ប្រទេសអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានរកឃើញសាកសពមនុស្សប្រមាណជាង១.២០០នាក់នៅក្នុងតំបន់ទីក្រុងកៀវជាទីកន្លែងដែលកងទ័ពរុស្ស៊ីត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃយង់ឃ្នងនៅក្នុងអំឡុងពេលនៃការកាន់កាប់នៅទីនោះកាលពីខែមុន ខណៈពេលដែលពលរដ្ឋអ៊ុយក្រែន កំពុងនាំគ្នាសម្រុកចាកចេញពីតំបន់ភាគខាងកើតអ៊ុយក្រែន មុនការវាយប្រហារដ៏ខ្លាំងមួយដែលត្រូវគេរំពឹងទុកពីសំណាក់កងទ័ពរុស៊្សី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ។
ការបាញ់ផ្លោងយ៉ាងខ្លាំងបានកើតមានឡើងនៅចុងសប្តាហ៍នេះ ដែលបណ្តាឲ្យមានជនរងគ្រោះនឹងអ្នកស្លាប់កើតមានឡើងបន្ថែមទៀតនៅក្នុងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលមានរយៈពេលជាង៦សប្តាហ៍កន្លងមកនេះ។
ការបាញ់ផ្លោងនោះ បានសម្លាប់មនុស្ស២នាក់នៅក្នុងទីក្រុង Kharkiv ភាគឦសាន្តកាលពីព្រឹកថ្ងៃអាទិត្យដែលជាទីក្រុងធំបង្អស់ទី២របស់អ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អភិបាលតំបន់លោក Oleg Sinegoubov គឺមួយថ្ងៃបន្ទាប់ពីអាជ្ញាធរនិយាយថា ជនស៊ីវិលចំនួន១០នាក់ដែលរួមមានកុមារម្នាក់ផងដែរ បានស្លាប់ដោយសារគ្រាប់ផ្លោងរបស់រុស្ស៊ីនៅភាគអាគ្នេយ៍នៃទីក្រុងនេះ។ លោកបានបង្ហោះសារនៅលើបណ្តាញTelegramថា «កងកម្លាំងរុស្ស៊ី បានបន្តការធ្វើសង្គ្រាមទៅលើជនស៊ីវិល ដោយសារតែខ្លួនពុំបានទទួលជោគជ័យនៅលើសមរភូមិជួរមុខ»។
ដោយឡែកនៅក្នុងទីក្រុងDniproដែលជាទីក្រុងឧស្សហកម្មដ៏ធំនិងមានប្រជាជនរស់នៅប្រមាណ១លាននាក់នោះ គ្រាប់មីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ បានបំផ្លាញព្រលានយន្តហោះក្នុងទីក្រុងនោះស្ទើរទាំងស្រុង ដោយបណ្តាលឲ្យមានជនរងគ្រោះនិងអ្នកបាត់បង់ជីវិតមួយចំនួន។ នេះបើតាមការឲ្យដឹងរបស់ក្រុមអាជ្ញាធរអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្កោលទោសទៅលើអំពើផ្សៃប្រឆាំងនឹងជនស៊ីវិល ហើយបន្ទាប់ពីបានជួបជាមួយអធិការបតីអាល្លឺម៉ង់លោកOlaf Scholz រួចមក មេដឹកនាំទាំង២បានយល់ស្របគ្នាថា អ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ត្រូវតែរកឲ្យឃើញនិងត្រូវទទួលទណ្ឌកម្ម។
អគ្គរដ្ឋអាជ្ញារអ៊ុយក្រែនលោកស្រី Iryna Venediktova បាននិយាយថា អ៊ុយក្រែន កំពុងពិនិត្យមើលលើអ្នកពាក់ព័ន្ធមន្ត្រីរុស្ស៊ីប្រមាណ៥០០នាក់ដែលក្នុងនោះក៏មានប្រធានាធិតីរុស្ស៊ីលោក Vladimir Putinផងដែរដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមរាប់ពាន់ករណីនៅក្នុងប្រទេសអ៊ុយក្រែន។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានសន្យាថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីធានាឲ្យមានការទទួលខុសត្រូវទៅលើអ្វីដែលលោកហៅថា ជាអំពើព្រៃផ្សៃទៅលើមហាជននោះ។
នៅឯវិមានវ៉ាទីកង់ឯណោះវិញ សម្តេចPope Francis បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយនៅក្នុងអំឡុងពេលនៃពិធីបុណ្យប៉ាបដើម្បីត្រួសត្រាយផ្លូវឲ្យមានសន្តិភាពនិងបានថ្កោលទោសទៅលើសង្គ្រាមដែលជនស៊ីវិលដែលគ្មានអ្វីការពារខ្លួននោះ បានទទួលរងនូវការឈឺ ចាប់ពីការកាប់សម្លាប់រង្គាលនិងអំពើព្រៃផ្សៃសាហាវយង់ឃ្នង។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky និយាយថា ពលរដ្ឋអ៊ុយក្រែននៅតំបន់ភាគខាងកើតប្រទេសនេះចំនួនរាប់ពាន់នាក់កំពុងរត់គេចពីផ្ទះសម្បែងរបស់ពួកគេ ខណៈកងកម្លាំងអ៊ុយក្រែនកំពុងត្រៀមខ្លួនប្រយុទ្ធដ៏សំខាន់ ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ខ្លួនបានកត់ត្រាជនរងគ្រោះប្រមាណ៤.២៣២នាក់ដែលក្នុងនោះមានអ្នកស្លាប់ចំនួន១.៧៩៣នាក់និងអ្នករងរបួសប្រមាណ២.៤៣៩នាក់៕
អ៊ុយក្រែនថា សាកសពមនុស្សប្រមាណ១.២០០នាក់ ត្រូវបានរកឃើញនៅជិតរដ្ឋធានីកៀវ
ទីក្រុង Kramatorsk ប្រទេសអ៊ុយក្រែន —