃ​រំដោះ​កូរ៉េ​ពីអាណានិគម​ជប៉ុនក្នុង​ឆ្នាំ​១៩៤៥ នៅឯមជ្ឈមណ្ឌល​វប្បធម៌ Seong ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃច័ន្ទទី ១៥ សីហា ២០១៦។

មេដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Park Geun Hye បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោកស្រី​ក្នុង​ការ​តម្លើង​នូវ​ប្រព័ន្ធ​ការពារ​មីស៊ីល​ ដែល​ហៅ​ថា THAAD និង​បាន​ដាក់​ការ​ផ្តោត​ខ្លាំង​ថ្មី​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុង​ពេល​លោកស្រី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃ​ច័ន្ទ​នេះ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​រយ​នាក់​មកពី​តំបន់​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​គ្រោង​នឹង​តម្លើង​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ​បាន​កោរ​សក់​របស់​ពួកគេ​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នេះ។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ដើម្បី​ប្រារព្ធ​ខួប​ទី ៧១ នៃ​ការ​រំដោះ​ឧបទ្វីប​កូរ៉េ​នៅ​ពេល​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​មាន​ប្រសាសន៍​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​មិន​ចុះញ៉ម​ជាមួយ​នឹង​សម្ពាធ​ពី​ខាង​ក្រៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។

លោកស្រី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «យើង​មិន​គួរ​គិត​ថា វាសនា​របស់​ប្រទេស​យើង​ត្រូវ​បាន​កំណត់​ដោយ​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​របស់​មហា​អំណាច​ខ្លាំងៗ​នៅ​ជុំវិញ​យើង​នោះ​ទេ។ ត្រូវ​ឈប់​មាន​គំនិត​ធ្វើ​ជា​ជនរងគ្រោះ និង​លះបង់​នូវ​គំនិត​ទុទ្ទិដ្ឋិនិយម​ចេញ‍»។

ភាព​តានតឹង​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​តំបន់​ឧបទ្វីប​កូរ៉េ ចាប់តាំង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​អនុវត្ត​នូវ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ទី ៤ កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ និង​បាន​បាញ់​ជា​បន្ត​បន្ទាប់​ក្រោយៗ​មក​ទៀត។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយតប​នឹង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​មុន ដោយ​ប្រកាស​ពី​ការ​តម្លើង​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ការ​វិវត្តន៍​មួយ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ក៏​ដូចជា​ការ​រិះគន់​ពី​ប្រទេស​ចិន​ផង​ដែរ។

លោកស្រី Park ថា៖ «ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ជើង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បង្កហេតុ និង​ការ​គំរាមកំហែង​សំដៅ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏​ដូចជា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផលិត​នូវ​អាវុធ​ប្រល័យ​លោក‍»។

លោកស្រី​ក៏​ព្រមាន​ប្រទេស​កូរ៉េ​ខាង​ជើង​ថា ការ​ប៉ុនប៉ង​ទាំងឡាយ​ណា​ដែល​មាន​គោល​បំណង​ចង់​បង្កហេតុ និង​គំរាម​កំហែង​ប្រទេស​កូរ៉េ​ខាងជើង​នឹង​ជះ​ផល​អវិជ្ជមាន​វិញ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង។

ភាព​តានតឹង​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ម្តង​ទៀត នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ចុង​ខែ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG