ប្រទេសអ៊ុយក្រែនកំពុងបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយប្រជាជាតិនានានៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីទំនាក់ទំនងអន្តរជាតិដ៏សំខាន់មួយជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននៅចុងសប្ដាហ៍នេះនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ត្រូវគេរំពឹងថានឹងចុះហត្ថលេខាដោយផ្ទាល់ដៃនៅលើលិខិតុបករណ៍ស្ដីពីការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា TAC ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំអាស៊ានមួយចំនួនទៀត។
សន្ធិសញ្ញា TAC គឺជាសន្ធិសញ្ញាសន្តិភាពបង្កើតឡើងនៅឆ្នាំ១៩៧៦ដោយសមាជិកស្ថាបនិកសមាគមន៍អាស៊ានដោយបានបញ្ចូលគោលការណ៍សំខាន់ៗមួយចំនួនដូច ជាការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដីនិងអត្តសញ្ញាណរបស់ប្រជាជាតិដែលជាសមាជិកនៃសន្ធិសញ្ញានេះ។
វាជាការវិវត្តផ្នែកការទូតមួយដែលសមាជិកទាំង១០របស់សមាគមអាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែនដែលមិនមែនជាសមាជិករបស់ខ្លួនទៅក្នុងសន្ធិសញ្ញាសន្តិភាព និងសហប្រតិបត្តិការ TAC នេះ។ អាស៊ានមិនត្រូវបានតម្រូវឲ្យចូលរួមផ្ដល់ជំនួយជាសម្ភារៈឬផ្នែកហិរញ្ញវត្ថុទៅកាន់អ៊ុយក្រែនដែលកំពុងស្ថិតក្នុងសមរភូមិនោះទេ។
មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់វីអូអេថា៖ «ការចូលជាសមាជិកសន្ធិសញ្ញា TAC មិនតម្រូវឱ្យអាស៊ានផ្ដល់ជំនួយទៅអ៊ុយក្រែននោះទេ។ សន្ធិសញ្ញានេះជាក្រមប្រតិបត្តិក្នុងការអនុវត្តទំនាក់ទំនងអន្តរជាតិ វាមិនមែនជាកិច្ចព្រមព្រៀងដើម្បីផ្ដល់ជំនួយទៅប្រទេសណាមួយនោះទេ»។
គិតត្រឹមខែសីហា ឆ្នាំ២០២២ សន្ធិសញ្ញាសន្តិភាពនេះមានប្រទេសហត្ថលេខីចំនួន៤៩ ដោយរួមមានទាំងប្រទេសរុស្ស៊ី ចិន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបផងដែរ។
លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី ២៦ ខែតុលានៅក្នុងសិក្ខាសាលាមួយដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិថា៖ «ខ្ញុំមានការរីករាយនិងសូមជម្រាបថា យើងបានអញ្ជើញរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនដើម្បីមកចុះហត្ថលេខាលើសន្ធិសញ្ញាTAC នៅក្រុងភ្នំពេញនៅក្នុងពេល២សប្ដាហ៍ខាងមុខនេះនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធរបស់អាស៊ាន»។
កម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននិងជំនួបកំពូលអាស៊ីបូព៌ានៅឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹងមានវត្តមាននៅទីក្រុងភ្នំពេញដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ីបូព៌ាក្នុងនាមប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។
កាលពីខែមីនា កម្ពុជាបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនហើយបានបន្ទោតាមការអំពាវនាវដែលគាំទ្រដោយអាស៊ានស្នើឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយកាលសប្ដាហ៍មុនថា ក្រសួងការបរទេសកម្ពុជាបានយល់ព្រមរៀបចំឲ្យមានជំនួបពិភាក្សារវាងរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងជំនួបកំពូលខាងមុខ ប៉ុន្តែ ភាគីទាំងពីរមិនបានបង្ហាញឆន្ទៈចូលរួមក្នុងកិច្ចសន្ទនានេះទេ។
លោក Daniel Kritenbrink មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបាននិយាយពីតំបន់អាស៊ីក្នុងអំឡុងព្រឹត្តិការណ៍ដដែលនោះថា៖ «វត្តមានរបស់អ៊ុយក្រែននៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងបង្ហាញពីភាពជាអ្នកដឹកនាំក្នុងការថែរក្សាសន្តិភាពនិងការដោះស្រាយជម្លោះរបស់អាស៊ាន និងការគាំទ្រជាយូរមកហើយសម្រាប់ការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដី»។
ប្រទេសកម្ពុជានិងអ៊ុយក្រែនបានព្រមព្រៀងបង្កើតទំនាក់ទំនងការទូតមួយ បន្ទាប់ពីការពិភាក្សាគ្នាតាមទូរសព្ទមួយរវាងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃទី ១ ខែវិច្ឆិកា។
ប្រទេសទាំងពីរនេះនឹងចាត់តាំងឯកអគ្គរដ្ឋទូតដើម្បីពង្រឹងចំណងការទូត។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក៏បានយល់ព្រមបញ្ជូនក្រុមដោះមីន ដោយសហការជាមួយនឹងរដ្ឋាភិបាលជប៉ុន ដើម្បីជួយអ៊ុយក្រែនដោះមីនក្រោមដីដែលកងកម្លាំងរុស្ស៊ីបានកប់ ក្នុងអំឡុងការឈ្លានពាន។
ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានមីនច្រើនបំផុតមួយក្នុងពិភពលោកអំឡុងសង្រ្គាមស៊ីវិលរយៈពេលជិត ៣០ ឆ្នាំ ដែលបានបញ្ចប់ទៅក្នុងឆ្នាំ ១៩៩៨។ ជាការតបស្នង ប្រទេសអ៊ុយក្រែនគ្រោងនឹងបង្កើនការនាំចេញគ្រាប់ធុញ្ញជាតិមកកម្ពុជា អំឡុងវិបត្តិស្បៀងអាហារសកល។
អាស៊ានមិនមានមតិរួបរួមមួយលើការឈ្លានពានរបស់រុស្ស៊ីក្នុងអ៊ុយក្រែននៅឡើយទេ។
លើកលែងតែប្រទេសសិង្ហបុរី ប្រទេសនានាក្នុងអាស៊ានមិនបានបង្ហាញជំហរប្រឆាំងអ្វីឡើយ គ្រារុស្ស៊ីបានចាប់ផ្តើមឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈនោះ។
នៅពេលបង្ហាញពីក្តីបារម្ភចំពោះសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន ប្រទេសជាសមាជិកអាស៊ានដែលពឹងលើអាវុធពីរុស្ស៊ីមិនបានថ្កោលទោសលើលោក Putin ទេ។
សមាជិកអាស៊ានបីរួមមានវៀតណាម ថៃ និងឡាវ បានបោះឆ្នោតអនុប្បវាទលើការថ្កោលទោសដល់ការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីកាន់កាប់តំបន់បន្ថែមក្នុងប្រទេសអ៊ុយក្រែន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែតុលា៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណរិទ្ធ និងកញ្ញា ទុំ ម្លិះ